ពោធិ៍សាត់ ៖ រថយន្ដក្រឡាប់របួសមនុស្សធ្ងន់ស្រាល ០៨នាក់ ក្នុងពេលភ្លៀងរលឹម

ខេត្តពោធិ៍សាត់: រថយន្តប្រភេទតូយូតាហាយយ៉ាសមួយគ្រឿងដែលដឹកអ្នកដំណើរពេលមេឃកំពុងធ្លាក់ភ្លៀង បានប្រើប្រាស់ល្បឿនលឿន មកដល់ផ្លូវកោងក៍រអឹលក្រឡាប់រថយន្តទៅបុកបង្គោលភ្លើងរបួសមនុស្សប្រុសស្រីធ្ងន់ស្រាលសរុប ០៨នាក់ អភិបាលខេត្តក៏បានចុះជួយនិងអន្តរាគមន៍ផ្ទាល់ដល់ជនរងគ្រោះ ។

ហេតុការណ៍នេះបានកើតឡើងនារសៀលម៉ោង ៤:៣០នាទី ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរអិលផ្លូវក្រឡាប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥០ និង១៥១ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកឲ្យថា ក្នុងពេលមេឃរលឹមមាន រថយន្ដម៉ាក តូយូតា ហាយយ៉ាសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC. 8834 បានដឹកអ្នកដំណើរដោយ បើកបររថយន្តពីទិសខាងលិចទៅខាង កើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោង ក៍បានរអិលរយន្តក្រឡាប់ជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន០៨នាក់នោះរបួសធ្ងន់និងស្រាលរណូករណែលពេញផ្លូវតែម្ដង។ 

លោក មោក ភារម្យ អធិការស្រុកក្រគរបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗលោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ស្រុកមកដល់កន្លែងកើតហេតុ ហើយវត្តមានលោកអភិបាលខេត្តពោធិ៍សាត់ក៍បានចុះជួយនិងអន្តរាគមន៍ផ្ទាល់ដល់ជនរងគ្រោះ ដឹកតាមរថយន្តសង្រ្គោះទៅកាន់មន្ទីពេទ្យដោយអ្នករបួសធ្ងន់ទៅមន្ទីពេទ្យខេត្តនិងអ្នករបួសស្រាលបញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ ហើយជនរងគ្រោះទាំង០៨នាក់ផ្នែកជំនាញកំចុះស្រង់អត្តសញ្ញាណរបស់ពួកគាត់ ដោយឡែកអ្នកបើកបរបានរត់គេចខ្លួន ខាងមន្រ្តីជំនាញកំពុងធ្វើកិច្ចការនេះ ៕

ប្រភព ៖ CTV8 News

Post a Comment

0 Comments