លោក ខឹម វាសនា ៖ រឿងឈ្នះចាញ់វាជារឿងរបស់ពួកអ្នក ខ្ញុំគ្រាន់តែប្រាប់ការពិតដល់អ្នកប៉ុណ្ណោះ”

សំណេរក្នុងកាលមុនរបស់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា អិលឌីភី បានធ្វើការបញ្ចេញទស្សនៈនៃការយល់ឃើញរបស់លោកក្នុងអត្ថន័យថា រឿងឈ្នះចាញ់ពុំមែនជារឿងរបស់លោកដែលចេញមកធ្វើនយោបាយនេះឡើយ តែដោយសារឃើញសង្គមអយុត្តិធម៌ផង ដោយសារចង់ឲ្យប្រជាពលរដ្ឋឈ្នះផងទើបលោកចេញមកធ្វើនយោបាយ ដែលគិតមកទល់នឹងពេលនេះ គឺ១៣ឆ្នាំហើយ ដែលលោក និងសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតាមមូលដ្ឋានកំពុងធ្វើការងាររបស់ពួកគេ ដែលរួមមានលើកស្លាក ប្រជុំសមាជិកប្រចាំខែ ធ្វើវេទិកាមូលដ្ឋាន (ដោយគ្មានវត្តមានលោក ខឹម វាសនា ដូចមុន) ដោយខ្លួនឯង ក៏ដូចជារៃលុយដូចរាល់ដងដើម្បីទ្រទ្រង់គណបក្ស ។

ក្នុងសំណេរមួយរបស់លោក ខឹម វាសនា លោកបានបញ្ចេញទស្សនៈនៃការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebook ដោយបានសរសេរក្នុងន័យថា ការឈ្នះចាញ់ពុំមែនជារឿងរបស់លោក ដោយសំណេរទាំងនោះត្រូវបានសមាជិកគណបក្សចូលរួមចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook ដ៏ពេញនិយមនោះ ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោក ខឹម វាសនា ៖

ចិត្តខ្ញុំគ្រាន់តែចង់ប្រាប់រឿងពិតមួយដល់ជនរងគ្រោះទាំងឡាយតែប៉ុណ្ណោះ ចំពោះបក្សldp ដែលខ្ញុំបានផ្តួចផ្តើមបង្កើតឡើង ចិត្តខ្ញុំក្រែងពួកអ្នកគ្មានជំរើសល្អទេតើ បើអ្នកមានជំរើសសមគួរសំរាប់ខ្លួនហើយ ក៏តាមនោះទៅ។ខ្ញុំមិនបានមានចិត្តចង់បានមនុស្សអោយមកគាំទ្រខ្ញុំទេ។ អ្នកយល់មិនបានត្រង់ចំណុចនេះ អីចឹងហើយ បានជាអ្នកមិនអាចបែងចែករវាងអ្នកជួយនិងអ្នកបោកបាន។ បើខ្ញុំពិតជាចង់បានអ្នកគាំទ្រដូចជាអ្នកបានគិតនោះ ម្លេះខ្ញុំនឹងធ្វើតាមដំបូន្មានរបស់អ្នកបាត់ទៅហើយ ព្រោះអ្នកមិនមែនជាមនុស្សទីមួយទេដែលនិយាយពាក្យនេះមកកាន់ខ្ញុំ មានមនុស្សរាប់ភ្លេចដែលបានប្រាប់ខ្ញុំនូវគំនិតដែលអ្នកបានប្រកាន់យកនេះ។ នេះជាចំណុចដែលពួកអ្នកពិបាកយល់ ព្រោះវាជាបដិវត្តន៍ផ្នត់គំនិតមួយយ៉ាងជ្រៅក្នុងទំលាប់នយោបាយនៃសង្គមអតីតកាលនិងបច្ចុប្បន្នរបស់ពួកអ្នក។ ខ្ញុំមិនដែលនឹកគិតទាល់តែសោះ ថាខ្ញុំនឹងបានទទួលអ្នកគាំទ្រច្រើនប៉ុណ្ណា។ ខ្ញុំបានប្រាប់ការពិតដល់ពួកអ្នករួចហើយ វាចប់កិច្ចការខ្ញុំហើយ។ ចំពោះអ្នកដឹកនាំតើអ្នកនឹងជ្រើសរើសមនុស្សល្អ ស្មោះត្រង់ ឬអ្នកជ្រើសរើសមនុស្សដែលចង់បានការគាំទ្រពីពួកអ្នក? អ្នកមិនឆ្ងល់ទេឬ បើគ្រាន់តែចង់ជួយពួកអ្នកសោះ ហេតុអ្វីពួកគេខំប្រឹងយកចិត្តយកថ្លើមពួកអ្នកខ្លាំងម្លេះ? ការគិតរឿងឈ្នះចាញ់ វានៅឆ្ងាយពីអារម្មណ៍ខ្ញុំណាស់។ ខ្ញុំសូមទោសពួកអ្នកផងចុះ ដែលខ្ញុំមិនអាចធ្វើតាមសំណូមពរពួកអ្នកបាន។ ខ្ញុំសូមរស់តាមសភាពជាខ្ញុំហើយ។ បើខ្ញុំជាខ្ញុំព្រោះតែអ្នក នោះខ្ញុំមិនមែនខឹម វាសនាទេ តែបើខ្ញុំជាខ្ញុំព្រោះតែខ្ញុំ នោះទើបជាខឹម វាសនា។ រឿងឈ្នះចាញ់វាជារឿងរបស់ពួកអ្នកហ្នឹងហើយ រឿងខ្ញុំចប់ត្រឹមប្រាប់ការពិតដល់ពួកអ្នក៕

សំណេររបស់លោក ខឹម វាសនា ដែលសមាជិកគណបក្សបានលើកឡើង

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក