សម្ដេច ស ខេង លើកទឹកចិត្ត ឲ្យពលរដ្ឋរាយការណ៍បញ្ហានានា លើ Facebook សម្ដេចដោយផ្ទាល់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅកម្ពុជា មានគណបក្សជាច្រើន ដែលមានទស្សនៈផ្ទុយគ្នា នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តឧត្តមព្រឹក្សា ហៅវត្តជ័យមុនី ស្ថិតនៅភូមិជ័យមុនី ឃុំគោកគង់កើត ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា កម្ពុជា មានតម្លៃនៃការរក្សាសន្តិភាពប្រទេស ក្រោមម្លប់ព្រះមហាក្សត្រ និងតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេចបានមាន ប្រសាសន៍ថា “បើទោះបីជាកម្ពុជា មានគណបក្សច្រើន មានទស្សនៈផ្ទុយគ្នាច្រើន នៅក្នុងដំណើរការកសាង និងដឹកនាំជាតិ ប៉ុន្តែតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់ យើងបានគ្រប់គ្រងប្រទេសប្រកបដោយសេចក្ដីសុខ និងសន្តិភាព​ទូទាំងប្រទេស”។

ឆ្លៀតក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំអាជ្ញាធរក្ដាប់ព័ត៌មានឲ្យបានពាក់ព័ន្ធបញ្ហាទឹក ដើម្បីមានវិធានការជួយពលរដ្ឋទាន់ពេលវេលា តាមរយៈការដឹកទឹកចែកចាយឲ្យពួកគាត់។ ក្នុងនោះ ត្រូវរៀបចំផែនការដោះស្រាយបញ្ហាក្នុងរយៈពេលវែង ដូចជាការជីកអណ្ដូង និងស្ដារស្រះជាដើម។

ដូចគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំឭកអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបម្រើសេវាសាធារណៈឲ្យពលរដ្ឋឲ្យបានល្អ។ ទន្ទឹងនឹងនេះ ត្រូវមានវិធានការដោះស្រាយឲ្យបានច្បាស់លាស់ និងអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចបានសង្កត់ធ្ងន់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឿងញៀន ដែលជនល្មើសធ្លាប់តែចែកចាកនៅទីក្រុង និងទីប្រជុំជននានានោះ បានហូរមកដល់តំបន់ជនបទខ្លះហើយ។

បន្ថែមពីនេះ សម្តេច ស ខេង បានអំពាវនាវពលរដ្ឋចូលរួមរាយការណ៍មកសមត្ថកិច្ច និងអាជ្ញាធរ ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ មេឃុំជាដើម ប្រសិនបើឃើញការលក់ ឬចែកចាយគ្រឿងញៀន និងការសេពគ្រឿងញៀន នៅគ្រប់ទីកន្លែទាំងអស់ ពិសេសនៅក្នុងភូមិ។

រដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តពលរដ្ឋចូលរាយការណ៍ករណីគ្រឿងញៀន និងករណីដែលធ្វើឲ្យភូមិឃុំមិនមានសុវត្ថិភាព ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមថ្នាក់ដឹកនាំស្រុក ខេត្ត ហើយក៏អាចផ្ញើ ឬសរសេរក្នុងប្រអប់បញ្ចេញយោបល់ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក៏បានដែរ៕