រឿងរ៉ាវពិត ៖ សាំងមួយលីត្រ មិនស្មើនឹង ជីវិតមនុស្សម្នាក់ ដែលត្រូវការជំនួយ

ខេត្តតាកែវ ៖ រឿងរ៉ាវហាក់ដូចជារឿងនិទាន តែជាការពិតឋិតក្នុងប្រទេសកម្ពុជា ដោយបុរសម្នាក់ដែលដឹកប្រពន្ធគាត់ទៅមន្ទីរពេទ្យមិនទាន់ពេល បានស្លាប់នៅតាមដងផ្លូវ ខណៈអស់សាំងមិនអាចបន្ដទៅមុខ ហើយថែមទាំងពុំមានការចុះមកអន្តរាគមន៍ពីអ្នកភូមិ ដែលលក់ចាប់ហួយ នៅក្បែរនោះលក់សាំងឲ្យទៀត ។ ដោយឡែករឿងនេះបានរៀបរាប់ហេតុការណ៍នៅលើបណ្ដាញសង្គមដូចតទៅនេះ ៖

យប់ម្សិលមិញ​ ចេញពីចាក់កុនគណបក្សវិញម៉ោងប្រហែល១១យប់ខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ​ មកដល់ភូមពារា​ម ឃុំពារាម​ ទឹកដីស្រុកបាទី​ ឃើញប្ដីប្រពន្ធពីរនាក់​ ប្រពន្ធដេកដួលលើកណ្ដាលផ្លូវលំ​ ​ចំណែកប្ដីស្រែកយំអោបប្រពន្ធ ខ្ញុំឃើញគាត់ដំបូងស្មានតែគាត់ទើបតែដួលម៉ូតូភ្លាមៗ​ ព្រោះឃើញដេកដួលលើផ្លូនិងអត់មានអ្នកណាមួយក្នុងភូមិនេះចេញមកមើលសោះ​ ។

ខ្ញុំឈប់ឡានមើលគាត់ស្រាប់តែគាត់ស្រែកយំសំពះខ្ញុំអោយជួយប្រពន្ធគាត់ផង​ ហើយគាត់បន្តរថាប្រពន្ធគាត់ឈឺធ្ងន់ជាជំងឺបេះដូង​ គាត់ដឹកប្រពន្ធទៅពេទ្យតែម៉ូតូអស់សាំង​រលត់ទៅមុខលែងរួច​ ហើយគាត់រត់ទៅដាស់ផ្ទះលក់ចាបហួយដែលមានលក់សាំងផង​ ស្រាប់តែគេមិនចេញលក់អោយគាត់សោះ​ ខ្ញុំស្ដាប់គាត់មិនទាន់ទាំងចប់ត្រង់ចំណុចនេះផងអារម្មណ៌រុញខ្ញុំអោយទៅស្រែកដាស់ហៅអ្នកលក់ណឹងភ្លាមៗ​ ។

ខ្ញុំស្រែកអស់ពីពោះ​ ​គោះរបងដែកផ្ទះផង​ស្រែកផង​ សំឡេងស្រែកនិងគោះក៏ខ្លាំង​ ចំណែកសំឡេងឆ្កែព្រុះរំពងពេញភូមិក៏រឹតតែខ្លាំង​ តែនៅម្ចាស់ផ្ទះនេះមិនចេញមកសោះ​ ខ្ញុំស្រែកហៅទាំងអ្នកភូមិក្បែរណឹងដែលមានផ្ទះជាប់គ្នាចាក់ស្រេះ​តែសូម្បីតែម្នាក់ដែលចេញមកមើលក៏គ្មានដែរ​ ខ្ញុំស្រែកអស់ចិត្ត ខ្ញុំវិលមកសួរប្ដីគាត់វិញថាពូអស់សាំងហើយស្រែកហៅគេប៉ុន្មាននាទីហើយ​ គាត់ថាប្រហែលមួយម៉ោងជាងហើយ​ ។

ខ្ញុំលឺហើយថែមទាំងឃើញបែបណឹងផ្ទាល់ភ្នែក​ ខ្ញុំទប់អារម្មណ៍ជាមួយម្ចាស់ផ្ទះណឹង​ ជាមួយអ្នកភូមិណឹងអត់ចង់បានសោះ​ ម៉េ​ចក៏មនុស្សនេះម៉េចអ្នកភូមិនេះអាត្មានិយមម្លេះ​ ម៉េចក៏ដាច់ចិត្តទុកអោយមនុស្សម្នាក់អោយដេកស្លាប់​ ដែលគ្រាន់តែសាំងមួយលីតយើងអាចសង្គ្រោះគាត់បានសោះ​ ម៉េចមិនចេញមកមើលជួយរកមធ្យោបាយជួយគាត់ផងទៅ​ ខ្ញុំរើឥវ៉ាន​ទំលាក់ដេីម្បីដឹកគាត់ទៅពេទ្យនិង​ រកអ្វីបូមសាំងឡានខ្ញុំចាក់ម៉ូតូគាត់អត់បានសោះតែប្ដីគាត់ស្រែកយំមកថាក្មួយអើយមិនបាច់ទេព្រោះប្រពន្ធគាត់ផុតតាំងពីក្មួយអត់ទាន់មកដល់ម្លេះ។​

ខ្ញុំមើលមុខគាត់ចំម្ដងទៀតទើបខ្ញុំស្គាល់ថាគាត់ជាអ្នកលក់បង្អែមនៅមុខសាលា​អតីតវិទ្យាល័យខ្ញុំរៀនគឺសាលា១មិថុនា​ ប្ដីឈ្មោះម៉ោង​ ប្រពន្ធឈ្មោះសាវឿន(អត់សូវច្បាសឈ្មោះប្រពន្ធ)ហើយគាត់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិចាសឆ្នាំ​ រស់នៅក្នុងភូមិក្រាំងក្រចាំ​ង ឃុំពារាម​ស្រុកបាទី​ ខេត្តតាកែវ។

​ខ្ញុំក៏លើកសពប្រពន្ធគាត់ដាក់លើឡានទីកូដឹកកុនពណ៌ក្រហមរបស់ខ្ញុំ​ ដើម្បីដឹកគាត់ទាំងពីរនាក់មកផ្ទះគាត់វិញទាំងអារម្មណ៌មិនអស់ចិត្តនឹងផ្ទះលក់សាំងនិងអ្នកភូមិណឹងសោះមួយម៉ោងជាងនៃការស្រែកដង្ហៅអោយគេជួយប្រពន្ធ​ អត់មានអ្នកណាម្នាក់យកសំឡេងដែលចូលក្នុងត្រជៀក​រុញអោយចូលក្នុងបេះដូង​ ច្រានខ្លួនអោយចេញមកមើលគាត់សោះ។

#សាំងមួយលីត​ #ជីវិតមនុស្សម្នាក់យប់ម្សិលមិញ​ ចេញពីចាក់កុនគណបក្សវិញម៉ោងប្រហែល១១យប់ខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ​…

Posted by Sok Sorany on Thursday, August 29, 2019
About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។