សម្ដេច ហ៊ុន សែន សន្យាថាឆ្នាំក្រោយនឹងគ្មានការខ្វះអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះទេ

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសន្យាថា នៅឆ្នាំក្រោយនឹងគ្មានការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចឆ្នាំនេះឡើយ ព្រោះកំពុងតែបញ្ជាទិញ អគ្គិសនីបន្ថែមពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ទៀត ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ បានថ្លែងថា ផែនការអគ្គិសនីត្រូវតែមានការរៀបចំឡើងវិញ ដើម្បីកុំឲ្យមានការខ្វះខាតនៅឆ្នាំ២០២០ ដូចរដូវប្រាំងឆ្នាំនេះទៀត ។

សម្ដេច បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្ដងទៀត សូមការអធ្យាស្រ័យពីសំណាក់ ប្រជាពលរដ្ឋរបស់យើង ដែលកន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ កាត់ភ្លើងនៅកន្លែងនោះ ។ ប្រជាពលរដ្ឋរបស់យើងជួបការលំបាក ក៏ប៉ុន្តែឥឡូវតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពនេះទេ” ។

សម្ដេចបន្ដ ថា បើវ៉ារីអគ្គិសនីដើរមិនបាន តែមានម៉ាស៊ីនដើរដោយធ្យូងថ្ម ដើរដោយហ្គាស និងម៉ាស៊ីនដើរដោយប្រេងឥន្ធនៈ ដែលនឹងត្រូវបញ្ឆេះឡើង ដើម្បីបំពេញឲ្យការខ្វះខាតអគ្គិសនី ។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ការដាច់ភ្លើងនៅមន្ទីរពេទ្យលោកសង្ឃ កន្លងទៅដោយសារក្រុមការងារ ធ្វើផ្លូវបានយកអាកាបទៅកាយដី ធ្វើឲ្យប៉ះចំខ្សែភ្លើងរបស់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យដាច់ភ្លើង បែបនេះកើតឡើង។

ពាក់ព័ន្ធករណីនេះ សម្ដេចថា មន្ទីរពេទ្យជាកន្លែងអាទិភាពខ្លាំងជាងគេ ពោលព្រោះជាកន្លែងសង្រ្គោះអាយុជីវិតមនុស្សដោយខានពុំបាន ដូច្នេះគ្មានករណីកាត់ភ្លើង ចេញពីមន្ទីរពេទ្យ ដូចមតិមួយចំនួនលើកឡើង ខុសពីការពិតឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ឲ្យដឹងទៀតថា នៅរាជធានីភ្នំពេញដែលជាតំបន់ សេដ្ឋកិច្ចដ៏ពិសេសរបស់កម្ពុជា នឹងត្រៀមអគ្គិសនី ៤០០មេកាវ៉ាត់ សម្រាប់ត្រៀមទុកប្រើនៅពេលខ្វះខាត ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាល បានអនុម័តថវិកាសម្រាប់ ការបញ្ជាទិញអគ្គិសនី ៤០០មេកាវ៉ាត់ ពីហ្វាំងឡង់ និងអាល្លឺម៉ង់ ដោយត្រូវធ្វើយ៉ាងណា ឲ្យបាននៅខែតុលានេះ ។

ក្នុងនោះ បានទិញពីហ្វាឡង់ចំនួន ២០០មេកាវ៉ាត់ ទិញពីអាល្លឺម៉ង់ចំនួន ២០០មេកាវ៉ាត់ ដើម្បីតំឡើងត្រៀម ទុកសម្រាប់នៅភ្នំពេញ ក្នុងប្រការណាមួយដែល វ៉ារីអគ្គិសនីបញ្ចេញមិនបានគ្រប់គ្រាន់ ។

សម្ដេចថា ឆ្នាំក្រោយក្នុងរាជធានីភ្នំពេញ គ្មានទេហេតុផលណាដែលខ្វះ អគ្គិសនីប្រើប្រាស់ទៀតឡើយ ព្រោះម៉ាស៊ីនភ្លើងនឹងដាក់ ឲ្យដំណើការជាបន្តបន្ទាប់ ជាក់ស្ដែងម៉ាស៊ីនខ្លះកំពុងតំឡើង ដូចជាក្រុមហ៊ុន មកពីម៉ាឡេស៊ី កំពុងតំឡើងនៅក្រុងព្រះសីហនុ ១៣៥មេហ្កាវ៉ាត់ ដោយយកម៉ាស៊ីនពីក្រុមហ៊ុន JE របស់អាមេរិក ហើយក្រុមហ៊ុនធ្វើការតំឡើងគឺ ក្រុមហ៊ុនរបស់ជប៉ុនតស៊ីម៉ាក ៕

ប្រភព ៖ Campost.News

បញ្ចេញមតិយោបល់អ្នក