ប្រធាន​សភា​វៀត​ណាម ថា​កម្ពុជា​នឹងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័សក្រោម​ការដឹកនាំ​របស់​សម្តេច​ ហ៊ុន សែន

សៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ង្វៀន ធី គីម ងឹ​ង​(Nguyen Thi Kim Ngan )​ប្រធានរដ្ឋសភា​វៀតណាម នា​ព្រឹក​ថ្ងៃទី ១៥ ខែ មករា នេះ​នៅ​សណ្ឋាគារ​សុខា​សៀមរាប។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​ លោក ង្វៀន ធី គីម ង៉ាន បាន​សំដែង នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​ក៏ដូចជា ខួប ៤០ ឆ្នាំ នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ។ លោកស្រី​ប្រធានសភា​វៀតណាម​ក៏បាន​អបអរ សាទរ​ចំពោះ​ជោគជ័យ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​លោកស្រី​បាន​មានប្រសាសន៍ថា​លោកស្រី​បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី ២ ឆ្នាំមុន ហើយ​កាល​មកកាន់​កម្ពុជា​នៅពេលនេះ​ទៀត បានបង្ហាញ​ឲ្យ​ឃើញថា​ទីក្រុង​ភ្នំពេញ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​បំផុត ។ លោកស្រី​មានជំនឿថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​និង​ទទួល​បាន​ការអភិវឌ្ឍ​កាន់តែ​ចំរើន​ថែមទៀត​។

លោកស្រី ង្វៀន ធី គីម ង៉ាន បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​លោកស្រី​មកកាន់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី ២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក។ លោកស្រី​បាន​សំដែង​ការគាំទ្រ​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​កម្ពុជា និង​ជូនពរ​ឲ្យ​កិច្ច ប្រជុំ​នេះ​ដំណើរការ​ទៅដោយ​ជោគជ័យ​។

​ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី ង្វៀន ចំពោះ​ពាក្យ​ពេជ្រ​ដ៏​ល្អ​របស់​លោកស្រី និង​បាន ជម្រាប​ជូន​លោកស្រី​ថា ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​មកដល់​ពេល​បច្ចុប្បន្ន​មិនអាច​កាត់​ផ្តាច់​ពី​ការ​ចូលរួមចំណែក​រប​ស់​ប្រទេស​វៀតណាម​បានឡើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ចុងក្រោយ ​បាន​ជូន​ពរ​គណៈ​ប្រតិភូ​សភា​វៀតណាម​ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នេះ​សូម​ទទួល​បាន​នូវ​ជោគជ័យ​៕

ប្រភព ៖ Kampuchea Thmey