រដ្ឋមន្រ្តីកសិកម្ម ៖ ប្រទេសកម្ពុជានឹងមានចំ ណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ

បើយោងទៅតាមសារព័ត៌មានដើមអំពិល បានធ្វើការចុះផ្សាយនាថ្ងៃនេះ រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានដាក់ចេញនូវយន្តការចំនួន ៤ ដើម្បីអនុវត្តន៍នាពេលខាងមុខ ដើម្បីរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាទទួលបានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខនេះ ។ ខាងក្រោមនេះជាការបកស្រាយរបស់សារព័ត៌មានដើមអំពិល ដែលបានចុះផ្សាយទាំងស្រុង ៖

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវយន្តការចំនួន៤ ក្នុងការអនុវត្តតន៍នាពេលខាងមុខ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ក្រសួងកសិកម្ម ។

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺ អន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកវេង សាខុន លើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួង សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវធ្វើយ៉ាងណាចូលរួមប្រែក្លាយ “កសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួល អាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើង ប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា” ក្នុងក្របខណ្ឌកំណែ ទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជា ឱ្យសម្រេចបាននូវគោលដៅ របស់ខ្លួនជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

យន្តការសំខាន់ៗ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម រួមមាន៖

១. ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំតាមរយៈការធ្វើពិពិធកម្មដំណាំដែលមានសក្តានុពល និងបង្កើនការនាំចេញផលិតផលដំណាំកសិកម្ម ដោយពង្រីកទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារខ្ពស់ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។

២. ជំរុញកំណើនផលិតកម្មសត្វ ដោយត្រូវបង្កើនផលិតផលសាច់ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងជំរុញការចិញ្ចឹមគោពូជកូនកាត់ល្អៗ និងកំពុងមានទីផ្សារ។

៣. បង្កើនការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាស្ថិរភាពនៃការចាប់ផលនេសាទពីធម្មជាតិក្នុងរង្វង់៦០០ពាន់តោនក្នុងមួយឆ្នាំ បង្កើនផលវារីវប្បកម្មឱ្យបាន២០%ក្នុងមួយឆ្នាំៗនឹងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង។

៤. បន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឱ្យកើន២០%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព៕

ប្រភពទាំងស្រុង ៖ ដើមអម្ពិល

បញ្ចេញមតិយោបល់អ្នក