ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចូលចិត្តស្ដាប់ធម៌ តែមិនចង់យល់ធម៌ដែលខ្លួនស្ដាប់

ប្រជាពលរដ្ឋខ្មែរច្រើនណាស់ពិសេសចាស់ៗដែលតែងតែយកបាយទៅវត្ត ឬធ្វើពិធីផ្សេងៗ គឺតែងតែស្ដាប់ធម៌ជានិច្ច គឺធម៌បង្រៀនដោយគ្រូល្បីៗដូចជាសាន សុជា គូ សុភាព ប៊ុត សាវង្ស ពិន សែម ឬជួន កក្កដា ។ល។ ប៉ុន្តែពុំបានយល់នូវអ្វីដែលពួកគេនិយាយឬទេសនានោះឡើយ ដោយខ្លួនគិតថា ឲ្យតែស្ដាប់ធម៌ ធ្វើពិធីផ្សេងៗ គឺបានបុណ្យមកខ្លួនដើម្បីកើតមកវិញ រកស៊ីមានបាន ឬមានចំណេះវិជ្ជាខ្ពស់ជាដើម ។ល។  

តើហេតុអ្វីពួកគេមិនយល់? 

ប្រជាពលរដ្ឋខ្មែរច្រើនណាស់ មិនត្រឹមតែមិនយល់នោះទេ គឺមិនចង់គិតថែមទៀតផង ព្រោះគិតថាខ្លួនចេះមិនដល់ មិនបានអានគម្ពីរដូចអ្នកសាសនាល្បីៗផង គឺដឹងតែព្យាយាមចាំខ្លះៗ ព្រោះគិតថា ពេលស្លាប់ទៅនឹងបានបុណ្យកុសលនោះយឺតយោងខ្លួនឲ្យទៅទីខ្ពស់ ឬឡើងឋានសួគ៌ដោយមិនបាច់ប្រឹង ឬប្រាថ្នាឲ្យកើតមកទៀតក្រោយស្លាប់ទៅ ។ ប៉ុន្តែពួកគេភ្លេចគិតថា សម្បកកាយពួកគេដែលដុតនៅពេលស្លាប់ គឺមិនបានទៅតាមទេ រួមទាំងខួរក្បាលដែលចងចាំធម៌នោះផង ក៏បានសឹករិចរិលពេលវ័យចាស់ គឺភ្លេចកាន់តែច្រើន ម្លោះហើយការចងចាំពុំបាននាំអ្វីឲ្យពួកគេយកទៅជាមួយវិញ្ញាណខន្ធរបស់ពួកគេនោះទេ ។ 

តើការស្ដាប់ធម៌ពិតជាបានបុណ្យឬ? 

នេះជារឿងមិនពិតទេ ។ ហេតុអ្វី? ព្រោះអ្នកស្ដាប់គិតថា ឲ្យតែស្ដាប់ធម៌គឺបានបុណ្យ ឲ្យតែស្ដាប់ទោះយល់មិនយល់ក៏បុណ្យកុសលកើតឡើងក្នុងចិត្ត ។ នេះជាអ្វីដែលដែលមនុស្សជាច្រើនពិសេសយាយៗខ្មែរធ្វើរឿងនេះ ។ តាមពិតស្ដាប់ធម៌រួច យកមកគិតពិចារណាអំពីធម៌នោះ កើតសទ្ធា គឺកើតជាបញ្ញា ហើយបញ្ញានេះឯងដែលជាប្រទីបឆ្លងកាត់វាលវដ្ដសង្សារ ព្រោះមនុស្សស្លាប់ហើយកើតមកវិញក៏មិនត្រូវ ស្លាប់ហើយសូន្យឈឹងក៏មិនត្រូវ គឺវិញ្ញាណចេញពីសម្បកមួយចូលសម្បកមួយទេ ។ នេះជាអ្វីដែលព្រះសម្មាសម្ពុទ្ធបានរកឃើញ ក្រោយការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។

«នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ គ្មានអ្វីសំខាន់ជាងការយល់ធម៌ទេ» នេះជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែមនុស្សសព្វថ្ងៃបានធ្វើបញ្ច្រាសទាំងស្រុងទៅនឹងអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ៕

Post a Comment

0 Comments