លោកស្រី មួរ សុខហួរ ៖ លុយដែលចូលរួម គឺដើម្បីបន្ដរក្សាលទ្ធិប្រជាធិបតេយ្យ(វីដេអូ)

បើយោងទៅតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីនេះ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ និងអតីតមន្រ្តីជាន់ខ្ពស់នានារបស់បក្ស បានធ្វើការបង្ហោះជាវីដេអូបកស្រាយរឿងប្រាក់ដែលបានចូលរួមនឹងមន្រ្តីបក្ស និងការរៃលុយចូលរួម ដែលជាវិភាគទាន សម្រាប់ទ្រទ្រង់ ដែលលោកស្រីមួរ សុខហួរ បានធ្វើការនិយាយបកស្រាយថា លុយដែលបានចូលរួមនោះ គឺមិនមែនដើម្បីចូលលុយទៅកាន់លោកប្រធានសម រង្ស៊ី ដាក់ក្នុងស្រោមសំបុត្រនោះទេ តែគឺជាលុយដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យ ទៅវិញ ។

នៅក្នុងខ្សែវីដេអូមួយដែលបង្ហោះដោយ SK Media Inc. បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកខណៈលោក សម រង្ស៊ី និងមន្រ្តីមួយចំនួនរបស់អតីតបក្សសង្គ្រោះជាតិ និងក្រុមការងារចលនាសង្គ្រោះជាតិ ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខុសច្បាប់នោះ បានបង្ហោះបកស្រាយ អំពីការបង្កើតមូលនិធិទ្រទ្រង់អតីតបក្ស និងមន្រ្តីចលនាបក្សសង្គ្រោះជាតិ ដើម្បីមានជីវិតតទៅមុខទៀត ថាមិនមែនជាការរៃលុយដើម្បីលោក សម រង្ស៊ី ដែលជាអតីតប្រធានបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែជាការរក្សាលទ្ធិប្រជាធិបតេយ្យទៅវិញ ។ នេះបើយោងទៅតាមសម្ដីរបស់លោកស្រីមួរ សុខហួរ ។

គួរបញ្ជាក់ផងដែរថា ការធ្វើការបកស្រាយនេះប្រាប់ថាកុំឲ្យមានការភាន់ច្រឡំ និងស្នើរឲ្យមានការបញ្ឈប់ការបកស្រាយខុសនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ឲ្យតែពេលលោកប្រធានទៅប្រទេសកូរ៉េ គឺដើម្បីទៅទទួលស្រោមសំបុត្រ តែលោកស្រីថាមិនមែនដូច្នោះឡើយ ។

លោកស្រី មួរ សុខហួរបានបន្ថែមទៀតថា ការដែលលាបពណ៌ និងបង្ខូចរបៀបនេះ គឺជាការអត់តម្លៃបំផុត ហើយលោកស្រីថាត្រូវតែបញ្ចប់នូវវប្បធម៌ហ្នឹង ។ ទន្ទឹមនឹងនេះ លោកស្រីបាននិយាយថា ការដែលលោកស្រី និងលោកប្រធាន ព្រមទាំងអ្នកដែលចូលរួមនៅទីនេះ (ទីក្រុងស៊ូវុន) គឺដើម្បីជាតិ ដែលលោកស្រីថាលោកស្រី មិនទាំងបានតាំងខ្លួនជាអនុប្រធានទេ គឺមកជាមីងជាបងជាប្អូន ។

លោកស្រីថាក្រុមការងាររបស់បក្សសង្គ្រោះជាតិ មិនបានធ្វើទេ គឺទុកឲ្យក្មួយៗដែលជាយុវជនធ្វើ រួចប្រធាននិងអនុប្រធាននឹងជួយតាមក្រោយ ដែលប្រការនេះ លោកស្រីបានលើកឡើងពីការចូលសទ្ធាផងដែរ ដែលលោកស្រីថាបើសិនខ្វះខាតនឹងចូលរួមតាមសទ្ធាជាក់ស្ដែង ហើយថាសទ្ធានេះមិនមែនទៅឲ្យអ្នកណាមួយ តែគឺសទ្ធាដែលកសាងឡើងវិញនូវប្រជាធិបតេយ្យយើង ៕

មិនតែប៉ុណ្ណោះចុងក្រោយយុវជនម្នាក់ ទំនងជាប្រធានយុវជនម្នាក់ក្នុងចំណោមយុវជនឯទៀតបានប្រកាសថានឹងធ្វើកាតចូលរួម និងមានការចូលរួមក្នុងការពិភាក្សាសម្ងាត់ទៀតផង ដែលការដែលធ្វើនេះ គឺដើម្បីប្រាកដថាគ្មានអ្នកបន្លំចូល ឬអ្នកដទៃក្រៅពីសមាជិករបស់អតីតបក្សចូលរួម ៕

បញ្ចេញមតិយោបល់អ្នក