បន្ទាប់ពីផ្ទុះ​ការរិះគន់! មេប៉ូលិស លោក នេត សាវឿន បញ្ជាឲ្យ​បញ្ជូនសំណុំរឿង​ ប៉ូលិសលួច iPad ទៅតុលាការ

ភ្នំពេញៈ នគរបាល បានអោយដឹងថា រឿងក្ដីមន្ដ្រីនគរបាល​លួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃនេះ។

ជនសង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ ហេង ហាប់ ឋានន្តរស័ក្ដិអនុសេនីយឯក បម្រើ​ការនៅនាយកដ្ឋានព្រំដែនទឹក។

លោកឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលនៅនាយកដ្ឋានការពារព្រំដែនទឹក ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ។

កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

ជនសង្ស័យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់ ។ ក្រោយមកជនសង្ស័យ បានយកអាយផេតនោះមកប្រគល់អោយម្ចាស់ដើមវិញ ដោយនិយាយថា ខ្លួនកាន់ច្រលំយកទៅ។ ចំណែកម្ចាស់​អាយផេត ក៏បានបង្ហោះហ្វេសបុកបន្តថា មន្ត្រីនគរបាល ដែលយកអាយផេតទៅ បានយកមកប្រគល់អោយខ្លួនវិញហើយ។

បន្ទាប់មកទៀត លោក ហេង ហាប់ ក៏បានចូលទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបកស្រាយរឿងកាន់ច្រលំនោះ។ ដោយសាររឿងនេះ ហ៊ុំព័ទ្ធដោយសាររិះ​គន់យ៉ាងចាស់ដៃ រហូតដល់មានឃ្លីបវីដេអូត្រូលរាប់សឹបនិយាយកំប្លែងលេងពីករណីច្រលំដៃរបស់មន្រ្តីនគរបាលឈ្មោះ ហេង ហាប់ ទើបនាយឧត្តមសេនីយសន្តិបណ្ឌិត បញ្ជាអោយបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់តែម្ដង៕

ប្រភព៖ Campost.News

បញ្ចេញមតិយោបល់អ្នក