កសិករពោធិ៍សាត់មួយក្រុម ជួបជុំគ្នាលេងបៀរ-ឆ្នោត ដល់ប៉ូលីសចុះបង្ក្រាបរត់ចោលវង់

ពោធិ៍សាត់ៈ កម្លាំង​ប៉ុស្តិ៍​នគរ​បាល រដ្ឋ​បាល​អន្លង់​រាប បាន​សហ​ការ​ជា​មួយ​កម្លាំង​ អធិការ ​ដឹក​នាំ​ដោយ​លោក វរៈ​សេនីយ​ត្រី លួង ប៊ុនឡាយ ឋានៈ​អធិការ​រង​ផ្នែក​ការងារ​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​វង់​ល្បែង​ស៊ី​សង​ខុស​ច្បាប់ (លេង​បៀរ) ចំនួន​ពីរ​វង់ ដោយ​ចាប់​បាន​តែ​ស្បែក​ជើង​ប្រុស​ស្រី​១១​គូ រីឯ​មនុស្ស គ្មាន​ចាប់​បាន​ម្នាក់​សោះ​ឡើយ ។

ករណី​នេះ​ត្រូវ​គេ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្រោម​ផ្ទះ​របស់​ឈ្មោះ សៅ រដ្ឋា (ហៅ​កា​ធំ) ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កសិករ រស់​នៅ​ភូមិ​ក្រាំង​រងៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ។

សមត្ថកិច្ច​ចាប់​បាន​វត្ថុតាង​ផង​ដែរ បៀរ​ពណ៌​ខៀវ ចំនួន​២៦០​សន្លឹក, លុយ​ខ្មែរ​ចំនួន​១៧០០០៛, កំរាល​កន្ទេល​ចំនួន​០២​និង​ភួយ​ចំនួន​០១, ទ្រនាប់​ជើង​ចំនួន​១១​គូ, សៀវភៅ​កត់​កន្ទុយ​លេខ​ចំនួន​១​ក្បាល, ម៉ូតូ​ចំនួន​០៦​គ្រឿង, ម៉ូតូ​អា​សង់ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៨​ចំនួន​០៣​គ្រឿង, ម៉ូតូ​អាសង់ ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៧​ចំនួន​០១​គ្រឿង, ម៉ូតូ​ស្កុបពី ពណ៌​ស​ចំនួន​០១​គ្រឿង និង ម៉ូតូ​អា​វេវ​អាល់ហ្វា ពណ៌​ខៀវ​ចំនួន​០១​គ្រឿង (អត់​ស្លាក​លេខ) សរុប៥​គ្រឿង ។ ចំពោះ​អ្នក​លេង​ល្បែង​បាន​រត់​គេច​ខ្លួន​អស់ ។

វត្ថុតាង​ទាំង​អស់ បាន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​វាល​វែង ​៕

ប្រភព ៖ Campost