រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ៖ សេដ្ឋកិច្ចកម្ពុជា នឹងបន្ដកំណើនយ៉ាងរឹងមាំ ក្នុងរង្វង់អត្រា ៧,២% ឆ្នាំ២០១៨នេះ

ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត៧,៧% ដូច្នេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា នឹងបន្ដកំណើនរឹងមាំក្នុងរង្វង់អត្រា៧,២% ក្នុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed) នាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក្នុងរយៈកាលជាងពីរទសវត្សរ៍ ចុងក្រោយនេះ។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា “ កម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងកម្រិត៧,៧% ក្នុងមួយឆ្នាំ។ ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នៅបន្ដកំណើនរឹងមាំក្នុងរង្វង់អត្រា៧,២% ក្នុងឆ្នាំ២០១៨

លោកបន្ថែមថា សេដ្ឋកិច្ចស្ថិរភាពនេះ ​បានធ្វើឲ្យផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺប្រមាណជាង២០០ដុល្លារអាមេរិកនៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១៥០០ដុល្លារអាមេរិកនៅឆ្នាំ២០១៨ ចំណែលឯអត្រាភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់១៣,៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យ ពីខាងក្រៅមួយចំនួនក៏ដោយ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានបន្ដទៀតថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់ៗដូចជា,ការធានាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផលសម្រាប់ការអភិវឌ្ឍ, គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ច្បាស់លាស់ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ, ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម, ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងទីក្រុង និងជនបទ។

ចំណែកលោក ម៉ាបុប អាមេដ ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រភព ៖ Campost