បុរស ៧០ឆ្នាំម្នាក់ ត្រូវបានប្ដីប្រពន្ធ២នាក់ចងស្លាបសេកចាប់ជ្រមុជទឹក ព្រោះទំនាស់ទឹកស្រែ

ខេត្តកំពង់ចាម ៖ បុរសវ័យ៧០ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ទៀតដែលមានវ័យក្មេងជាងខ្លួន និងមានកម្លាំងមាំមួន ដោយព្រួតគ្នាពីរនាក់ប្ដីប្រពន្ធចាប់ចងដៃចងជើងវាយធ្វើបាបចាប់ជ្រមុជទឹកស្រែបណ្ដាល ឲ្យរងរបួសជាទម្ងន់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែល ១០ ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដីស្រែក្នុង ភូមិផ្ដៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

រឿងហេតុនេះ ផ្ដើមចេញពីទំនាស់បង្ហូរទឹកដាក់ស្រែ ក្នុងពេលរដូវស្រូវកំពុងចេញផ្កាផ្លែ ដែលតម្រូវឲ្យបង្ហូរទឹកចេញពីស្រែដើម្បីងាយស្រួលប្រមូលផល ស្រាប់តែបុរសវៃចំណាស់បង្ហូរទឹក ដាក់ស្រែជនដៃដល់ទើបបង្កជាទំនាស់វាយតប់គ្នាទៅវិញទៅមក ។ បើតាមរយៈសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ លឹម ឡាំ អាយុ ៧០ឆ្នាំ ដែលរស់នៅភូមិឃុំខាងលើ បានទៅកាប់ដីបង្ហូរទឹកចេញពីស្រែរបស់គាត់ ដើម្បីឲ្យហូរចូលទៅក្នុងប្រឡាយទឹក ប៉ុន្តែការបង្ហូរនេះបានធ្វើឲ្យហូរហៀរ ចូលដីស្រែបុរសម្នាក់ទៀត ដែលមានឈ្មោះថា ប៉ែន នីម៉េ អាយុ៥៩ឆ្នាំ ដែលម្ចាស់ស្រែរូបនេះ ទប់ដីមិនឲ្យទឹកហូរចេញពីស្រែរបស់គាត់ ។

Loading...

ភ្លាមៗនោះបុរសដែលមានឈ្មោះថា ប៉ែន នីម៉េ បានឃើញសកម្មភាពនេះ និងបានខឹងសម្បារ ជាមួយនឹងឈ្មោះ លឹម ឡាំ ដែលធ្វើឲ្យទឹកហូរចូលពេញដីស្រែរបស់គាត់ ។ ពេលនោះក៏មានការប្រើប្រាស់ពាក្យសម្តីជាជម្លោះនឹងគ្នា រហូតឈានដល់ប្រើអំពើ ហិង្សាដាក់គ្នាទៅវិញទៅមកពេលនោះតែម្ដង ប៉ុន្តែដោយសារ ឈ្មោះ ប៉ែន នីម៉េ មានគ្នា ២នាក់ប្ដីប្រពន្ធ ទើបធ្វើឲ្យបុរសវ័យចំណាស់ លឹម ឡាំ តែម្នាក់ឯង មិនអាចតតាំងឈ្នះ ដោយឈ្មោះ ប៉ែន នីម៉េ បានចាប់បុរសចំណាស់ លឹម ឡាំ ចងដៃ ចងជើង ជ្រមុជទឹកស្រែតែម្តងបណ្ដាលឲ្យឈ្លក់ទឹកម្ដងៗ ។

ក្រោយពីបានធ្វើសកម្មភាពនេះ ប្រជាពលរដ្ឋក្បែរនោះបានឃើញ ក៏បានចូលទៅ ឃាត់ភាគី ទាំងសង ខាង និងរាយការណ៍ ជូនមន្ត្រីនគរបាល មូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុនាពេលនោះ ។ ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថាពិតជាមាន ករណី ប្រើប្រាស់ អំពើហិង្សាដាក់គ្នាទៅវិញទៅមកពិតប្រាកដមែន នៅចំណុចវាលស្រែដែលឋិតនៅក្នុងភូមិឃុំខាងលើ ។ លោកបន្ថែមទៀតថា ករណី នេះលោកកំពុងដំណើរការសំណុំរឿងទៅតាមនីតិវិធីដោយបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ។

ទោះជាយ៉ាងណាក៏ដោយ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះដែលជាបុរសវ័យចំណាស់ នៅតែទទូចសំណូមពរឲ្យសមត្ថកិច្ច និងតុលាការខេត្តកំពង់ចាម ចាត់វិធានការលើភាគីជនបង្កទៅតាមច្បាប់ ព្រោះពួកគេពីរនាក់ប្ដីប្រពន្ធ បានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះយ៉ាងព្រៃផ្សៃដោយចាប់ចងវាយដំនិងចាប់ជ្រមុជទឹកនេះឯង ៕

ប្រភព ៖ People News Asia

Loading...