នោះ! លោក សម រង្ស៊ី ប្រកាសចូលស្រុកខ្មែរ វិញនៅឆ្នាំ២០១៩

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីប្រទេសបារាំងមកថា លោកនឹងវិលចូលមកស្រុកខ្មែរ នៅពេលឆាប់ៗនេះ យ៉ាងយូរត្រឹម នៅឆ្នាំ២០១៩ខាងមុខ ។

ការប្រកាសរបស់អតីត មេបក្សប្រឆាំងនេះ គឺសង្កេតឃើញជាច្រើន លើកមកហើយ ប៉ុន្តែ មិនហ៊ានចូលមកនោះទេ ។ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ស្វាគមន៍ចំពោះគោលជំហរ ប្រកាសរបស់លោក សម រង្ស៊ី។

ក្នុងវេទិកាសាធារណៈនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ធ្នូ លោក សម រង្ស៊ី បានបញ្ជាក់ថា “ខ្ញុំសូមប្រកាស ខ្ញុំនឹងវិលមកប្រទេសខ្មែរវិញ ដើម្បីនិយាយប្រាប់ ប្រជាពលរដ្ឋថា សម រង្ស៊ីធ្វើអ្វី? អត់ទេបងប្អូន យើងត្រូវតែប្រាប់ប្រជាពលរដ្ឋខ្មែរថាត្រូវតែមានក្បាលម៉ាស៊ីនមួយច្បាស់លាស់ ហើយជាមួយអន្តរជាតិ ក៏អីចឹងដែរ បើយើង គ្មានក្បាលម៉ាស៊ីនតើ យើងនិយាយជាមួយអ្នកណា?”។

លោក សម រង្ស៊ី ក៏អះអាងថា រចនាសម្ព័ន្ធថ្មីរបស់គណបក្សសង្គ្រោះជាតិនឹងចេញជារូបរាងហើយ ។ លោកនឹងមកស្រុកខ្មែរវិញ ដើម្បីឲ្យពលរដ្ឋដឹង និងងើបឈរតតាំងជាមួយសម្តេច ហ៊ុន សែន នៅឆ្នាំ២០១៩ ។

ទាក់ទិនការលើកឡើងរបស់មេបក្សប្រឆាំងនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តបថា លោក សម រង្ស៊ី មិនហ៊ានមកទេ ប៉ុន្តែបើមកមែនលោកស្វាគមន៍ព្រោះពន្ធនាគារកំពុងរងចាំ។

In this April 13, 2018, photo, Cambodia’s self-exiled opposition leader Sam Rainsy speaks during a press conference in Tokyo. (AP Photo/Koji Sasahara)

លោកបញ្ជាក់ថា “ប្រជាជនកម្ពុជារង់ចាំមើលតើទណ្ឌិត សម រង្ស៊ី ហ៊ានចូលស្រុកដែរ ឬទេ នៅឆ្នាំ២០១៩នេះ ព្រោះនៅតែ១ខែទៀតទេនឹងមកដល់ហើយ ។ ការដែលសម រង្ស៊ីនិយាយថា នឹងមកចូលស្រុកនេះ មានច្រើនដងហើយ រាប់មិនអស់ទេ តែគេនៅតែមិនឃើញ ទណ្ឌិតរូបនេះ អើតក្បាលចូលមកក្នុងស្រុកសោះ”។

លោកបន្ថែមថា ការប្រកាសរបស់ទណ្ឌិតសម រង្ស៊ី គ្រាន់តែជាការភូតកុហកដើម្បីស្ទង់ សភាពការណ៍ និងប្រតិកម្មនានាតែប៉ុណ្ណោះ តាមការពិត សម រង្ស៊ី ជាជនកំសាកមិនហ៊ានចូលមកទេ ពីព្រោះគុកនៅរង់ចាំស្វាគមន៍គ្រប់ពេលឲ្យតែឃើញក្បាលគឺគ្រឹបតែម្តង ៕

ប្រភព ៖ DAP News

បញ្ចេញមតិយោបល់អ្នក