មន្រ្តីទាំង ៣ រូប ដែលពូកែរកលេសដោះសារ ដើម្បីការពារមុខមាត់បក្សកាន់អំណាច

នៅក្នុងចំណោមមន្រ្តីបក្សកាន់អំណាចទាំងអស់ មន្រ្តីដែលលេចមុខលេចមាត់ក្នុងការការពារមុខមាត់របស់រាជរដ្ឋាភិបាល ដែលកាន់កាប់ដោយបក្សកាន់អំណាច គឺមាន៣រូប គឺមានលោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភានៃរាជរដ្ឋាភិបាលកម្ពុជា ។

យើងតែងតែបានស្ដាប់ការបកស្រាយរបស់មន្រ្តីរាជរដ្ឋាភិបាលជាច្រើន ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺមន្រ្តីដែលលេចធ្លោក្នុងការការពារមុខមាត់រាជរដ្ឋាភិបាលបក្សកាន់អំណាចបច្ចុប្បន្នមាន ៣ រូប ដែលយើងខ្ញុំនឹងធ្វើការរៀបរាប់ដូចខាងក្រោមនេះ ៖

Loading...

លោក សុខ ឥសាន, អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

មន្រ្តីរូបនេះច្រើនតែប្រើប្រាស់ពាក្យសម្ដីឡូហ្សិក និងប្រើប្រាស់ពាក្យសម្ដីឲ្យរួចពីមាត់ ដើម្បីដោះស្រាយជូនបក្សប្រជាជន ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាននានា ដែលថ្មីៗនេះ លោកក៏បានដោះសារជំនួសរដ្ឋាភិបាលដោយនិយាយរឿងដី ៤០ ហិកតាដែលរដ្ឋាភិបាលប្រគល់ឲ្យទៅជនជាតិវៀតណាមដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ថាជារឿងល្អ និងជាការរិតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងវៀតណាមទៅវិញ ហើយមិនចាត់ទុកជាទង្វើក្បត់ជាតិនោះទេ ។ នៅមានរឿងផ្សេងៗទៀតដែលមន្រ្តីរូបនេះ តែងតែធ្វើការដោះសារ ដើម្បីឲ្យបក្សកាន់អំណាចឋិតក្នុងភាពល្អ និងបន្ទោសពិសេសទៅកាន់បក្សប្រឆាំងនានា ដែលតែងតែរិះគន់ទៅកាន់គណបក្សប្រជាជនកម្ពុជា ។ មន្រ្តីបក្សកាន់អំណាចរូបនេះក៏ពូកែផងដែរ នូវការទាត់ចោលនូវការរិះគន់ និងភស្ដុតាងនានាដែលគេរកឃើញ ទៅកាន់បក្សប្រជាជនផងដែរ ។

លោក ផៃ ស៊ីផាន, អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

យើងប្រហែលជាបានស្គាល់ហើយមន្រ្តីដែលមានក្បាលមិនសូវមានសក់ លោក ផៃ ស៊ីផាន គាត់ជំនាញខាងបន្ទោសទៅកាន់អន្តរជាតិ ដែលដាក់ទោសរដ្ឋាភិបាល និងលើកសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ ។ ចំពោះអតីតមេបក្សប្រឆាំង មន្រ្តីរូបនេះក៏ដូចជាមន្រ្តីផ្សេងទៀតបានធ្វើការថ្កោលទោសចំពោះរឿងទាំងនេះ និងបន្ដការការពារយ៉ាងស្វិតស្វាញចំពោះការការពាររដ្ឋាភិបាលកម្ពុជា ។ គួរបញ្ជាក់ផងដែរថា មន្រ្តីរូបនេះមានទំនាក់ទំនងល្អជាមួយវៀតណាមផងដែរ ដែលត្រូវបានគេអញ្ជើញទៅវៀតណាមចូលរួមពិធីផ្សេងៗជាញឹកញាប់ ។

លោក ឈាង វុន, អ្នកនាំពាក្យរដ្ឋសភាកម្ពុជា

មន្រ្តីអ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តនៅខេត្តបាត់ដំបងផងដែរ លោកអ្នកបានដឹងហើយថាមន្រ្តីរូបនេះពូកែដោះសារប៉ុណ្ណាទៅកាន់អ្នកសារព័ត៌មាន តែមិនសូវជំនាញដូចជាលោក សុខ ឥសាននោះទេ ។ អ្វីដែលគាត់ធ្វើរួមមានការបណ្ដេញអ្នកសារព័ត៌មានមិនឲ្យសួរច្រើនរឿងរដ្ឋសភា ដោះសារជំនួសរដ្ឋសភារឿងមួយចំនួនដែលបានអនុម័ត ហើយប៉ុន្មានខែមុននេះ គាត់ក៏បានលើកឡើងពីការធ្វើពុតឈឺរបស់ពលការនី ពលករនៅក្នុងរោងចក្រដើម្បីប្រាក់ បសស ផងដែរ ហើយគាត់ប្រាប់ថាគាត់មិនខុសនោះទេ ព្រោះតែគាត់និយាយតពីអ្នកប្រាប់គាត់ដែរ ។

សូមបញ្ជាក់ថាមន្រ្តីទាំង ៣ រូបនេះ យើងបកស្រាយទៅតាមព្រឹត្តិការណ៍ដែលកំពុងកើតមាន និងកើតមានរួចទៅហើយនាពេលថ្មីៗនេះ ប៉ុន្តែត្រង់ថារឿងនេះពិតមិនពិតនោះ សូមអ្នកអានទាំងអស់មេត្តាតាមដាន និងវិនិច្ឆ័យដោយខ្លួនឯង ៕

Loading...