ប្រជាពលរដ្ឋខ្មែរ មិនយល់អំពី ការដំឡើងឋានន្ដរសក្ដិផ្កាយ ៤ ដល់លោក យន់ មីន

ប្រជាពលរដ្ឋខ្មែរជាច្រើនដែលតាមដានព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តព្រះសីហនុ ដែលបានរលំអាគាររហូតចុះផ្សាយពេញពិភពលោក ពួកគេមិនយល់អំពីការដំឡើងឋានន្ដរសក្ដិផ្កាយ ៤ ដល់លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាច្រមុះជាភ្នែកនៃខេត្តនោះ មុនពេលមានអាគាររលំ តែបែរជាដំឡើងសក្ដិទៅវិញ និងស្នើរសុំឲ្យមានការបកស្រាយឲ្យបានច្បាស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។

ទាំងព័ត៌មានក្នុងស្រុក និងក្រៅស្រុក ប្រជាពលរដ្ឋខ្មែរបានប្រតិកម្មចំពោះការស្លាប់របស់មនុស្សជាង ២០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងហេតុការណ៍ដួលរលំអាគារនៅខេត្តព្រះសីហនុ ដែលមានកំពស់អាគាររហូតដល់ ៧ ជាន់ ដែលមនុស្សគ្រប់គ្នាបានដឹងថា អាគារនោះពុំមានច្បាប់សាងសង់នោះទេ ។

ទន្ទឹមនឹងការសាងសង់គ្មានច្បាប់ទម្លាប់បែបនេះ លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាទឹកដីខ្លាញ់របស់ជនជាតិចិន បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានចុះហាមឃាត់ ២ ដងហើយ ប៉ុន្តែសំណង់នៅតែមិនព្រមបញ្ឈប់ និងចេះតែបន្ដរហូតបាន ៧ ជាន់ និងមានការដួលរលំបែបនេះទៅ ។

ប៉ុន្តែហេតុផលជុំវិញការសាងសង់ខុសច្បាប់រហូតដល់ ៧ ជាន់នេះ ពុំមាននណាម្នាក់អាចបកស្រាយឲ្យបានច្បាស់លាស់នោះទេ ដែលអ្នកតាមដានព័ត៌មាន និងមតិពិសេសមកពីគណបក្សប្រឆាំង បានលើកឡើងថា ជាការស៊កប៉ាន់ និងយកលុយក្រៅផ្លូវការ ទើបអាគារនោះសាងសង់បាន ៧ ជាន់យ៉ាងដូច្នេះ ពុំមែនគ្មានច្បាប់អនុញ្ញាតិ ចេះតែសាងសង់បាននោះទេ ។

ក្រោយពីមានការបាក់អាគារ និងរឿងហេតុធំពេក លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានសារភាពទោសកំហុស និងត្រូវបានដកសិទ្ធិជាអភិបាលខេត្ត ដោយជំនួសដោយលោក គួច ចំរើន ដែលត្រូវផ្ទេរមកពីខេត្តកំពង់ចាមវិញ ។ ការផ្ទេរនេះ គឺមានការមិនពេញចិត្តពីពលរដ្ឋខេត្តកំពង់ចាមផងដែរ ខណៈគេសរសើរថា លោក គួច ចំរើន ធ្វើការបានល្អ នៅក្នុងខេត្តកំពង់ចាម និងមិនចង់ឲ្យប្ដូរទៅខេត្តផ្សេង ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបនឹងផ្ទេរពីខេត្តកំពង់ចាម

ជាក់ស្ដែងមិនទាន់បានប៉ុន្មានផង ខេត្តព្រះសីហនុត្រូវបានផ្លាស់ប្ដូរអភិបាលខេត្តរួចរាល់ គឺលោក គួច ចំរើន តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ។ ងាកទៅកាន់លោក យន់ មីន ដែលអាតីតអភិបាលខេត្តព្រះសីហនុ ដែលជាអ្នកទទួលការខុសត្រូវក្នុងខេត្តដែលមានអាគារ ៧ ជាន់ បាក់សម្លាប់កម្មករ និងអ្នកបកប្រែផ្សេងទៀតក្នុងអាគារ ត្រូវបានព្រះមហាក្សត្រត្រាស់ និងតែងតាំងជាមន្រ្តីមានកិត្តិយស និងផ្កាយ ៤ ដោយសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយ ថាលោកគឺជាវីរបុរសថែមទៀតផង ដែលព្រមលះបង់តំណែងខ្លួន និងទទួលកំហុស ។

ប៉ុន្តែបើទោះជាមានការលះបង់តំណែង និងទទួលកំហុស ក្លាយជាវីរបុរសក្ដី ក៏មានមតិសើចចម្អកផងដែរ ថា បើលោកធ្វើខុសទទួលកំហុស អ៊ីចឹងបានន័យថាអ្នកផ្សេងទៀតធ្វើខុសមិនទទួលកំហុសនោះជាអ្វីទៅវិញ? តែទោះជាយ៉ាងនេះក្ដី ការរៀបចំ និងតែងតាំងត្រូវបានគ្រោងទុក និងធ្វើឡើងយ៉ាងឆាប់រហ័ស បើទោះបីជាមានមតិរិះគន់ ពេញបណ្ដាញសង្គមក្ដី ហើយប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការទៅខាងរដ្ឋាភិបាល បានចាត់ទុករឿងនេះជារឿងធម្មតា និងផ្សាយយ៉ាងរលូនទៅវិញ ដោយហាក់ដូចជាពុំមានអ្វីកើតឡើងសោះ និងហាក់ដូចជាចង់បំបិទរឿងដែលលោក យន់ មីនជាអភិបាលខេត្តអសមត្ថភាព និងធ្វើឲ្យមនុស្សស្លាប់ជាង ២០នាក់កាលពីពេលថ្មីៗនេះទៅវិញ ៕

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក