មហារចោរក្នុងសាសនា ៥ ពួកដែលព្រះពុទ្ធសម្តែង មានពពួកណាខ្លះ?

មានកាលសម័យមួយ មានភិក្ខុមួយក្រុមចាំវស្សាក្នុងតំបន់ដែលមានប្រជាពលរដ្ឋជួបគ្រោះទុរភិក្ស ខ្វះខាតបាយម្ហូបជាខ្លាំង។ វេលានោះ ភិក្ខុទាំងនោះនាំគ្នាជជែករកគំនិតដើម្បីបានចង្ហាន់ឆាន់ដោយបរិបូណ៍ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតដូច្នេះ។

មានភិក្ខុមួយអង្គក្នុងចំណោមភិក្ខុទាំងនោះ បានបញ្ចេញគំនិតថា មានតែអួតរឿងគុណធម៌ក្លែងក្លាយ ពេលណាគេលឺ គេចង់បានបុណ្យ គេប្រាកដជាបូជាយើងហើយ។ គំនិតនេះមានប្រសិទ្ធភាពមែន បរិស័ទ្ធយកចង្ហាន់បូជា ធ្វើអោយភិក្ខុទាំងនោះ មានចង្ហាន់ឆាន់បរិបូណ៍ ។

ដំណឹងលឺដល់ព្រះពុទ្ធ ព្រះអង្គតិះដៀលយ៉ាងច្រើនរឿងនេះ ។ ក្នុងដំណើរនេះទើបព្រះអង្គបញ្ញត្តិសិក្ខាបទថា “ភិក្ខុណាអួតគុណវិសេសដែលមិនមានក្នុងខ្លួន ត្រូវអាបត្តិបារាជិក”

ភិក្ខុមហាចោរទាំង៥

១​ – ប្រាថ្នាបរិស័ទ

ចង់ល្បី ចង់បានអោយគេសរសើរ ចង់បានអោយគេគាំទ្រ ព្រោះចិត្តចង់បានប្រយោជន៍ផ្ទាល់ខ្លួន មានជាបច្ច័យបួន លុយកាក់ កិត្តិយស តំណែង តួនាទី

២ – អ្នកបួសយកគំនិតគេទៅនិយាយសម្តែង

លុះបានល្បី មានគេសួរថា ចេះពីណា រៀនពីណា? បែរជាឆ្លើយថា អាត្មាចេះខ្លួនឯង គ្មានគ្រូណាបង្រៀនអាត្មាទេ ។ ដោយចេតនាចង់ល្បី ជាប្រយោជន៍ផ្ទាល់ខ្លួន មិនប្រាប់ថាខ្លួនចេះពីណាឡើយ។

៣​ – ចោទអ្នកដទៃដោយគ្មានហេតុផល

គឺស្មើនឹងលាបពណ៌ កាច់មូល ខុសការពិត។ មានច្រើនណាស់អ្នកបួសប្រភេទនេះ ។

៤ – អ្នកបួសផ្គាប់ផ្គុនគ្រហស្ថ

ដោយចង់ល្បី ចង់អោយគេសរសើរ ចង់អោយគេគាំទ្រ ជាប់មុខមាត់។ មានតួយ៉ាង យកអំណោយទៅចែកជូន អ្នកក្រ ហើយថតបង្ហោះបង្ហាញ ក្នុងចេតនាចង់បានការសរសើរ គាំទ្រ ល្បី មុខមាត់​។

៥ – មហាចោរធំបំផុត គឺអ្នកបួសណា ដែលអួតគុណធម៌ដែលមិនមានក្នុងខ្លួន

ដើម្បីបានការសរសើរ គាំទ្រ រឺលាភសក្ការៈពីគ្រហស្ថ។ ព្រះពុទ្ធគូសបញ្ចាក់ថា ភិក្ខុណាខ្លួនមិនបរិសុទ្ធទេ តែសម្តែងអាការៈហាក់ដូចជាខ្លួនបរិសុទ្ធ ចំពោះមុខបរិស័ទ ។ល។ ខ្លួនប្រព្រឹត្តខុសវិន័យ អត់ស្អាតស្អំទេ តែពេលសម្តែងធម៌ធ្វើផ្អែមៗ ហាក់ដូចជាមនុស្សអស់កិលេសមានគុណធម៌ខ្ពស់ណាស់ អាការៈដូចនេះ ព្រះពុទ្ធសម្តែងថា ជាមហាចោរធំបំផុតក្នុងសំណាក់ព្រះពុទ្ធ។

ប្រភព ៖ Facebook : ក្រុមទឹកចិត្តសមណៈ