ក្រុមសង្គមស៊ីវិល លើកឡើងថា កម្ពុជា​អាច​ជួប​វិបត្តិ​ដូច​អតីត​កាល​បើ​ស្ថាន​ភាព​នយោ​បាយ​នៅ​តែ​ដូច​សព្វ​ថ្ងៃ​!

អង្គការ​ សមាគម ​និង ​ប្រជាពល​រដ្ឋ​ចំនួន​៨៥ ​នៅ​ថ្ងៃ​​ចន្ទ ​ទី​០៣ ​មិថុនា​នេះ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​​រួម​មួយ​បង្ហាញ​​ពី​ក្តី​ព្រួយ​បារម្ភ​​អំពី​វាសនា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុ​ប្បន្ន​​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​​ស៊ីវិល ​ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​ដូច​សព្វថ្ងៃ​នេះ ​នោះ​កម្ពុ​ជា​អាច​នឹង​ជួប​វិបត្តិ​ដូ​ច​
កាល​ពី​​អតីតកាល​។ ​ប៉ុន្តែ​អ្នក​នាំ​​ពាក្យ​បក្ស​កាន់​​អំណាច​ថា ​មិនអាចនោះ​​ទេ ​ហើយចោទ​កា​រ​លើកឡើង​របស់​​ក្រុម​សង្គម​ស៊ីវិ​ល​ទាំងនេះ​ថា ​លម្អៀង​​ថែម​​ទៀត​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង ប្រជាពលរ​ដ្ឋដែលរួមគ្នាចេញសេចក្តី​ថ្លែងការណ៍​បង្ហាញ​ការព្រួយ​បារម្ភនេះ អ្នក​​វិភាគ​នយោបាយ​​កម្ពុជា ​អង្គកា​រ​ខុមហ្រ្វែល សមាគ​ម​ការពារ​សិ​ទ្ធិ​មនុស្ស​អាដហុក ​អង្គការ​​សង់ត្រាល់ ​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​ន៍ ​និង​សន្តិភាព ព្រម​ទាំង ​សមាគម ​សហជីព ​និង ​បណ្តាញ​​មួយ​​ចំនួន​​ទៀត​​។ ពួក​គេ​​ទាំង​នេះ ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​​យ៉ាងខ្លាំង​ចំពោះ​ស្ថាន​ភាព​នយោបាយ និង សេ​ដ្ឋកិច្ច​កម្ពុជា ក្រោយ​ពី​ការ​គោរព​​សិទ្ធិមនុស្ស ​និង​គោ​លការណ៍​ប្រជា​ធិបតេយ្យ​ដែល​ពួក​​គេ​អះអាង​ថា បាន​​ធ្លាក់​ចុះ​​ ចាប់​តាំង​​ពី​​ការ​​បោះ​ឆ្នោត​​ជាតិ​​ ​នា​​ខែ​​កក្កដា ​ឆ្នាំ​២០១៨​​។

ការ​​ធ្លាក់​ចុះ​​នេះ ​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​បា​ន​អះអាង​ថា​ គឺ​ដោយ​សារ​តែ​ ​ការ​បិ​ទ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឯ​ករាជ្យ ​និង​ការ​ចោ​ទ​ប្រកាន់​ដោយ​​គ្មាន​មូលដ្ឋាន​​ដល់​អង្គការ​ស​ង្គម​ស៊ីវិល​ថា មាន​និន្នាការ​​បដិវត្តន៍​​ពណ៌​។ ​អង្គការ​​សង្គម​ស៊ីវិល​ទាំង​នេះ ​ក៏​បាន​​ទាញ​ភ្ជាប់​ការ​ធ្លាក់​ចុះ​​ការ​គោរព​សិទ្ធិ​​មនុស្ស​នេះ​ ទៅនឹ​ង​​ការ​គំរាមកំហែង​ដល់​​សកម្មជន​សិទ្ធិ​ម​នុស្ស ​និង​សកម្មជ​ន​នយោបាយ​ក្នុង​ពេល​ថ្មី​​ៗ​​នេះ​​ផងដែរ​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ប្រសិន​បើ​ស្ថាន​ភាព​នេះ​ នៅតែ​បន្ត ​អា​ច​​នាំ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌក​ម្ម​សេដ្ឋកិច្ច​​ អសន្តិសុខ និង ​​អស្ថិរភាព ​ដូច​កា​ល​​ពី​​អតីតកាល​​​ជា​​មិន​ខាន​​។

ប្រតិកម្ម​​នឹង​ការ​លើកឡើង​​នេះ ​លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រ​ជាជន​​កម្ពុជា ​​បាន​ចាត់ទុក​ថា ក្រុម​​អង្គការ​ស​ង្គម​ទាំងនេះ​ បាន​​លូកដៃ​ចូល​ក្នុង​​កិច្ចការ​នយោបាយ ​ដែល​​ផ្ទុយ​នឹងល​ក្ខន្តិកៈ​រ​បស់​អង្គការ​សង្គម​ស៊ី​វិល​។ ​លោក​បន្ថែ​ម​ថា ​ពួក​គេ​​ទាំង​នេះ​ ​ធ្វើ​សេចក្តី​ថ្លែងការ​ណ៍​ដោយ​លម្អៀង​ខាង​​នយោបាយ​ទៅរក​​អតីត​​គណបក្ស​​ប្រឆាំ​ង​។ ​បើទោះ​ជា​យល់​ឃើញ​​បែបនេះ ​លោក​សុ​ខ ឥសាន ​ក៏​បាន​​គូស​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​កម្ពុជា​​មិនអាច​ធ្លាក់​ខ្លួន​​ដូច​អ្វី​ដែល​ក្រុម​​សង្គម​ស៊ីវិល​​ទាំង​នោះ​​ព្រួយ​បារ​ម្ភ​​ឡើយ ព្រោះ​កម្ពុជា​​មិនមាន​ប​ញ្ហា​អ្វី​ប្រឈម​​ធំដុំ​ដូច​ពួ​កគេ​លើក​ឡើង​​នោះ​ទេ​។

សូម​​បញ្ជាក់​ថា ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​​ទាំង​៨៥​នេះ ​ធ្វើ​ឡើង​​តែ​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ ​បន្ទាប់​ពី​ក្រុ​ម​អង្គការ​សង្គមស៊ី​វិល​ចំនួន​៧៣​ផ្សេ​ងទៀត​ បាន​ចេញ​សេ​ចក្តី​ថ្លែងការណ៍​រួ​ម​មួយ​ផងដែរ។ សេចក្តីថ្លែង​ការណ៍​របស់​ក្រុម​​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ ​ក៏​ត្រូវ​​បាន​លោក​សុខ ឥសាន​​ ចាត់ទុក​ថា​មាន​លក្ខណៈ​​លម្អៀង​ខាង​នយោបាយ​ផង​​ដែរ​៕

ប្រភព៖ RFI

បញ្ចេញមតិយោបល់អ្នក