លោកសម រង្ស៊ី ៖ ព្រះមហាក្សត្រខ្មែរ ជាអាយ៉ងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន

ពុំមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ីបានវាយប្រហារទៅលើព្រះមហាក្សត្រ ដែលលើកនេះលោក សម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិដែលបានរំលាយកាលពីឆ្នាំ ២០១៣កន្លងទៅ បានធ្វើការចេញសារប្រមាថមើលងាយទៅកាន់ព្រះមហាក្សត្រខ្មែរជាថ្មីទៀត ដោយបានចោទព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ថាជាអាយ៉ងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយបានបញ្ជាក់ថា ទ្រង់ធ្វើតាមបញ្ជាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសារនេះ លោក សម រង្ស៊ីបានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួន កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នំា២០១៩កន្លងទៅ ។

សារដ៏វែងអន្លាយជាមួយនឹងការប្រមាថរួមផ្សំទាំងការបញ្ឆិតបញ្ឆៀង បានធ្វើការបង្ហោះកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានអត្ថន័យដូចតទៅ ៖

Loading...

១៤ កញ្ញា ២០១៩ / 14 September 2019 – Who is insulting the King? (*)

ព្រះមហាក្សត្រ ក៏ដូចមនុស្សធម្មតាដែរ គឺមានខ្លាំង មានអន់

បើប្រៀបធៀបព្រះមហាក្សត្រចុងក្រោយ និងព្រះមហាក្សត្រសព្វថ្ងៃ គឺខុសគ្នា ដូចមេឃនិងដី។

ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះមហាក្សត្រចុងក្រោយ
ព្រះអង្គតែងតែចេញព្រះភ័គ្រការពារប្រជាពលរដ្ឋទន់ខ្សោយ ដែលមានការឈឺចាប់ ដោយសាររងគ្រោះអំពើអយុត្តិធម៌ ពីសំណាក់រដ្ឋអំណាចផ្តាច់ការ និងអ្នកមានលុយ។ ឧទាហរណ៍ ៖ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គបានអនុញ្ញាតិឲ្យកម្មករមួយក្រុម ដឹកនាំដោយលោក សម រង្ស៊ី ចូលគាល់ព្រះអង្គក្នុងព្រះបរមរាជវាំង ហើយព្រះអង្គក៏បានជួយរកដំណោះស្រាយ ដើម្បីបញ្ចប់កូតកម្មជាច្រើន នៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ។ ព្រះអង្គតែងតែមានព្រះរាជបន្ទូលការពារផលប្រយោជន៍ប្រជារាស្ត្រ និងផលប្រយោជន៍ប្រទេសជាតិ។ ជាពិសេស ព្រះអង្គតែងតែការពារបូរណភាពទឹកដី និងឯករាជ្យភាព នៃប្រទេសកម្ពុជា។ ព្រះអង្គក៏តែងតែការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលតម្រូវឲ្យភាគីខ្មែរទាំងអស់រួបរួមគ្នា ដើម្បីផ្សះផ្សាជាតិ ពីព្រោះព្រះអង្គជាបិតាឯកភាពជាតិ។ ឧទាហរណ៍មួយទៀត ដែលយើងត្រូវចងចាំ គឺព្រះអង្គមិនយល់ព្រមដាច់ខាត យាងទៅបើកនីតិកាលមួយណារបស់រដ្ឋសភា ដែលមិនមានវត្តមានគណបក្សជាប់ឆ្នោតទាំងអស់ចូលរួមជាមួយគ្នា។ កាលពីឆ្នាំ ២០០៣ ទោះជាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវរ៉ូវគ្នាចង់ចាប់ផ្តើមបើកនីតិកាលទី ៣ យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនយល់ព្រមយាងទៅប្រថាប់ត្រា ឲ្យរដ្ឋសភាមិនគ្រប់ទឹកបែបនេះ គឺដរាបណាមិនមានវត្តមានគណបក្ស សម រង្ស៊ី ចូលរួមផងដែរ។ ព្រះរាជតំរិះព្រះអង្គ គឺព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជារាស្ត្រខ្មែរទាំងមូល មិនមែនជាព្រះមហាក្សត្រ សម្រាប់គ្រាន់តែប្រជារាស្ត្រខ្មែរមួយផ្នែកនោះទេ។

