អតីតសកម្មជនបក្សប្រឆាំង ត្រូវជនមិនស្គាល់មុខលួចវាយបែកក្បាលខណៈចាំដឹកចៅ

លោក ខៀវ ឌីន ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលហើយនោះ​ ត្រូវបានជនមិនស្គាល់មុខពីរនាក់លួចធ្វើសកម្មភាព វាយបែកក្បាលរបួសជាងដប់ថ្នេរ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះបើតាមបណ្ដាញសង្គមបានធ្វើការបង្ហោះនិងចែកចាយបន្ដជាច្រើនរយចែករំលែក ។

នាវេលាថ្ងៃត្រង់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះ សកម្មជនវ័យចំណាស់ដែលមានឈ្មោះថា ខៀវ ឌីន ត្រូវបានជនមិនស្គាល់មុខវាយពីក្រោយបណ្ដាលឲ្យបែកក្បាលជាដំណំ និងទទួលបានការដេរជាង ១០ ថ្នេរភ្លាមៗបន្ទាប់ពីកើតហេតុ ។ ហេតុការណ៍នេះកើតឡើងនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពុំដឹងមូលហេតុច្បាស់លាស់ ។

Loading...

អ្នកលេងបណ្ដាញសង្គមដែលមាននិន្នាការទៅខាងអតីតគណបក្សប្រឆាំងបានធ្វើការចោទប្រកាន់ទៅលើរដ្ឋាភិបាល និងបក្សពួករបស់គណបក្សប្រជាជនជាអ្នកបង្កហេតុ ប៉ុន្តែសម្រាប់ភស្ដុតាង និងករណីនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយ ។

គួរបញ្ជាក់ផងដែរថា អ្នកលេងបណ្ដាញសង្គមដែលមាននិន្នាការទៅខាងអតីតបក្សប្រឆាំងបានធ្វើការសន្និដ្ឋានចំពោះរឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ ដោយសារតែមានការលួចវាយឆ្មក់នេះចំនួន ១៤ នាក់ផ្សេងទៀតរួចហើយផងដែរនៅក្នុងទីក្រុងភ្នំពេញ ៕

Loading...

ប្រភព ៖ បណ្ដាញសង្គម