ប្រវត្តិឆ្កែ ២ក្បាលអូសរទេះបម្រើអ្នកសុំទាននៅទីក្រុងភ្នំពេញ
រឿងរ៉ាវរវាងឆ្កែ២ក្បាល មួយគឺហាស់ស្គីជាប្រភេទឆ្កែតំបន់ត្រជាក់ និងមួយទៀតជាឆ្កែស្រម៉ូវ ដែលអូសបម្រើអ្នកសុំទាននៅទីក្រុងភ្នំពេញ ត្រូវបានចែកចាយបន្ដរហូតព័ត៌មានសុះសាយពេញប្រទេស ដែលការចែកចាយនេះ ក៏បានជាដំណឹងទៅដល់លោកប្រមុខ LDP គឺលោក ខឹម វាសនា ផងដែរ ហើយលោកក៏បានសាកសួរនិងស្វែងរកទិញឆ្កែទាំង២នេះពីអ្នកសុំទាននោះ មកចិញ្ចឹមមើលថែនៅចម្ការនៅភ្នំគូលែនរបស់លោកផ្ទាល់មកដល់បច្ចុប្បន្ន ដោយសារតែពុំមានអ្នកណាម្នាក់មានចិត្តអាណិតសត្វឆ្កែពិតប្រាកដ ដែលបង្ហោះនេះអស់ជាច្រើនខែមកហើយនេះនោះទេ ។
រឿងឆ្កែទាំង២នេះ គឺរៀបរៀងជាអត្ថបទដកស្រង់ពីសម្ដីរបស់លោកប្រមុខបក្សរូបនេះផ្ទាល់តែម្ដង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកសរសេររៀបរាប់ពីសត្វឆ្កែទាំង២នេះដូចតទៅនេះ ដូចតទៅ ៖
"បួនប្រាំខែមកហើយ ពូអោយក្មួយៗទៅទិញឆ្កែទាំងពីរនេះមកពីតាសុំទាននៅឯភ្នំពេញ ភ្នែកមនោពូមើលទៅឆ្កែទាំងពីរនោះដូចជាមនុស្សដែលអត់មិត្តភក្តិបងប្អូនសាច់ញាតិជួយរកយុត្តិធម៌អោយអញ្ចឹង។ ពួកវាត្រូវអ្នកសុំទានប្រើក្នុងមុខរបរសុំទានរបស់ខ្លួន។ ពូបើកFacebookមកឃើញមនុស្សcommentsច្រើនណាស់រឿងអាណិតឆ្កែទាំងពីរនេះ ប៉ុន្តែគ្មានអ្នកណាចំណាយលុយទិញឆ្កែទាំងនេះដើម្បីសង្គ្រោះពួកវាពីអ្នកសុំទាននោះទេ។ ពូឃើញគេcommentថាមានគេអោយថ្លៃគាត់ចំពោះហាស្គីមួយនេះគឺដល់ទៅ200$ តែតាសុំទាននោះថាមិនលក់ គាត់ថាគេអោយគាត់ដល់ទៅ400$គាត់មិនលក់ផង។ ពូឃើញហើយនឹកគិតថាមិនអីទេ គង់តែមានអ្នកចំណាយលុយជួយពួកវាទេ លុយមិនដល់1000$ផង មុខតែមានអ្នកចំណាយដើម្បីជួយពួកវាហើយ។