បើយើងបែរទៅមើលព្រះមហាក្សត្រសព្វថ្ងៃវិញ គឺយើងកត់សម្គាល់ថា ព្រះអង្គមិនដែលចេញព្រះភ័គ្រ ទៅជួយការពារប្រជារាស្ត្រខ្មែរ ដែលរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ ដូចជាការរឹបអូសផ្ទះសម្បែងនិងដីធ្លី ការចាប់ប្រជាពលរដ្ឋស្លូតត្រង់យកទៅឃុំឃាំង និងការវាយដំធ្វើទារុណកម្ម មកលើប្រជាពលរដ្ឋទន់ខ្សោយ ដែលហ៊ានទាមទារយុត្តិធម៌។ ព្រះអង្គមិនដែលបើកព្រះនេត្រ ដើម្បីមើលឃើញការឈឺចាប់របស់ប្រជារាស្ត្រឡើយ។ ព្រះអង្គយល់ព្រមជានិច្ចកាល ប្រថាប់ត្រាលើច្បាប់ព្រៃផ្សៃទាំងឡាយ ដែលផ្តួចផ្តើម ដោយជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន។ ធ្វើបែបនេះ ហាក់ដូចជាព្រះអង្គ ចូលព្រះហស្ថ (ចូលដៃ) ជាមួយគេ ហើយយល់ព្រមធ្វើជាអាយ៉ងរបស់គេ ឲ្យតែព្រះអង្គបានសុខខ្លួនឯង។ ឧទាហរណ៍មួយ ដែលយើងត្រូវចងចាំ គឺលិខិតដែលព្រះអង្គបានសរសេរតាមបញ្ជារបស់គេ ដែលក្នុងនោះព្រះអង្គបានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរ ចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨។ បន្ទាប់មកទៀត ព្រះអង្គក៏បានយាង ដោយមិនអៀនខ្មាស ទៅបើកសម័យប្រជុំ នីតិកាលទី ៦ នៃរដ្ឋសភាមិនគ្រប់ទឹក តំណាងឲ្យតែគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភាបែបនេះ ជារដ្ឋសភាឯកបក្ស តំណាងឲ្យតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូលឡើយ ក្នុងនោះមានគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជារាស្ត្រខ្មែរពាក់កណ្តាលនគរ។ ព្រះមហាក្សត្របែបនេះ មិនមែនជាព្រះមហាក្សត្រ គួរឲ្យស្រលាញ់ និងគោរពទេ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលបានចាប់ព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន ហើយដែលបានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត គឺជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន ដែលបានគំរាមរំលាយស្ថាប័នរាជបល្ល័ង្គ និងរបបរាជានិយមតែម្តង ហើយបានប្រកាសឲ្យបង្កើតសាធារណរដ្ឋភ្លាម បើព្រះមហាក្សត្រ មិនយល់ព្រមចុះព្រហស្ថលេខា លើកិច្ចព្រមព្រៀងព្រំដែនមួយ ដែលទទួលស្គាល់ការកាត់ទឹកដីប្រទេសកម្ពុជា ឲ្យទៅប្រទេសជិតខាង ដែលជាទង្វើក្បត់ជាតិ មិនអាចប្រកែកបាន កាលពីឆ្នាំ ២០០៥។ សូមស្តាប់សម្តីព្រៃផ្សៃរបស់ជនក្បត់ជាតិ ហ៊ុន សែន ៖

ប្រភព ៖ Sam Rainsy’s Facebook

Loading...