វៀតណាម​ ចង់ឲ្យកម្ពុជា​ សហការគ្នាជាមួយវៀតណាម ដើម្បី​បណ្តុះយុវជនជំនាន់ក្រោយ

វៀតណាម​ ចង់ឲ្យកម្ពុជា​ និងវៀតណាម ខិតខំ​សហការគ្នាដើម្បី​បណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណី សហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយ​គ្នាទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត ។

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ​ Ankor Palace Resort សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ​លោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធាន​រដ្ឋ​សភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាស​ដែលលោក​ស្រី​ដឹកនាំគណៈជាន់ខ្ពស់ រដ្ឋសភាវៀតណាម អញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ ស​ភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅ​ខេត្ត​សៀ​មរាប ។

លោកស្រី ង្វៀន ធីគីមងិន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសទាំង​ពីរមានការ​ទំនាក់​ទំនង មិត្តភាព សាម​គ្គីភាព និងកិច្ចសហប្រតិបត្តិការ​លើកគ្រប់វិស័យ រដ្ឋសភាវៀបណាម នឹងខិត​ខំសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋ​សភា​​កម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និត និងល្អប្រ​សើរ​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ លោកស្រី ក៏បាន​ជម្រុញឲ្យអគ្គលេខាធិការរដ្ឋ​សភាវៀតណាខិត​ខំបង្កើនទំ​នាក់ទំនង​ជាមួយនឹង​អគ្គលេខាធិការ​ព្រឹទ្ធសភា ក្នុងការ​សហការគ្នាទៅវិញទៅមកឲ្យមានប្រសិទ្ធភាព ជាពិសេសរវាងអង្គការ​នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឲ្យ​កាន់​តែ​ប្រ​សើរឡើងថែមទៀត ។

លោកស្រី​ សង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម នឹងខិតខំ​សហការគ្នាដើម្បី​បណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណីសហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយ​គ្នាទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី​ប្រធាន​​គណៈប្រតិភូក៏គោរ​ពអញ្ជើញ​សម្តេចវិបុល​សេ​នា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសវៀតណាម ​ក្នុង​ពេលវេ​លាសមស្រប​ណា​មួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ច​សហ​ប្រតិបត្តិការរវាងសភាប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀត ។

ជាការឆ្លើយតប​ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានការរីកចម្រើនឥតឈប់ឈរ ។ ទោះបី​សភាពការណ៍​នៅក្នុងពិភពលោកមានភាពស្មុកស្មាញក្តី ក៏ប្រទេសទាំងពីនៅតែបន្តពង្រឹង ពង្រីក​ន​នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជួយគ្នាទៅវិញទៅមក ដើម្បីរួមចំ​ណែក​ដោះ​​នូវបញ្ហាប្រឈមនានានៅពេលបច្ចុប្បន្ន សំដៅការពារបាននូវ​ឯករាជ្យ​ភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងគ្នា និងមិន​អនុញ្ញាត​ឲ្យ​មានកម្លាំង​អមិត្ត​ណាមួយ​ប្រើ​ប្រាស់ទឹកដី​របស់ខ្លួន​ដើម្បី​គំរាមកំហែង​សន្តិសុខប្រទេសមួយ​ទៀត ។

សម្តេច​​ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាការួម​ចំ​ណែកដ៏ធំធេញ​​របស់បក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលកន្លងមក ។

ចំពោះការ​អញ្ជើញ​សម្តេចទៅ​បំពេញទស្សន​កិច្ចនៅប្រទេស​វៀត​ណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួលយក ហើយ​នឹងរក​ពេលវេលាសមស្របណា​មួយដើម្បីទៅ​បំពេញទស្ស​ន​កិច្ច​នៅ​ប្រទេស​វៀត​ណាម ៕

ប្រភព ៖ Campost