អ្នកនាំពាក្យបក្សជួង ឆ្លើយតបទៅ អគ្គ​លេខាធិការ​រង គ.ជ.ប អំពីការប្រើត្រាបោះលើសន្លឹកឆ្នោត

ក្រោយ​ពេល​ដែល​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៨ ​ថា LDP គ្រោង​ទាមទារ​ការ​បោះឆ្នោត​នា​អាណត្តិក្រោយ ដោយការ​ប្រើ​ត្រា​ជំនួស​ការគូស​សញ្ញាធិក​លើ​សន្លឹក​ឆ្នោត។

លោក​ សោម សូរីដា អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ថ្លែង​​បញ្ជាក់​កាលពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៨​ ថា៖ គ.ជ.ប មិនអាច​ប្រើត្រា​ជំនួស​ការ​គូស​សញ្ញាធិក ដើម្បី​បោះឆ្នោត​​គាំទ្រ​គណបក្ស​នយោបាយ​ នៅលើ​សន្លឹកឆ្នោត​បាន​នោះ​ទេ។

លោក សោម សូរីដា បានថ្លែង​ទៀតថា មូលហេតុ​ដែល​ គ.ជ.ប មិន​អាច​ប្រើត្រា​ជំនួស​ការគូស​សញ្ញាធិក ដើម្បី​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ នៅលើ​សន្លឹក​ឆ្នោត ដោយសារតែ៖

  • ច្បាប់​ពុំមាន​ចែង​ឱ្យ​ប្រើ​ត្រា​គំនូស​សញ្ញាធិក
  • ពុំទាន់បានផ្សព្វផ្សាយ ណែនាំ និងអប់រំអ្នកបោះឆ្នោតឱ្យបានដឹង និងចេះប្រើត្រា ដើម្បី​បោះ​ឆ្នោត​គាំទ្រគណបក្សនយោបាយ។
  • ដំណើរការ​បោះឆ្នោត​អាច​ប្រឈមនឹង​ហានិភ័យ​ផ្សេងៗ​ដែល​បណ្ដាល​មកពី​ការ​ប្រើ​ត្រា​គំនូស​នេះ។

យ៉ាងណា​ក៏ដោយ អគ្គលេខាធិការរង​រូបនេះ បញ្ជាក់​ថា ប្រសិនបើ​ច្បាប់​អនុញ្ញាត នោះ គ.ជ.ប នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​តាក់តែង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការ​ប្រើប្រាស់​ត្រា​គំនូសធិក​នេះ។

លោក សោម សូរីដា ​បន្ត​ថា ប្រសិន​បើមាន​គំនូស​សញ្ញា​ឯកភាព​មួយ គាំទ្រ​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត​នោះ ៖

  • គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត នឹង​ងាយស្រួល​ក្នុងការ​កំណត់​សន្លឹក​ឆ្នោត​បានការ និង​មិនបាន​ការ ដោយ​ផ្អែកលើ​គំនូស​សញ្ញា​ឯកភាព​តែមួយ​នេះ។
  • លែងមាន​ការខ្វែង​គំនិត​គ្នា លែងមាន​ការ​ចោទ​ប្រកាន់​គ្នា និងកាត់​បន្ថយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកកូវ គា អ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបកស្រាយចំណុចទាំងបីដែលលោក​ សោម សូរីដា បានលើកឡើងខាងលើ និងបានសួរសំណួរជាច្រើនដល់ គ.ជ.ប ផងដែរ។

