គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសម្ពោធស្នាក់ការថ្មីប្រចាំខេត្តបន្ទាយមានជ័យ(វីដេអូ)

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមនុស្សគ្រប់គ្នាតែងហៅកាត់ខ្លីៗថា បក្សជួង ឬអិលឌីភី (LDP) បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការថ្មីប្រចាំខេត្ត មួយទៀតហើយ ដែលស្ថិតនៅ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអាទិត្យទី ០៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយមានសមាជិកអ្នកចូលរួមប្រមាណជា ៤០០នាក់ ក្រោមវត្តមានរបស់ លោក ចិន ថុន តំណាងគណៈកម្មាធិការអចិន្រ្តៃបក្ស និងតំណាងខេត្តផ្សេងទៀត ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ដាក់សម្ពោធស្នាក់ការថ្មីប្រចាំខេត្តបន្ទាយមានជ័យ នៅកណ្តាលក្រុងសិរីសោភ័ណ ។  តាមសេចក្តីជូនដំណឹងពី គសប ខេត្តបន្ទាយមានជ័យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបើកសម្ពោធស្នាក់ការ ដែលមានទីតាំងស្ថិតក្នុងភូមិ​អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ។

Loading...

លោក នីវ ស៊ីណោយ ប្រធានការិយាល័យ គសប ​ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ក្រុមប្រឹក្សាខេត្តបានសម្រេចជ្រើសរើសយកថ្ងៃអាទិត្យ ដើម្បីសម្ពោធស្នាក់ការថ្មី និងលើកស្លាកធំ ពីមុខស្នាក់ការ ។ លោកបានបន្ថែមថា ជាមួយគ្នានឹងការសម្ពោធស្នាក់ការថ្មីនេះ គណបក្សនឹងធ្វើវេទិកានៅក្នុងថ្ងៃតែមួយ ដោយតំណាងអចិន្ត្រៃយ៍អញ្ជើញចូលរួមផងដែរ ។

លោកស៊ីណោយបានបន្ថែមថា “នៅថ្ងៃសម្ពោធស្នាក់ការរបស់យើង នឹងមានប្រជាពលរដ្ឋចូលរួមប្រមាណ៤០០នាក់ យើងក៏បានអញ្ជើញតំណាងខេត្តផ្សេងៗទៀតដែរ ដូចជា បាត់ដំបង សៀមរាប ប៉ៃលិន និងឧត្តរមានជ័យ ហើយតំណាងអចិន្ត្រៃយ៍ពីររូប គឺលោក សន បូផង់ អនុប្រធានគណបក្ស និងលោក ចិន ថុន អគ្គលេខាធិការ ក៏នឹងមកចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីស្អែកនេះដែរ” ។

លោកក៏បានជូនដំណឹងថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងអស់អាចតាមដានពិធីសម្ពោធនៅថ្ងៃស្អែកនេះ តាមរយៈទំព័រ Facebook ផ្លូវការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងដែរ ។ គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបើកឱ្យដំណើរការស្នាក់ការថ្មីៗ មានទីតាំងនៅតាមទីរួមខេត្តនានា ដែលរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងជាដើម ដែលមានស្លាកធំស្រស់ស្អាតនៅខាងមុខ ។ ការបើកឱ្យដំណើរការស្នាក់ការនៅតាមបណ្តាខេត្តទាំងនេះ លោក ចិន ថុន ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារគណបក្សត្រូវការទីតាំងឈរជើង ដើម្បីប្រជុំ និងងាយស្រួលធ្វើការងារបក្ស ។

បើទោះបីជាមានភ្លៀងធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យក្ដីអ្នកចូលរួមនៅតែបន្ដចូលរួម និងអង្គុយយ៉ាងមានរបៀប ដោយមានការច្រៀងចម្រៀងបក្ស និងស្ដាប់ការមានមតិយោបល់ពីសំណាក់តំណាងខេត្ត និងតំណាងគណៈកម្មាធិការបក្ស ។ ជាចុងក្រោយមតិប្រជាពលរដ្ឋក៏មានការចូលរួមយ៉ាងផុសផុល និងបញ្ចេញមតិយោបល់របស់ខ្លួនផងដែរ បូករួមទាំងការចូលថវិកា ដែលជាវប្បធម៌របស់គណបក្សនេះ ក្នុងការជួយទ្រទ្រង់ការរៀបចំទៅលើការចំណាយផ្សេងៗ ក្នុងការរៀបចំកម្មវិធីនេះ ។ ជាកិច្ចបញ្ចប់ពួកគេក៏ថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ និងពិសារភោជនាហារ ដែលរៀបចំដោយចុងភៅដែលបានរៀបចំរួចជាស្រេចនាឱកាសនោះ ៕

ប្រភព ៖ គេហទំព័របក្ស LDP និង បណ្ដាញសង្គម

Loading...