គណបក្សជួង(LDP)សម្ភោធបើកទីស្នាក់ការ និងស្លាកគណបក្សថ្មីនៅខេត្តកំពង់ស្ពឺ(វីដេអូ)

ខេត្តកំពង់ស្ពឺ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា អិលឌីភី ប្រចាំខេត្តកំពង់ស្ពឺបានប្រារព្ធពិធីបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សថ្មី និងស្លាកគណបក្សរបស់ខ្លួនជាមួយគ្នាផងដែរ ដែលមានសមាជិកប្រមាណជា ១០០០នាក់ចូលរួម និងមានវត្តមានរបស់លោក ខឹម វាសនា ដែលជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមផងដែរ ។ ទីស្នាក់ការគណបក្សនេះឋិតក្នុង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

បន្ទាប់ពីបើកសម្ភោធទីស្នាក់ការគណបក្សប្រមាណជាមួយខែមុននៅខេត្តបន្ទាយមានជ័យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលត្រូវគេស្គាល់ថាជាគណបក្សជួង ឬអិលឌីភីបានបើកសម្ភោធស្នាក់ការគណបក្សមួយទៀតហើយ ដែលឋិតក្នុងខេត្តកំពង់ស្ពឺ ឋិតក្នុង ឃុំវល្លិ៍ស ស្រុកសំរោងទង ដែលលើកនេះខុសពីរាល់ដង លោក ខឹម វាសនា ក៏បានចូលរួមក្នុងការសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការផងដែរ ក្នុងឱកាសនោះ ។

Loading...

គួរបញ្ជាក់ផងដែរថា នៅកាលចុងខែតុលា ឆ្នាំ២០១៩ មានអាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើការចុះមកហាមឃាត់មិនឲ្យលើកស្លាក នៅមុខស្នាក់ការគណបក្សនេះនោះទេ ដោយហេតុថាស្លាកធំពេក ប៉ះពាល់ដល់ចំណីផ្លូវ និងបានបណ្ដេញឡានលាយស៊ីម៉ង់ត៍ ដែលក្រុមការងាររបស់គណបក្សបានជួលផងដែរ ឲ្យចេញពីផ្លូវ ដោយមូលហេតុថាកកស្ទះចរាចរណ៍ជាដើម ។

បន្ទាប់ពីការជជែកគ្នាអស់ជាច្រើនម៉ោង ចុងក្រោយគណបក្សនៅតែបន្ដកៀងគរអ្នកគាំទ្រឲ្យមកធ្វើការរួមគ្នា និងសម្រេចការលើកស្លាកកាលពីពេលថ្មីៗនេះជាស្ថាពរ ដោយគ្មានវត្តមានអាជ្ញាធរមករំខានទៀតនោះទេ ដោយសំអាងថាស្លាកគណបក្សប្រជាជននៅក្បែរនោះដែរ និងមានស្លាកដទៃទៀតជាច្រើនបានប៉ះពាល់ចំណីផ្លូវខ្លាំងជាងស្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅទៀត ៕

ប្រភព ៖ បណ្ដាញសង្គម

Loading...