«ហាមសិស្សជជែករឿងនយោបាយក្នុងសាលា» អត្ថន័យគឺហាមបក្សផ្សេងក្រៅពីបក្ស CPP

Loading...

សង្គម​ស៊ីវិល​ និង​គ្រូបង្រៀន​ ថ្លែង​​ថា​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ មិន​គួរ​ហាមឃាត់​ សិស្ស​និយាយ​រឿង​នយោបាយ​ក្នុង​សាលា​នោះ​ទេ​ ប៉ុន្តែ​គួរតែ​ហាមឃាត់​សកម្មភាព​ឃោសនា​ នយោបាយ​ និង​សកម្មភាព​កៀរគរ​គ្រូបង្រៀន និង​សិស្ស​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស​កាន់អំណាច​វិញ​ ទើប​ជា​រឿង​ត្រឹមត្រូវ។ ប្រតិកម្ម​នេះ​ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​ដាក់​បម្រាម​ មិន​ឲ្យ​សិស្ស​និយាយ​រឿង​នយោបាយ​ នៅ​ក្នុង​សាលា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​គ្រូបង្រៀន​ ព្រមទាំង​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ បញ្ចេញមតិ​រិះគន់​ព្រោងព្រាត​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា លោក ហង់ ជួនណារ៉ុន​ ដែល​ហាមឃាត់​សិស្ស​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​ក្នុង​សាលារៀន។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក​ រ៉ុង​ ឈុន​ មានប្រសាសន៍​ថា​ បម្រាម​របស់ក្រ​សួង​អប់រំ​ គឺ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​អន្តរជាតិ។ លោក​ បន្ត​ថា​ ក្រសួង​អប់រំ​ គួរតែ​បើកទូលាយ​ ឲ្យ​សិស្ស​និស្សិត​មាន​សិទ្ធិជជែក​និង​បាន​យល់ដឹង​ស៊ីជម្រៅ​អំពី​បញ្ហា​នយោបាយ​ ទោះបីជា​នៅ​ ក្នុង​សាលារៀន​ក្តី៖ «យើង​ឃើញ​មាន​នាយក​សាលា​ឬ​នាយក​រង​និង​ថ្នាក់​គ្រប់គ្រង​នៅ​ តាម​មហាវិទ្យាល័យ​អី​ សុទ្ធតែ​ជាសកម្ម​ជន​គណបក្ស​កាន់អំណាច​។នេះ​ទើប​ច្បាប់​ត្រូវ​ហាម​ គេ​ហាម​ មិន​ឲ្យ​អ្នក​ទាំងអស់​នេះ​យក​ម៉ោង​រដ្ឋ​ទៅ​ធ្វើសកម្មភាព​នយោបាយ​ទេ​ ប៉ុន្តែ​ចំពោះ​សិស្ស​និង​និស្សិត​ អាច​មាន​សិទ្ធិជជែក​គ្នា​រឿង​នយោបាយ​រឿង​ស្រុកទេស​ អត់មាន​អ្វី​ត្រូវ​ហាមឃាត់​ទេ​។ បើ​មិន​ជឿ​ទេ​ ឲ្យ​លោក​រដ្ឋមន្ត្រី​អប់រំ​ ទៅ​មើល​ច្បាប់​ឡើងវិញ»