បាត់ប្រហែលមួយខែឃើញគេផុសពីឆ្កែនេះទៀត ថាអាណិតវាណាស់ ត្រូវអូសរទេះនិងត្រូវដេកហាលថ្ងៃក្តៅរាល់ថ្ងៃទៅទៀត ដែលធម្មជាតិឆ្កែពូជនេះ វាត្រូវការត្រជាក់ណាស់ ពេលត្រូវដេកហាលក្តៅអញ្ចឹងមិនដឹងគ្នាលំបាកយ៉ាងណាទេ? ពូអូសមើលCommentពូឃើញcommentsពួកគេហើយ ពូនឹកក្នុងចិត្តថា សុទ្ធតែវិញ្ញាណដឹងសម្មតិសច្ចៈតែទាំងអស់ អ្នកខ្លះcommetថា ខ្ញុំនឹងទៅលួចឆ្កែនេះពីតាសុំទានហ្នឹង បើតាហ្នឹងមិនលក់សោះអញ្ចឹង ខ្ញុំនឹងទៅលួចឆ្កែនេះ បើបងប្អូនគាំទ្រគំនិតខ្ញុំបងប្អូនCommetមក។
យី បើចង់ជួយឆ្កែរហូតដល់ទៅលួចទៅហើយ នៅសួរគេរកអ្នកគាំទ្រទៀត? ម៉េចក៏មិនទៅលួចស្ងាត់ៗទៅ? មើលCommentsពួកគេហើយពូនឹកហួសតែចិត្ត មួយណាក៏និយាយរៀបរាប់ថាអាណិតឆ្កែ ប៉ុន្តែសុទ្ធតែវិញ្ញាណដឹងសម្មតិ មិនមែនវិញ្ញាណដឹងដោយគិតយល់ទេ តែពូនៅតែគិតថាគង់តែមានអ្នកណាជួយពួកវាមិនខានទេមើលទៅ ព្រោះលុយមួយពាន់ ឬជាងមួយពាន់មិនច្រើនទេ ស្រុកខ្មែរអ្នកមានលុយប៉ុណ្ណឹងច្រើនណាស់ គេមុខតែមើលឃើញ គេនឹងចំណាយលុយជួយវាហើយ។ ពូនឹកអាណិតឆ្កែនេះណាស់តែពូគិតថាទុកអោយគេជួយពួកវាចុះ។
ប្រហែលមួយខែទៀត ពូឃើញគេផុសរឿងឆ្កែនេះមកទៀតហើយ អូមិនទាន់មានអ្នកជួយពួកវាទេ អូសំបូរតែវិញ្ញាណដឹងសម្មតិថាអាណិតគឺឃើញតាមភ្នែកថាឆ្កែលំបាកប៉ុន្តែអត់មានវិញ្ញាណគិតដឹងថាឆ្កែលំបាកទាល់តែសោះ។ ពូអាណោចអាធមដល់សត្វដែលគ្មានទីពឹងគ្មានញាតិសន្តានបងប្អូនមិត្តភក្តិណាជួយគ្នាមែនណា បើអាត្មាអញមិនចេញទៅជួយពួកវាទេ វាមុខតែវេទនាបែបហ្នឹងមិនដឹងទៅបញ្ចប់ភាពវេទនានេះនៅត្រឹមណារួចទេ។
អ្នកធ្វើបុណ្យក្នុងស្រុកនេះច្រើន អ្នកជួយយកមុខក្នុងស្រុកនេះក៏ច្រើន ខ្លះជួយអស់លុយដល់សែនលានដុល្លាទៅទៀត ប៉ុន្តែចិត្តជួយពិតប្រាកដគឺគ្មានសោះ បើមានគេមិនអាចមើលរំលងរឿងឆ្កែដែលចុះផ្សាយតាមFacebookជិតបីបួនខែ ហើយមានមនុស្សចូលCommontsស្រោចដូចលាជផ្ទុះហើយនៅតែគ្មានអ្នកណាជួយឆ្កែដូច្នេះទេ? គិតដល់ត្រង់នេះ ពូរឹតតែអាសូរដល់ឆ្កែទៀត ពិតមែនហើយហេតុតែគ្នាជាសត្វគ្មានញាតិមិត្តគ្មានផ្លូវច្បាប់ជួយការពារគ្នា គ្នារងទុក្ខលំបាកលើការកេងកំលាំងញើសឈាមដើម្បីតែប្រយោជន៍ខ្លួនបែបនេះហ្ន! លំហូរវិញ្ញាណគិតយល់ដល់ត្រឹមនេះ ពូស្ទុះងើបមករកក្មួយដែលពូទុកចិត្តថាវាមានសមត្ថភាពធ្វើរឿងនេះបាន ពូគិតថាតានេះមិនលក់ គឺច្បាស់ជាមិនដល់ថ្លៃហើយ មិនមែនមិនលក់ព្រោះស្រឡាញ់ទេ បើស្រឡាញ់មេត្តាគឺមិនអោយគ្នាដេកកណ្តាលថ្ងៃរាល់តែថ្ងៃអញ្ចឹងទេ។
ពូប្រាប់ក្មួយថា ក្មួយទៅជួបតាសុំទាននេះទៅ ទៅចរចារយកឆ្កែទាំងពីរនេះអោយបានទោះអស់លុយប៉ុន្មានក៏ត្រូវតែជួយពួកវាអោយបានដែរណាក្មួយ។ ពួកវាបានទៅភ្នំពេញហើយទៅចាំជួបតាសុំទាននោះតាំងពីម៉ោងប្រហែលមួយរសៀលរហូតដល់ម៉ោងជិតបួនល្ងាច។ ពូអង្គុយរង់ចាំដំណឹងពីពួកវាយ៉ាងអន្ទះសារព្រោះគេcommontsកន្លងមកច្រើនណាស់ថា គ្មានអ្នកណាទិញបានទេ ព្រោះតានេះស្រឡាញ់ឆ្កែនេះណាស់ គាត់មិនលក់ទេ ជិតបីម៉ោង ពូអង្គុយចាំតែmessageរបស់ក្មួយ ព្រោះពូដឹងថា ពួកវាបានទៅជួបតាសុំទានម្ចាស់ឆ្កែនោះតាំងពីរម៉ោងប្រហែលមួយម្ល៉េះ។
អីក៏យូរម្ល៉េះ និយាយមិនត្រូវគ្នាទេឬយ៉ាងម៉េច? ម៉ោងប្រហែលជិតបួនពូឃើញmessagesវាលោតភ្លែតមក ពូបើកមើលភ្លាមឃើញរូបឆ្កែទាំងពីរនៅក្នុងឡានវា ហើយវាសរសេរ បានហើយអុំ។ ថាពូអរអើយសែនអរ រហូតដល់ពេលនេះ ពូមិនដែលសួរវាថាវាចំណាយលុយប៉ុន្មានដើម្បីទិញឆ្កែទាំងពីរនេះទេ។ យកពួកវាមកដល់ភ្លាមស្អែកឡើងពូយកពួកវាទៅឆែកមើលសុខភាពភ្លាម ពេទ្យអឺរ៉ុបនោះប្រាប់ថាពួកវាទាំងពីរមានជំងឺគ្រុនតុកកែ យើងយកមកព្យបាលនេះទាន់ពេលហើយ បើទុកបន្តិចទៀតហួសពេលមើលលែងទាន់ហើយ។ កាលយកវាមកដំបូងវាស្គមទំងន់តែ១១គីឡូទេ ដល់ពេលឥឡូវវាឡើងទំងន់ដល់ទៅ២១គីឡូ គឺឡើងដប់គីឡូ។
ពូគិតទៅឃើញតែអញ្ចឹង អោយតែរឿងចិត្តជួយមែនទែនគឺទាល់តែចេញពីក្រុមLDPយើង ប៉ុន្តែបើជួយយកបុណ្យ ហើយនិងជួយយកមុខ គឺមិនខ្វះអ្នកធ្វើទេ ហើយរឿងនោះមិនចេញពីក្រុមLDPយើងទេ មែនហើយអ្នកមានបុណ្យមករែងយកតែចិត្តមានសីល គឺចិត្តដែលជួយមែនទែនហ្នុង៕"
អត្ថបទដកស្រង់ ៖ Veasna Khem
Post a Comment
0 Comments