លោក សុខ ឥសាន ៖ អ្នកមិន «អរគុណសន្ដិភាព» គឺស្រឡាញ់សង្គ្រាម និងចង់រកគុកច្រវ៉ាក់

Loading...

នៅលើគេហទំព័រដើមអំពិល នាប៉ុន្មានថ្ងៃមុននេះបានចុះផ្សាយសារព័ត៌មានព្រមៗគ្នាពាក់ព័ន្ធនឹងសម្ដីរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដោយអ្នកនាំពាក្យម្នាក់នេះបាននិយាយថា ការដែលមនុស្សមិននិយាយរឿងសន្ដិភាពគឺបានន័យថាស្រឡាញ់សង្គ្រាម និងចង់រកគុកច្រវ៉ាក់ ។ ការដែលនិយាយនេះ គឺបានធ្វើឲ្យមានការប្រតិកម្មកាន់តែច្រើនថែមទៀត ដែលការនិយាយនេះគឺធ្វើឡើងនៅក្នុងក្រុមតេលេក្រាម Telegram នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ។

គេហទំព័រដើមអំពិលបានចុះផ្សាយពីពាក្យសម្ដីរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដោយបានសរសេរនៅក្នុងក្រុមតេលេក្រាម ដោយបានការពារសន្ដិភាព និងបាននិយាយដៀមដាមទៅកាន់អ្នកដែលមិននិយាយសន្ដិភាព គឺមានបំណងចង់បានសង្គ្រាម និងចង់រកគុកច្រវ៉ាក់ ។ ការលើកឡើងបែបនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកាន់តែមានអារម្មណ៍ខឹងសម្បារបន្ថែមទៀតលើមន្រ្តីបក្សកាន់អំណាចរូបនេះ និងបានជេរប្រទេចជាច្រើន ទៅកាន់លោកនៅក្នុង Comment នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

គួរបញ្ជាក់ផងដែរថា លោក សុខ ឥសាន្ដ ធ្លាប់មានប្រវត្តិការពាររឿងរដ្ឋាភិបាលប្រគល់ដី ៤០ ហិកតា ទៅឲ្យពលរដ្ឋវៀតណាមនៅខេត្តកំពង់ឆ្នាំងសម្រាប់ការបម្លាស់ទីមកលើដីគោក និងរឿងការចុះហត្ថលេខាព្រំដែនដែលបោះបាន ៨៤% នៅតាមបណ្ដោយព្រំដែនវៀតណាមផងដែរ ដែលការការពារទាំងនេះសុទ្ធសឹងតែពលរដ្ឋអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរចោទសួរលោកថាកំពុងបម្រើវៀតណាម ឬកម្ពុជា ដែលចម្លើយនេះពុំត្រូវបានឆ្លើយតបនោះទេ ៕

Loading...