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) រូប​នេះ​ បន្ថែម​ថា​ បម្រាម​របស់​ក្រសួង​អប់រំ​នេះ​ គឺ​មិន​ខុស​ពី​ខ្លួនឯង​កើត​ស្រែង​ តែ​បែរជា​ប្រកាស​លក់​ថ្នាំ​ស្រែង​នោះ​ទេ​។ លោក​ សង្កេតឃើញ​ថា​ គ្រូបង្រៀន​ភាគច្រើន​ ត្រូវ​បាន​គណបក្ស​កាន់អំណាច​ តាមរយៈ​នាយក​សាលា​ បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​សមាជិក​របស់​គណបក្សប្រជាជន​កម្ពុជា​ និង​កាត់​ប្រាក់​បៀវត្សរ៍​ យក​ឲ្យ​កាកបាទក្រហម​កម្ពុជា​គ្រប់គ្រង​ដោយ​ភរិយា​លោក​ ហ៊ុន​ សែន​ ទាំង​ដែល​ពួកគាត់​មិនបាន​ឯកភាព​។ ឯសិស្ស​និស្សិត​វិញ​ លោក​ថា​ ក៏​ត្រូវ​បាន​ក្រសួង​អប់រំ​ កៀរគរ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​យុវជន​កាកបាទក្រហម​ យុវជន​កាយឫទ្ធិ​ ឬ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​គ្រប់គ្រង​ដោយ​កូនប្រុស​ពៅ​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ា​នី​ ជាដើម​ ។ លោក​ រ៉ុង​ ឈុន​ យល់ថា​ ក្រសួង​អប់រំ​គួរ​ តែ​ហាមឃាត់​សកម្មភាព​នយោបាយ​ទាំងនេះ​ ហើយ​ត្រូវ​បើក​សិទ្ធិ​ឱ្យ​​សិស្ស​និស្សិត​និយាយ​​រឿង​នយោបាយ​ក្នុង​សាលា​វិញ​។

ស្រដៀងគ្នា​នេះ​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល (Comfrel) លោក​ កន​ សា​វាង្ស លើកឡើង​ថា​ ប្រសិនបើ​ក្រសួង​អប់រំ​ចង់​ហាម​សិស្ស​នោះ​ ក្រសួង​ក៏​គួរតែ​ហាម​ឃាត់​មន្ត្រី​អប់រំ​ ឬ​គ្រូ​បង្រៀន​ កុំ​ឲ្យ​និយាយ​រឿង​នយោបាយ​ក្នុង​សាលា​ដូចគ្នា​ និង​ត្រូវ​កាត់​ឈ្មោះ​ គ្រូ​បង្រៀន​ចេញពី​រចនាសម្ព័ន្ធ​គណបក្ស​នយោបាយ។ ម្យ៉ាង​វិញ​ទៀត​ លោក​យល់ថា​ ក្រសួង​អប់រំ​ អាច​ហាមឃាត់​សិស្ស​ត្រឹម​កម្រិត​បឋម​មិន​ឲ្យ​ជជែក​ពី​រឿង​នយោបាយ​ ប៉ុន្តែ​មិន​គួរ​ហាមឃាត់​សិស្ស​ កម្រិត​ចាប់​ពី​អនុវិទ្យាល័យ​ឡើង​ទៅ​នោះ​ឡើយ៖ «បញ្ហា​នយោបាយ​ជា​រឿង​ដែល​យុវជន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​​ដឹង​ ដូច​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែងថា​ ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ធ្វើនយោបាយ​បាន​ដោយ​គ្មាន​ការ​​ហាមឃាត់​នោះ​ទេ»។

ក្រុម​សង្គម​ស៊ីវិល​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ ហង់​ ជូន​ណា​រ៉ុន​ បាន​ថ្លែងប្រាប់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​កាលពី​ថ្ងៃទី២៣​ ធ្នូ​ ថា​ សិស្ស​មិន​អាច​ជជែក​គ្នា​ពី​រឿង​នយោបាយ​ក្នុង​សាលារៀន​បានទេ​ ព្រោះ​ច្បាប់​ហាមឃាត់​ ហើយ​សាលារៀន​ គឺជា​កន្លែង​អព្យាក្រឹត។

