ហួសចិត្ត! ខ្វះកន្លែងចោលមែនទេ បានជាដឹកសំរាមមកទំលាក់ក្នុងទឹក(មានវីដេអូ)

ការ​បោះ​ចោលសំរាមនៅ​តាម​ទីសាធារណៈ ពី​សំណាក់​ពលរដ្ឋ​កម្ពុជា មិន​មែន​ជា​រឿងថ្មី​ឬ​​ប្លែក​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា​​​បោះ​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​យ៉ាង​ដូច្នេះ​តាំង​ពី​យូរ​មក​ហើយ នៅ​គ្រប់​ទី​កន្លែង រាប់​តាំង​ពី​នៅ​មុខ​ផ្ទះ តាម​ចិញ្ចើម​ផ្លូវ និង​នៅ​តាមទី​សាធារណៈ​នានា​។ នៅ​​តំបន់​ទេសចរណ៍​សំខាន់​ៗមួយ​ចំនួន រួម​ទាំង​ប្រាសាទ​អង្គរវត្ត​ផង ក៏​មានការ​ចោល​សំរាម​ដូច​គ្នា​ដែរ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​នានា ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន​។ ជាទូទៅ នៅ​តាម​តំបន់​ទេសចរណ៍ សំរាម​ដែល​គេ​តែង​តែប្រទះ​​ឃើញ​មាន​ជា​អាថិ៍​ ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។

ជាក់​ស្ដែង នៅ​តាម​គ្រួសារ​មួយ​ចំនួន អាណាព្យាបាល​ឬ​ចាស់​ទុំ​ក្នុង​ផ្ទះ មិន​បាន​អប់រំ​កូន​ចៅ​​ឲ្យ​កើត​ជា​ទម្លាប់ស្រឡាញ់​បរិស្ថាន ដាក់​សំរាម​ចូល​ធុង ព្រោះ​យល់​ថា វា​ជា​បញ្ហា​សកល ដែល​មនុស្ស​គ្រប់​គ្នា​គួរ​យល់​ដឹង មិន​ចាំ​បាច់បង្ហាត់​បង្រៀន​អ្វី​ឡើយ​​។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត គឺ​មនុស្ស​ចាស់​តែ​ម្ដង ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ធ្វើ​ជា​គំរូ​អាក្រក់​សម្រាប់​កូន​ៗ​។

យើងឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែរទាក់ទងជាមួយការបោះសំរាមផ្ដេសផ្ដាស់ មានទាំងចាក់ចោលសំរាមចោលលើផ្លូវសាធារណៈ មានទាំងចាក់ចូលទៅក្នុងទឹកទន្លេ ស្ទឹង សមុទ្រជាដើម។ ខាងក្រោមជាវីដេអូថ្មីមួយដែលកើតឡើងនៅក្នុង ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង ដោយឃើញមានបុរសម្នាក់គាត់កំពុងយកសំរាមដែលច្រកក្នុងថង់ផ្លាស្ទិកធំជាច្រើនទំលាក់ចូលទៅក្នុងទឹក។