ចម្រៀងបក្សជួងចេញថ្មី «យើងជាកញ្ជះ» រៀបរាប់រឿងអយុត្តិធម៌របស់ពលរដ្ឋខ្មែរ (វីដេអូ)

ចម្រៀងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចេញថ្មីទៀតហើយ គឺមានចំណងជើងថាយើងជាកញ្ជះ ដែលបានរៀបរាប់ពីសង្គមដ៏អយុត្តិធម៌ និងត្រូវការការផ្លាស់ប្ដូរ បើទោះបីជាត្រូវស្លាប់ក៏ដោយ ។ ចម្រៀងនេះបានរៀបរាប់ទុក្ខសោកនៃប្រជាពលរដ្ឋខ្មែរដែលរងអយុត្តិធម៌ពិសេសរឿងជម្លោះដីធ្លីជាពិសេស ដែលសង្គមមួយនេះពេលមានជម្លោះនេះកើតឡើង គឺមានឈាមហូរ ។ នេះបើតាមអត្ថន័យបទចម្រៀងនេះដែលបង្ហោះនៅលើបណ្ដាញសង្គម ។

ចម្រៀងថ្មីមួយដែលទើបនឹងចេញ និងបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗនេះ គឺបទ «យើងជាកញ្ជះ» ដែលបទនេះបានរៀបរាប់ពីស្រុកគេជាម្ចាស់ ប្រហែលទំនងសំដៅទៅលើក្រុមមនុស្សដែលមានអំណាច ក្នុងសង្គមខ្មែរ ហើយរស់ព្រោះតែគេឲ្យរស់ ដែលបានច្រៀងថាយើង(ខ្មែរ)ជាកញ្ជះ ។ ចម្រៀងបានច្រៀងទៀតថា សិទ្ធិ និងអំណាចគេប្លន់អស់ហើយ ហើយក៏បានសួរទៅកូនខ្មែរ (ក្មេងជំនាន់ក្រោយនៃជនជាតិខ្មែរ) តើរស់ម្ដេចទៅ?

Loading...

ចម្រៀងបានច្រៀងទៀតថា សទៅជាខ្មៅ ត្រូវទៅជាខុស ទោះមិនមានកំហុសគេចាប់ឆៅៗតែម្ដង ដោយគ្មានការតវ៉ាអ្វីទាំងអស់ ហើយបានទទួលការព្រាត់ប្រាសនិរាស្រ្ត ពីទីឋានលំនៅ បើនិយាយពីក្នុងគុកវិញសុទ្ធសឹងតែជាជនត្រង់ស្លូតជាច្រើនទៅវិញ ។ ចម្រៀងបានច្រៀងរៀបរាប់ពីជាតិដែលធ្លាប់រុងរឿង តែឥឡូវបែរជាស្អុយគ្រាតគ្រោត ហើយបានសួរទៅប្រជាពលរដ្ឋខ្មែរថាតើរស់បែបពួនដុបគម្ពោធយ៉ាងដូចម្ដេចទៅ? ព្រោះតែទីណាអភិវឌ្ឍន៍គឺទីនោះមានឈាមហូរ (អយុត្តិធម៌) ។

ចម្រៀងចុងក្រោយគឺបានច្រៀងថារស់មិនកើតទេ ទោះត្រូវស្លាប់ក៏ត្រូវប្ដូរ យកសិទ្ធិ និងអំណាចមកសាងពូជថ្លៃថ្នូ ដែលបានបញ្ជាក់ថាពូជពីអង្គរតមកពូជជួង (គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ) ៕

Loading...
Loading...

ប្រភព ៖ បណ្ដាញសង្គម