បន្ទាប់ពីមីល្ពៅ មីម្រះ មីឆៃឆាវ ឥឡូវមីស្រកានាគក្រហម ក៏មានដែរចាំតែភ្លក់ទៅ (វីដេអូ)

ល្បីមីល្ពៅបាត់ដំបង ស្រាប់តែមានមីល្ពៅខាងខេត្តត្បូងឃ្មុំស្រុកមេមត់ និងអ្នកខេត្តកោះកុងធ្វើហូបលេងកម្សាន្ដ ប៉ុន្តែឥឡូវស្រាប់តែមានមីម្រះ និងមីឆៃថាវក្រហម ធ្វើបង្ហោះហូរហែរថែមទៀត មិនតែប៉ុណ្ណោះ ឥឡូវស្រាប់តែមេចុងភៅម្នាក់ក៏សាកធ្វើមីរសជាតិផ្លែស្រកានាគក្រហមរងាល ដាក់ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្រុកចូលទៅ Like និង Share រហូតដល់ពាន់ ។

បើយោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា មានការភ្ញាក់ផ្អើលស្នាដៃអ្នកលក់មីល្ពៅខេត្តបាត់ដំបងដោយសារតែបានរកឃើញមីល្ពៅ និងចែកចាយបន្ដគ្នារហូតល្បីឈ្មោះ និងបង្កើត Brand មីល្ពៅបាត់ដំបង ដោយដាក់ Logo ផ្ទាល់ខ្លួនទៀតផង ។

មិនយូរប៉ុន្មានមានអ្នកទៅសម្ភាសន៍ និងបានធ្វើការចេញតាមប៉ុស្ដិ៍ទូរទស្សន៍ ហើយថែមទាំងមានអ្នកវិនិយោគដោយប្រគល់ការចំណេញទៅកាន់អ្នករកឃើញចំនួន ៣០ភាគរយប៉ុន្តែម្ចាស់ដែលរកឃើញ គីម វ៉ាង បានរកឃើញមិនបានយល់ព្រមនឹងសំណើរនេះទេ តែសុខចិត្តទុករូបមន្តដែលខ្លួនរកឃើញ ដោយធ្វើការស្នើសុំសប្បុរសធម៌ឲ្យជួយខ្លួនផលិតលក់យកចំណេញទាំងអស់ទៅវិញ ដែលធ្វើឲ្យមហាជនមួយចំនួន រិះគន់យ៉ាងខ្លាំងទៅលើគំនិតជំនួញដ៏ខូចមួយនេះ ។

ដោយឡែកស្រាប់តែមានការបង្កើតមីល្ពៅមិនបានប៉ុន្មាន និងកំពុងលក់ដាច់ ស្រាប់តែអ្នកត្បូងឃ្មុំបានស្រាវជ្រាវរកឃើញរូបមន្តមីល្ពៅមួយប្រភេទដែរ ដែលម្ចាស់បានអះអាងថាវាជារូបមន្តខុសពីខេត្តបាត់ដំបង ប៉ុន្តែស្រាប់តែម្ចាស់គណនីហ្វេសប៊ុក មីល្ពៅខ្មែរ បាត់ដំបង បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្តដោយគណនីរូបនេះបានសរសេរពាក្យថា អ្នកដែលធ្វើបន្ដជាចោរទៅវិញ ដែលធ្វើឲ្យកើតជាប្រធានបទយ៉ាងក្ដៅគគុកក្នុងសង្គមហ្វេសប៊ុក ។

ជាការពិតណាស់ មនុស្សឈ្លោះគ្នាដណ្ដើមប្រយោជន៍ និងកេរ្តិ៍ឈ្មោះ ស្រាប់តែជួបរឿងដែលគេធ្វើស្រដៀង ក៏តាំងមានអារម្មណ៍ខឹងសម្បារប៉ុន្តែវាមិនមែនជារឿងចម្លែកទេ ដែលនាពេលឥឡូវៗនេះ មីច្រើនប្រភេទ ក៏ដូចជាមីម្រះ មីឆៃថាវក្រហម និងមីដ៏ប្លែកមួយទៀតគឺមីស្រកានាគក្រហម បានចេញធ្វើដែលធ្វើឲ្យមហាជននឹកឃើញថាវាជារឿងងាយណាស់ ហេតុអ្វីឈូឆរបែបនេះទៅវិញ?

តែយ៉ាងណាមិញ ការបង្កើតមីល្ពៅ គឺកំពុងបង្កើតក្ដីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលដាំដំណាំល្ពៅ ប៉ុន្តែមិនទាន់ដឹងថា ទីផ្សារល្ពៅរបស់ខ្មែរមានច្រើនឬយ៉ាងណានៅឡើយទេ នាពេលនេះ បើងាកមកការផលិតមីល្ពៅលក់វិញ ទំនងជាការផលិតក្នុងបរិមាណទាបប៉ុណ្ណោះ ព្រោះឧបករណ៍មិនបានធំដុំដូចក្រុមហ៊ុន ឬសហគ្រាសសិប្បកម្មនោះទេ ៕

បញ្ចេញមតិយោបល់អ្នក