ព្រឹទ្ធបុរសវប្បធម៌ ៖ «បើអ្នកមិនចូលរួមថែរក្សាការពារ សូមកុំបំផ្លាញវប្បធម៌ខ្មែរ» (វីដេអូ)

ព្រឹទ្ធបុរសផ្នែកវប្បធម៌ លោក ព្រឿង ឈា នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ បានធ្វើការបកស្រាយទៅលើការថែរក្សាកេរ្តិ៍មរតកខ្មែរ របស់លោក និងលោកគ្រូអ្នកគ្រូដែលមានវ័យចំណាស់ថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរ ពុំសូវឲ្យតម្លៃទៅលើសិល្បៈបុរាណទេ និងចូលចិត្តទៅលើវប្បធម៌ផ្សេង ដែលមានលក្ខណៈកញ្ឆក់កញ្ឆែងជាងវប្បធម៌សិល្បៈបុរាណខ្មែរ ដែលការលើកឡើងនេះ លោកព្រឹទ្ធបុរសយល់ថា មកពីពួកគេមិនបានយល់ដឹងពីវប្បធម៌ខ្លួន និងព្យាយាមបំភ្លេចចោល ។ នេះបើតាមបទសម្ភាសន៍ជាមួយសារព័ត៌មាន Sabay នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ព្រឹទ្ធបុរស ព្រឿង ឈា ដែលជាគ្រូបង្ហាត់នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ បានលើកឡើង និងបកស្រាយពីការយល់ឃើញរបស់លោកជុំវិញការថែរក្សាវប្បធម៌របស់លោកតាំងពីសម័យអតីតកាល ពិសេសក្រោយសម័យប៉ុលពត ថាវប្បធម៌ខ្មែរស្ទើរតែបាត់បង់ទៅហើយ ប៉ុន្តែលោក​និងលោកគ្រូ អ្នកគ្រូបានស្រាវជ្រាវ និងចងក្រងឡើងវិញ ដើម្បីឲ្យមានភាពរស់រវើក ប្រៀបដូចជាសម្លរ ដែលគ្រប់គ្រឿង ។

Loading...

ប៉ុន្តែសម្លឹងមើលវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានយុវជន និងក្មេងជំនាន់ក្រោយមិនសូវយល់ ពីតម្លៃរបស់វប្បធម៌ដែលលោកថាជាព្រលឹងរបស់ជាតិសាសន៍ខ្មែរនោះ យុវជនទាំងឡាយសម័យបច្ចុប្បន្នពុំបានស្វែងយល់ និងព្យាយាមធ្វើទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយចូលចិត្តចម្រៀង សិល្បៈបរទេសដែលមានលក្ខណៈកញ្ឆក់កញ្ឆែង ដែលលោកបានលើកទ្រឹស្ដីមួយ គឺបានថ្មីចោលចាស់ ។

បើទោះជាយ៉ាងនេះក្ដី លោកព្រឹទ្ធបុរសយល់ថា គឺមកពីការដែលយុវជនខ្មែរ ឬប្រជាពលរដ្ឋមិនបានស្វែងយល់ពីតម្លៃរបស់វប្បធម៌ខ្មែរនេះ ដែលជាហេតុនាំឲ្យពួកគេរំលងចោល និងពុំបានដឹងថាវប្បធម៌ខ្មែរមានតម្លៃវិសេសវិសាលប៉ុណ្ណាសម្រាប់ជាតិ ។ មូលហេតុដែលយើងពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការថែរក្សាវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដូចនេះ ទើបវប្បធម៌ខ្មែរជាច្រើន ចាំបាច់ត្រូវដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីឲ្យមនុស្សដែលមានវិជ្ជា និងបញ្ញាជ្រៅជ្រះលើលោកជួយថែរក្សាសម្បត្តិនេះ សម្រាប់ខ្មែរ ។

លោកព្រឹទ្ធបុរសដដែលនេះ ក៏បានប្រាប់ពីតម្លៃដែលឥតកាត់ថ្លៃបានដែលលោកលើកឧទាហរណ៍ដូចជាប្រាសាទអង្គរវត្តជាដើម ដែលតម្លៃគឺមិនអាចកាត់ថ្លៃបាននោះទេ និងមិនងាយរកមកវិញបានឡើយ ដោយហេតុនេះទើបយើង (ខ្មែរ) ត្រូវតែថែរក្សាវាឲ្យបានគង់វង្សជៀសវាងការបាត់បង់ ។ លោកក៏បានលើកឡើងផងដែរថា យើងមិនមែនអ្នកបង្កើតវប្បធម៌ខ្មែរទេ ព្រោះវាជាសម្បត្តិដូនតាយើងជាយូរលង់មកហើយ ប៉ុន្តែប្រសិនបើអ្នកមិនបានជួយថែរក្សាវប្បធម៌ខ្មែរទេ សូមកុំបំផ្លាញទៅបានហើយ ៕

Loading...