ប្រជាពលរដ្ឋខ្មែរ បែងចែកមិនដាច់រវាងព្រះសង្ឃ និងចោរក្នុងសាសនា ព្រោះ «ស្បង់ចីពរ»

ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរមិនអាចបែងចែកឲ្យដាច់រវាងចោរក្នុងសាសនា និងព្រះសង្ឃបានទេ ព្រោះរាល់ពេលដែលពួកគេឃើញស្បង់ចីពរនៅលើខ្លួននណាម្នាក់ និងកោរសក់ក្បាលអារម្មណ៍ដិតដាមថាជាសាវ័ករបស់ព្រះពុទ្ធកើតឡើងភ្លាម ដែលនេះហើយជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរតែងតែចាញ់បោកជនខិលខូចបន្លំខ្លួនធ្វើជាសង្ឃដើម្បីស្វែងរកលាភសក្ការៈ ។

រាល់ពេលឲ្យតែមានការលើកឡើងអំពីអំពើខិលខូចរបស់សង្ឃមួយចំនួនក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ មតិ២ បានកើតឡើងភ្លាមៗគឺមតិស្រប និងមតិផ្ទុយ ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរមានការខ្វែងគំនិតគ្នាឈានដល់ការបង្កើតពាក្យពេជន៍មិនសមរម្យដាក់គ្នា ។

ដោយឡែកចំពោះមតិស្របថា សង្ឃខិលខូចគួរតែត្រូវបានផ្សឹក និងចាត់ចែងទៅតាមច្បាប់នៃក្រសួងធម្មការដែលបានចែង បើទោះបីជាសង្ឃនោះ បានធ្វើអំពើល្អមួយចំនួនក្ដី បើសិនណាជាសង្ឃនោះបានប្រព្រឹត្តិខុសវិន័យសង្ឃ និងអាចឈានដល់ការដាក់ទោសទណ្ឌក្រោយពេលលាចាកសិក្ខាបទថែមទៀត ពាក់ព័ន្ធនឹងរឿងដូចជាគ្រឿងញៀន រួមសេពសន្ថវៈជាមួយស្រី បិណ្ឌបាត្រសន្សំថវិកា ដើម្បីទិញលាភសក្ការៈជាដើម សុទ្ធតែចាត់ចូលជាការប្រមាថដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយបើកចំហរ ។ មតិស្របក្នុងរឿងនេះបានចេញបកស្រាយ និងវែកញែក ព្រមទាំងបង្ហាញភស្ដុតាងជាក់ស្ដែង ដើម្បីឲ្យមហាជនពិចារណា និងចាត់ការធ្វើពិធីសាសនាតាមការគួរ ហើយពួកគេយល់ថាគួរតែបើកចំហ ជាសាធារណៈដើម្បីឲ្យមានភាពផូរផង់ ក្នុងសាសនាបន្ថែមទៀត ។

យ៉ាងណាមិញ មតិផ្ទុយឯណោះវិញ បានយល់ឃើញថា មិនគួរធ្វើការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមឡើយ មូលហេតុវាប៉ះពាល់ដល់ស្ថាប័នសង្ឃ និងសាសនាដ៏ផូរផង់របស់ខ្លួន ភាគច្រើនពួកគេយល់ឃើញថា រឿងសង្ឃគួរតែមន្រ្តីសង្ឃ និងក្រសួងធម្មការ និងសាសនា ចាត់ចែង មិនគួរបង្ហោះនាំខូចដល់សាសនានោះឡើយ ។

ករណីលើកលែងមួយចំនួនរបស់សង្ឃខ្មែរ ភាគច្រើនបួសនាពេលបច្ចុប្បន្នមិនមែនមានន័យថាបួសដើម្បីស្វែងរកធម៌ ឬយកព្រះធម៌ទៅទេសនាអប់រំទូន្មាន និងគោរពវិន័យតឹងរ៉ឹងដើម្បីឲ្យសាសនារីកចម្រើនអ្វីនោះឡើយ គឺភាគច្រើនអ្នកបួសគឺមកពីជីវភាពមិនអាចទប់ទល់នឹងការចំណាយដូចជាការរៀនសូត្រជាដើម ដែលធ្វើឲ្យកូនកសិករក្រីក្រមួយចំនួនសុខចិត្តបួសដើម្បីបាននិមន្ដបិណ្ឌបាតពេលព្រឹកបានអាហារ និងថវិការបន្ដការសិក្សា ហើយនឹងបំណងសឹកថ្ងៃណាមួយ រកការងារធ្វើ ។

ផ្ទុយទៅវិញសង្ឃមួយចំនួន បានឃើញឱកាសនៃការរកចំណូលដោយមិនបានប្រឹងប្រែងច្រើន ក៏បានបួសដើម្បីរកលុយមកចាយវាយ ទិញស្រាផឹក ទិញរបស់ល្អៗប្រើប្រាស់ របស់មិនឆ្ងាញ់មិនឆី ក៏រកតែរបស់ពៅដូចជាស៊ុប ដូចជាសាច់ លួចឆាន់ពេលល្ងាច ជុំគ្នាជាដើម រហូតឈានដល់បបួលគ្នា ជក់គ្រឿងញៀន នាំស្រីស្នេហ៍មកដល់កុដិរួមរ័ក្សតាមកាមរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតាមព័ត៌មានម្ដងៗ ដែលនេះហើយគឺជាមហាចោរក្នុងសាសនា មិនមែនបួសដើម្បីការរីកចម្រើនទេ គឺបួសដើម្បីសប្បាយតាមវិធីមួយបែបផ្សេងប៉ុណ្ណោះ ៕

បញ្ចេញមតិយោបល់អ្នក