សមាជិកអ្នកគាំទ្របក្សជួង នៅកាណាដាប្រមូលលុយ ៤០០០ ដុល្លារប្រគល់ ស្នាក់ការកណ្ដាលបក្សទៀតហើយ

ចំនួនទឹកប្រាក់ ៤០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសរសេរវិកយប័ត្រយ៉ាងត្រឹមត្រូវ ដោយបានបង្ហោះនៅលើបណ្ដាញសង្គម ដែលនេះជាថវិការដែលបានប្រមូលពីសមាជិកអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំប្រទេសកាណាដា ដែលហៅខ្លីៗជាភាសាខ្មែរថា បក្សជួង ឬ អិលឌីភី (LDP) ។

សកម្មភាពប្រមូលថវិការទ្រទ្រង់បក្សត្រូវបានបន្ដធ្វើជារៀងរាល់ពេល ពីបណ្ដាប្រទេសមួយចំនួន ដែលមានដូចជាប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ដែលប្រទេសទាំងនេះភាគច្រើនគឺពលករដែលចំណាកស្រុកពីប្រទេសកម្ពុជា បានចូលរួមចំណែកបន្ដិចបន្ដួចដើម្បីទ្រទ្រង់បក្ស ក៏ដូចជាត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ផ្សេងៗខាងមុខដែលចាំបាច់ ។

មានប្រទេសមួយចំនួនទៀតនៅបណ្ដាទ្វីបអាមេរិក ដូចជាប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហើយក៏មាននៅខាងប្រទេសអូស្រ្ដាលី ជាដើម ពួកគេក៏តែងតែប្រមូលថវិការផងដែរ ដើម្បីជួយទ្រទ្រង់បក្សពិសេសពេលមានព្រឹត្តិការណ៍ត្រូវចំណាយលុយធំៗ ដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលការចំណាយទាំងនេះ គណបក្សបានបញ្ជាក់ថាជាទឹកចិត្តនៃការលះបង់ផលប្រយោជន៍ខ្លួនបន្ដិចបន្ដួច ដើម្បីកសាងមាតុភូមិរបស់ពួកគេ ។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា LDP មានប្រមុខគណបក្សឈ្មោះលោក ខឹម វាសនា ដែលអតីតតំណាងរាស្រ្តមកពីគណបក្សសម រង្ស៊ី ដែលបានចេញពន្យល់ប្រជាពលរដ្ឋខ្មែរ ដោយធ្វើការជួលចាក់ផ្សាយតាមវិទ្យុតាមបណ្ដាខេត្តធំៗដូចជាបាត់ដំបង សៀមរាប ភ្នំពេញ ព្រៃវែង ។ល។ អស់រយៈពេលជាង ១៣ឆ្នាំមកហើយ ។

ប៉ុន្តែមួយរយៈនេះលោកបានកាត់បន្ថយការបើកវេទិការសាធារណៈ ដោយងាកទៅនិយាយជាភាសាអង់គ្លេសទៅកាន់ពិភពលោកទៅវិញ ដោយក្រុមការងាររបស់លោកបានធ្វើការបង្ហោះវីដេអូសន្ទនាជាភាសាអង់គ្លេសជាមួយសហការីរបស់លោក និយាយពីមេរៀនជីវិត ក៏ដូចជាព្រះធម៌ទៅវិញ ៕

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក