លោក​សម រង្ស៊ីថា គ្មានបំណង​ចូលមក​កម្ពុជា​ដើម្បីចាប់សម្ដេច ហ៊ុន សែន តែម្នាក់ឯង​ទេ

តាមរយៈ​​ទំព័រ​​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​សម រង្ស៊ី ពី​ក្រៅប្រទេស​បានចេញ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ត្រៀមខ្លួន ដើម្បី​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ២០១៩នេះ ។ ប៉ុន្តែ​ដើម្បី​ឈានទៅរក​ការផ្លាស់ប្តូរ​ដោយ​វិជ្ជមាន​នេះ លោក​អតីត​ប្រធាន​អតីត​បក្សប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រៀមខ្លួន​ធ្វើការ​តស៊ូ​ជាមួយ​លោក​ដោយ​ទាមទារ​នូវបញ្ហាសំខាន់ៗចំនួន​បី ។

បី​ចំណុច​ដែល​លោក​សម រង្ស៊ី ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ត្រៀមលក្ខណៈ​ចូលរួម​តស៊ូ​ជាមួយ​លោក​នេះ គឺ ការទាមទារ​យក​ដីធ្លី ដែលមាន​ដីស្រែ ចំការ និង​ផ្ទះសម្បែង​ដែល​លោក​សម រង្ស៊ី​ថា អាជ្ញាធរ​ពុករលួយ និង​ឈ្មួញ​ខិលខូច​បាន​ប្លន់​យក ដោយ​ទាមទារ​យក​ទ្រព្យសម្បត្តិ​ទាំង​នោះមក​ប្រគល់ឱ្យ​ប្រជារាស្ត្រ​ក្រីក្រ និង​ទន់ខ្សោយ​វិញ។

ជាមួយគ្នានេះ លោក​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទាមទារ​ឱ្យ​លុបចោល​សម្បទាន​ដីធ្លី សម្បទាន​ព្រៃឈើ និង​សម្បទាន​រ៉ែ រយៈពេល​រាប់សិប​ឆ្នាំ​ដល់​ក្រុមហ៊ុន​បរទេស ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនោះ យកមក​បែង​ចែកជូន​ប្រជារាស្ត្រ​តូចតាច ក្នុង​លក្ខណៈ​ជា​គ្រួសារ ឬក៏​យកមក​គ្រប់គ្រង​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ។

បន្ថែម​លើ​នេះ លោក​ក៏​ជំ​រុញឱ្យ​ពលរដ្ឋ​ទាមទារ​ឱ្យមាន​ការលុបបំបាត់​បំណុល​ទាំងឡាយ​របស់​ប្រជារាស្ត្រ ដែល​លោក​សម រង្ស៊ី ថា បាន​ធ្លាក់ខ្លួន​ក្រ​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រោះតែ​ត្រូវ​បង្ខំចិត្ត​ទៅ​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​នានា រហូតដល់​ក្លាយទៅជា​ទាសករ​ហិរញ្ញវត្ថុ ។ សម្រាប់​លោក​សម រង្ស៊ី នេះ គឺ​មានន័យថា ពលរដ្ឋ​ជំពាក់​គេ​វ័ណ្ឌក រើបម្រះ​មិន​រួច ដោយសារតែ​មិនមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ ហើយ​ត្រូវ​ខ្ចីលុយ​គេ​ថែមទៀត​កាន់តែច្រើនឡើងៗ រក​ច្រកចេញ​មិន​រួច។

ប៉ុន្តែ​ការអំពាវនាវ​ទាំង​អម្បាលម៉ាន​របស់លោក​ស​ម រង្ស៊ី​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជាការ​ប្រើប្រាស់​នយោបាយ​ប៉ុល ពត។ លោក​សុខ ឥសាន អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការ​បំផុសបំផុល​នេះ គឺ​គ្រាន់តែ​ជា​នយោបាយ​ចងអាឃាដ​របស់លោក​ស​ម រង្ស៊ី ដោយ​ថាអ្វីៗដែល​លោក​អតីត​ប្រធាន​បក្ស​ធ្វើ​នេះ គឺ​ដើម្បី​តែ​មហិច្ឆតា​អំណាច​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការចេញ​សារ​អំពាវនាវ​របស់លោក​ស​ម រង្ស៊ី​នេះ ធ្វើឡើង​ស្រប​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ​បំផុសបំផុល​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឱ្យ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​ជាមួយ​លោក ដើម្បី​ចាប់ដៃគ្នា​ជាមួយ​ពលរដ្ឋ​ក្នុងស្រុក​ងើបឈ​ឡើង​ប្រឆាំងនឹង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​សន្តិវិធី។ លោក​សម រង្ស៊ី​ថែមទាំង​អះអាងថា លោក​មក​ស្រុក​ខ្មែរ​វិញ​នៅពេល​ខាងមុខនេះ គឺ​ដើម្បី​មក​ចាប់​លោក​ហ៊ុន សែន មិនមែន​មកឱ្យ​លោក​ហ៊ុន សែន​ចាប់ខ្លួន​នោះទេ។

ប៉ុន្តែ​លោក​សុខ ឥសាន ធ្លាប់បាន​ចំអក​ថា តើន​រណា​នឹង​ចាប់​នរណា​ឱ្យ​ប្រាកដ។ សម្រាប់​លោក​សុខ ឥសាន លទ្ធភាព​ដែល​លោក​សម រង្ស៊ី ថា​មក​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ គឺ​អត់​មាន​ទេ។ នេះ បើតាម​អ្នកនាំពាក្យ​បក្ស​កាន់អំណាច គឺ​ព្រោះថា គ្រាន់តែ​លោក​សម រង្ស៊ី មកដល់​ព្រលានយន្តហោះ​នៅ​កម្ពុជា​ភ្លាម នឹងត្រូវ​ចាប់ខ្លួន​ភ្លែត​តែម្តង ដោយ​អ្នក​មក​គាំទ្រ​មិន​ទាំង​បានដឹង និង​ឃើញ​រូបលោក​សម រង្ស៊ី​ផង​ទេ ៕

បញ្ចេញមតិយោបល់អ្នក