ស្ងាត់ៗបក្សជួងបើកដំណើរការទីស្នាក់ការបក្សថ្មីនៅខេត្តព្រៃវែងទឹកដីកំណើតលោក ខឹម វាសនា

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថាបក្សជួង ឬ LDP ជាគណបក្សដែលកំពុងទទួលបានការគាំទ្រមនុស្សជាច្រើនបន្ទាប់ពីវត្តមានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបើកដំណើរការទីស្នាក់ការកណ្ដាលគណបក្សរបស់ខ្លួនជាបន្ដបន្ទាប់ ដែលនាពេលថ្មីៗនេះ គណបក្សនេះបានបើកដំណើរការស្នាក់ការគណបក្សរបស់ខ្លួននៅលើទឹកដីកំណើតរបស់លោក ខឹម វាសនា ផ្ទាល់តែម្ដងនៅទឹកដីខេត្តព្រៃវែង ។

បើតាមការផ្សាយបន្ដផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឲ្យដឹងថា ទីស្នាក់ការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំខេត្តព្រៃវែង ដែលឋិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានចាប់បើកដំណើរការហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ ។

ជាមួយនឹងសមាជិកអ្នកចូលរួម ក៏ដូចជាការស្លៀកពាក់ និងការបង្ហាញអត្តសញ្ញាណបក្សរបស់ខ្លួន មានមនុស្សផ្សេងទៀតផងដែរ ដែលបានចូលរួម មិនត្រឹមតែមនុស្សពេញវ័យ និងយុវជននោះទេ ចំពោះក្មេងៗក៏ត្រូវបានអនុញ្ញាតិឲ្យចូលផងដែរ ដែលក្រោមវត្តមានរបស់លោក ចិន ថុន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ។

គួរបញ្ជាក់ផងដែរថា ទឹកដីនោះក៏ជាទឹកដីដែលលោក ខឹម វាសនា ប្រមុខគណបក្សរូបនេះ ធ្លាប់បានទទួលងារជាតំណាងរាស្រ្ត នៅក្នុងគណបក្សសម រង្ស៊ី កាលពីជិត២០ឆ្នាំមុនផងដែរ មុនពេលលោកចាកចេញមកបង្កើតគណបក្សដែលលោកបានបញ្ជាក់ថាដើម្បីបម្រើការយល់ឃើញរបស់លោក ។

ប្រភព ៖ FB

About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។