ពលរដ្ឋហួសចិត្តពេលដែល គណៈសង្ឃ រៃលុយកសាងវត្ត ៨ នៅឥណ្ឌា តែមិនជួយមន្ទីរពេទ្យគន្ធបុប្ផា

កាលពីពេលថ្មីៗនេះ គណៈសង្ឃនាយក ព្រះទេវសត្ថា ពឿយ មេត្តា បាននិមន្តអំពាវនាវ ដល់ពុទ្ធបរិស័ទ ជិតឆ្ងាយ ចូលរួមបច័្ចយតាមរយៈ ការផ្តើមធ្វើបុណ្យផ្កាប្រាក់ ដើម្បីយកទៅ កសាងវត្តចំនួន៨ នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែល មន្ទីរ ពេទ្យគន្ធបុប្ផា ដែលជាពេទ្យ សប្បុរសធម៌តែមួយគត់នៅកម្ពុជា ខ្វះខាតថវិកាតម្រូវ ឱ្យមានការជួយ ឧបត្ថម្ភជាបន្ទាន់ បើពុំនោះទេមន្ទីរ ពេទ្យនេះត្រូវ ប្រឈមុខ នឹងការបិទទ្វារ។

កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ព្រះទេវសត្ថា ពឿយ មេត្តា មានព្រះថេរៈដីកាបន្ថែមឱ្យដឹងថា រាល់បច្ច័យ ដែលបានមកពីពុទ្ធបរិស័ទទាំងអស់នឹងយកទៅ សាងសង់វត្តចំនួន៨ នៅក្នុងប្រទេសឥណ្ឌា ដែលខ្វះខាតកុដិ​ វិហារ សាលាឆាន់ និងរបង។ វត្តទាំងប្រាំបីនោះ រួមមានវត្តខ្មែរខេរុវេលនិគម វត្តខ្មែរសុវណ្ណភូមិក្រុងរាជគ្រឹះ វត្តខ្មែរវេសាលី វត្តខ្មែរកុសិនារា វត្តខ្មែរសាវត្តី វត្តខ្មែរសារនាថ វត្តខ្មែរលុម្ពិនី និងវត្តខ្មែរពុទ្ឋគយា ដែលស្ថិតនៅ ក្នុងប្រទេសឥណ្ឌា

និស្សិតរស់នៅក្នុង រាជធានីភ្នំពេញ និងប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញទស្សនៈផ្សេងគ្នា ទៅលើការអំពាវនាវ របស់ គណៈសង្ឃកម្ពុជាថា ការធ្វើបែបនេះ វាគឺជារឿងគួរឱ្យ អស់សំណើចផង និងហួសចិត្តផង។ លោក ស៊ីន ជា មុខរបររត់ម៉ូតូឌុប ជាប្រជាពលរដ្ឋរស់នៅ ម្តុំផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ បាននិយាយថាលោកមិនទាន់ដឹង ព័ត៌មាននេះនៅឡើយទេ ប៉ុន្តែប្រសិនជា អញ្ចឹងមែននោះ លោកមិនគាំទ្រ ចំពោះទង្វើរបស់គណៈសង្ឃទេ។ លោកបន្ដថា “ប្អូនគិតមើល ខ្មែរយើងក្រមិនសូវមានលុយទេ ខ្ញុំរកលុយមិនសូវបាន មានជីវភាពគ្រួសារ រកព្រឹកខ្វះល្ងាច ហើយសូម្បី តែមន្ទីរពេទ្យគន្ធបុប្ផា ដែលជួយពលរដ្ឋរាល់ថ្ងៃ មិនយកលុយក៏ចង់ប្រកាស បិទទ្វារកាលពី លើកមុនដែរ ខំតែនាំគ្នារៃលុយ ទាន់ពេល ខំអីបិទបាត់យូរ ណាស់ហើយ។ ដល់អញ្ចឹង ដូចហួសចិត្តដែរ”។