លោកកូវ គា បានលើកឡើងថា៖

  • ទីមួយអ្នកយល់ថាវាពិតជាមានប្រយោជន៍មែនដែរឬអត់? បើមានប្រយោជន៍ ម៉េចក៏អ្នកយកហេតុផលថាច្បាប់គ្មានចែង តើស្អីទៅជាគតិបណ្ឌិតនៃច្បាប់? ប្រទេសនីមួយៗ លើលោក គេបានធ្វើវិសោធនកម្មច្រើនដងណាស់ដើម្បីទទួលបានភាពសុក្រិត ឬ គតិបណ្ឌិតនៃច្បាប់ ។ វិសោធនកម្មរកសុក្រឹតភាពឬគតិបណ្ឌិតនៃច្បាប់គឺដើម្បី ភាពងាយស្រួល ភាពត្រឹមត្រូវ និង យុត្តិធម៌ បម្រើអោយប្រយោជន៍ពលរដ្ឋក្នុងសង្គម ម្យ៉ាងកម្ពុជាក៏មិនមែនមិនធ្លាប់ធ្វើវិសោធនកម្មច្បាប់ឯណា? សំខាន់អ្នកច្បាស់ថាវាពិតជាប្រយោជន៍មែនដែរឬអត់?
  • ទីពីរ ហេតុផលមិនទាន់បានផ្សព្វផ្សាយ វាជារឿងធម្មតាទេតើ មិនទាន់បានផ្សព្វផ្សាយ ព្រោះអ្នកមិនទាន់យល់ថាវាល្អឬទទួលយកវាផង លុះត្រាតែអ្នកយល់ថាវាពិតជាល្អសិន ទើបអ្នករៀបអោយមានការផ្សព្វផ្សាយក្រោយ ហើយតើគ្រាន់តែផ្សព្វផ្សាយរឿងបោះត្រាលើសន្លឹកឆ្នោត តើអ្នកត្រូវការពេលផ្សព្វផ្សាយយូរប៉ុណ្ណាទៅ? វាពិតជាពិបាកណាស់ទៅឬ? តើវាពិបាកជាងបង្រៀនគូសសញ្ញាគ្រប់ប្រភេទទៅទៀតឬ? តើអ្នកប្រុងយកហេតុផលមិនទាន់ផ្សព្វផ្សាយនេះ ដើម្បីរក្សារបៀបបោះឆ្នោតដូចសព្វថ្ងៃនេះរាងរហូតទៅឬ?
  • ទីបី បើអ្នកគិតពីលទ្ធភាពបន្លំ តើអ្នកណាជាអ្នកមានលទ្ធភាពបន្លំ? សន្លឹកឆ្នោតមុននឹងអនុញ្ញាតអោយប្រើប្រាស់ឬបោះត្រា គឺសុទ្ធតែមានការបោះត្រាផ្លូវការ គជប ភ្លាមៗនៅនឹងការិយាល័យបោះឆ្នោត តើគេនឹងបន្លំយ៉ាងម៉េចទៅ? តែយ៉ាងណាអ្នកត្រូវដឹងថា បើការបោះត្រាតែមួយដូចៗគ្នា ងាយបន្លំ នោះរបៀបបោះឆ្នោតរាល់ថ្ងៃ វាកាន់តែងាយបន្លំជាងទៅទៀត វាកាន់តែធ្វើអោយបាត់ភាពត្រឹមត្រូវ និងយុត្តិធម៌ជាងទៅទៀត ព្រោះគូសសញ្ញាអីក្នុងសន្លឹកឆ្នោតក៏អ្នកចេះតែយកជាបានការដែរ ។ បើអ្នកពិតបារម្មណ៍ពីភាពត្រឹមត្រូវ អ្នកគិតយ៉ាងណា ក៏ការបោះត្រាមានភាពសុក្រឹត ត្រឹមត្រូវជាងការចេះតែគូសសញ្ញាគ្រប់ប្រភេទដូចសព្វថ្ងៃនេះដែរ ។ ហើយដើម្បីអោយរឹតតែសុក្រិត គឺអ្នកត្រូវបង្កើតវិធានការរុញច្រានឬអម ដើម្បីកាន់តែទទួលបាននូវភាពត្រឹមត្រូវ ដូចជាប្រមូលសន្លឹកឆ្នោតគ្រប់ការរិយាល័យ មករាប់ក្នុងឃុំនៅថ្ងៃបោះឆ្នោត ហើយ ធ្វើការផ្សាយបន្តផ្ទាល់អោយម្ចាស់ឆ្នោតធ្វើជាសាក្សី ដើម្បីចៀសវាងការបន្លំ .ល.៕

ប្រភពអត្ថបទ៖ ខ្លីៗ និង ហ្វេសប៊ុកលោក កូវ គា