មកទៀតហើយ! អតីតបក្សប្រឆាំង ប្រកាសឲ្យខ្មែរ រួបរួមគ្នាដើម្បីរំដោះប្រទេសជាតិ

ភ្នំពេញៈ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យគ្រប់និន្នាការនយោបាយ ទោះបីជាមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួបរួមដើម្បីរំដោះប្រទេសជាតិ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយ ហើយបុគ្គល និងក្រុមគ្រួសារនោះ បានកំពុងតែពុះច្រៀកប្រទេសកម្ពុជា យកទៅដល់ជាដុំៗឲ្យទៅបរទេស។ ដូច្នេះយើងត្រូវការពារទ្រព្យសម្បត្តិ ផលប្រយោជន៍ ភាពថ្លៃថ្នូរ និងភាពម្ចាស់ការរបស់ប្រជារាស្ត្រ ។

ថ្លែងការណ៍បានបញ្ជាក់ថា «យើងត្រូវតែឈរជាមួយប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយកប្រទេសកម្ពុជា មកប្រគលសងប្រជារាស្ត្រខ្មែរវិញ»។

ប្រភពបានបន្តថា ដើម្បីសសម្រេចគោលបំណងនេះ ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ និងគ្រប់គណបក្សយោបាយ ត្រូវតែរួមគ្នាដើម្បីរំដោះប្រទេសជាតិយើង ពីក្រញ៉ាំបុគ្គល និងក្រុមគ្រួសារនោះ ដែលកំពុងតែប្លន់ និងបំផ្លាញជាតិ ហើយនាំមកនូវគ្រោះដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា៕

ប្រភព ៖ Campost