លោកបន្តទៀតថា ការចូលបច្ច័យ ធ្វើបុណ្យដាក់ទាន លោកចូលរូមមិនដែលខានឡើយ ជាពិសេសពេលមាន បុណ្យទានម្តងៗ តែលើកនេះ ប្រសិនជាមាន ការរៃអង្គាសទៅដល់ផ្ទះលោក គឺលោកនឹង មិនចូលរូមច្រើនដូចមុនឡើយ ដោយទុកលុយខ្លះ សម្រាប់ពេលកូនឈឺ នឹងចូលបរិច្ចាគ មន្ទីរពេទ្យ គន្ធបុប្ផា វិញ ព្រោះមន្ទីរពេទ្យនេះ បានជួយសង្គ្រោះជីវិតកូនប្រុសរបស់លោក កាលពីកន្លះឆ្នាំមុន និងក្មេងក្រីក្រជាច្រើនទៀត ក្នុងប្រទេសកម្ពុជា។

ចំណែកនិស្សិតស្រីម្នាក់ រៀននៅភ្នំពេញ បាននិយាយដោយសុំ មិនបញ្ចេញឈ្មោះថា” ខ្ញុំយល់ឃើញថា ថ្វីត្បិតតែជាការ ពង្រីកនូវវិស័យ ព្រះពុទ្ធសាសនា របស់យើងទៅ ក្រៅប្រទេសក៏ដោយ តែត្រូវធ្វើក្នុងលក្ខខណ្ឌ មួយដែលប្រទេសយើងសម្បូរ សប្បាយដូចថៃអី គេមានជាងយើង គេធ្វើចឹងមិនអីទេ តែបងដឹងស្រាប់ហើយ នេះមានអញ្ចឹងឯណា​” ។ និស្សិតរូបនេះ និយាយបន្តទាំងអស់ សំណើចផងដែរថា “ជនក្រីក្រ ដើរសុំទានច្រើនសឹងអី តាមផ្លូវនៅភ្នំពេញ គ្មានអ្នកគិតគូរជួយសោះ  ដូចពេទ្យគន្ធបុប្ផា ជាដើមប្រកាស រកសប្បុរសជន ឱ្យជួយរាល់ថ្ងៃ មិនជួយ បែរជាទៅធ្វើវត្តនៅ ស្រុកគេទៅវិញ”។

មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា ​ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ​ដើម្បីជួយ​ព្យាបាល ​ជំងឺ​ដោយ​ឥតគិតថ្លៃ​ ដល់កុមារ​កម្ពុជា​។ បើតាមលោក Beat Richner (​បេ​អាត រី​ច្នឺ​) ស្ថាបនិកមន្ទីរពេទ្យ គន្ធបុ​ប្ជាបាននិយាយថា មន្ទីរពេទ្យ​​នេះ បាន​ចំណាយ​ថវិកា​អស់​ ចំនួន​៥៦៣​លាន​ដុល្លារ​ ក្នុង​បេសកកម្ម​ សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​ របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក។ ពោលគឺ​រយៈពេល​២៤​ឆ្នាំ​ មកហើយ​។ ក្នុងចំណោម ​ថវិកា​ទាំង​៥៦៣​លាន​ដុល្លារ​ គឺ៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន ​ដែល​ភាគច្រើន ​មកពី​ប្រជាជន​រស់នៅក្នុង​ ប្រទេស​ស្វី​ស ៤,៧​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ​បានមក ពី​ការចូលរួម​វិភាគទាន ​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។

យើងសង្កេតឃើញថា​ ក្រោយពីលោក Beat Richner ចង់ប្រកាសបិទទ្វារ មន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានលុយដំណើរ ការបន្តទៀត និងដោយវ័យ របស់លោកកាន់តែ ចាស់មិនអាចលេងភ្លេង រកលុយបានទៀតនោះ ទើបធ្វើឱ្យប្រជាពលរដ្ឋ អង្គការសង្គមនានា ព្រមទាំងគណបក្សនយោបាយ មួយចំនួនបាននាំគ្នា ធ្វើសកម្មភាពរៃអង្គាសតាម គ្រប់រូបភាព ដើម្បីប្រមូលថវិការមក ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលស្ទើរតែប្រកាសបិទទ្វារម្តងៗ។ រហូតមកដល់ពេលនេះ កុមារកម្ពុជារាប់លាននាក់ ត្រូវបានមន្ទីពេទ្យសប្បុរសធម៌មួយនេះ ជួយសង្គ្រោះជីវិត។

ប្រភពទាំងស្រុង ៖ KhmerThmey

បញ្ចេញមតិយោបល់អ្នក