លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ WTO ថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ

នាពេលថ្មីៗនេះ សារព័ត៌មានថ្មីៗ បានចុះផ្សាយអំពីពាក្យសម្ដី ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស ដោយបានលើកឡើងក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកថាប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨ កន្លងទៅមានអត្រាក្រីក្រត្រឹមតែ ១០% ប៉ុណ្ណោះ និងមានកំណើនសេដ្ឋកិច្ចស្ទើរតែលើសប្រទេសផ្សេងៗ រហូតដល់ ៧% ឯណោះ ។

នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសនានាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍដទៃទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីកាទទួលជោគជ័យក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ។

ក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«….៤០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹងស្មានដល់។ ….កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈ»។ 

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កម្ពុជា មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករសង្គមនានា ហើយមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះ ទើបនឹងឆ្លងផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ 

មេដឹកនាំកម្ពុជា អះអាងជាថ្មីថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គឺជាង៧ភាគរយ នាពេលបច្ចុប្បន្ន៕

ប្រភព ៖ ថ្មីៗ

បញ្ចេញមតិយោបល់អ្នក