គ្រូបង្រៀន​មា្នក់​នៅ​ខេត្ត​ព្រះសីហនុ​ ប្រាប់​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ គណបក្ស​កាន់អំណាច​ នៅតែ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​យក​សាលារៀន​ ធ្វើជា​កន្លែង​ផ្សព្វផ្សាយ​ពី​សកម្មភាព​នយោបាយ​ និង​កៀរគរ​ឲ្យ​គ្រូបង្រៀន​គាំទ្រ​គណបក្ស​របស់​ខ្លួន។ អ្នកគ្រូ​បង្រៀន​រូប​នេះ​ ឲ្យដឹង​ទៀត​ថា ខាង​សាលា​តម្រូវ​ឲ្យ​គ្រូ​បង្រៀន​ទាំង​អស់​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ប្រាក់​ខែ​របស់​លោក​គ្រូ​ អ្នកគ្រូ​ ត្រូវ​បាន​កាត់​ចូល​កាកបាទ​ក្រហម​ផង កាត់​ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​កាត់​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ទៀត ដោយ​ស្វ័យប្រវត្តិ​ ទោះ​គ្មាន​ការ​ឯកភាព​ក៏​ដោយ។ លើស​ពី​នេះ​ អ្នកគ្រូ​ពិនិត្យ​ឃើញ​ថា តាម​សាលារៀន​តែងតែ​មាន​កិច្ចប្រជុំ​រឿង​នយោបាយ​ជា​ញឹកញាប់​ ហើយ​នាយក​សាលា តែង​និយាយ​មិន​ដាច់​នោះ​ទេ​ រឿង​គុណ​បំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​ថ្ងៃ៧ មករា៖ «ប្រសិនបើ​ក្រសួង​ចេញ​មក​ហាម​ថា​ មិន​ឲ្យ​សិស្ស​ឬមួយ​គ្រូបង្រៀន​ ជជែក​រឿង​នយោបាយ​នៅ​ក្នុង​សាលា ដូច្នេះ​ក្រសួង​ខ្លួនឯង​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​ត្រឹមត្រូវ​មាន​សុក្រឹត កុំ​លម្អៀង​ទៅ​គណបក្សប្រជាជន​កម្ពុជា។ ចំពោះ​មនុស្ស​ដែល​ចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ហើយ​យក​ម៉ោង​រដ្ឋ​ និង​ឲ្យ​ក្មេង​សិស្ស​សាលា​ និង​​ឲ្យ​គ្រូបង្រៀន​ចូល​បក្ស​ខ្លួនឯង​ដោយ​មិន​មានការ​​ស្ម័គ្រចិត្ត​នោះ​ គួរតែ​ធ្វើឲ្យ​បាន​ត្រឹមត្រូវ​ទៅ»។

អ្នកគ្រូ​បង្រៀន​រូប​នេះ​ យល់​ថា​ ប្រទេស​កម្ពុជា​ បាន​ប្រកាន់យក​របប​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ មនុស្ស​គ្រប់​រូប​គ្រប់​វ័យ​គួរ​តែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​និយាយ​រឿង​នយោបាយ​គ្រប់​ទីកន្លែង។

ឆ្លើយតប​នឹង​ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ លោក​ រស់​ សុ​វាចា​ មានប្រសាសន៍​ថា​ ក្រសួង​អប់រំ​ ស្វាគមន៍​ចំពោះ​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា​ ហើយ​ក្រសួង​នឹង​ខិតខំ​ សហការ​ជា​វិជ្ជមាន​ជាមួយ​ភាគី​ ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​កែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា​ ចំពោះ​ការ​លើកឡើង​ របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ដែល​ថា​ មិន​អនុញ្ញាត​ឲ្យ​សិស្ស​ ជជែក​ពី​រឿង​នយោបាយ​នោះ​ ព្រោះ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការ​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា៣៤​ ចែង​ថា​ ស្ថាប័ន​អប់រំ​ គ្រឹះស្ថាន​សិក្សា​ ត្រូវ​គោរព​គោល​ការណ៍​អព្យាក្រឹតភាព៖ «ការ​យល់​ឃើញ​ទាំង​ឡាយ​ណា ដែល​ប្រាស់​ចាក​ពី​កំណែ​ទម្រង់​អប់រំ យុវជន និង​កីឡា គឺ​ជា​ទស្សនៈ​បុគ្គល។ ខ្ញុំ​សូម​ជម្រាប​ជូន​សារ​ជាថ្មី​ថា​ អ្វី​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​ធ្វើ​គឺ​យោង​ទៅលើ​ច្បាប់​និង​ឯកសារ​គិត​យុត្តិ»

ទោះ​យ៉ាង​ណា​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ លើក​ឡើង​ថា មាត្រា៣៤​ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ​ មិន​បាន​ហាម​ឃាត់​សិស្សានុសិស្ស​ជជែក​រឿង​នយោបាយ​ឡើយ​ ប៉ុន្តែ​ច្បាប់​នេះ​ មាន​គោលដៅ​ហាម​ឃាត់​ ការ​ធ្វើសកម្មភាព​នយោបាយ ឬ​ការ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ក្នុង​ស្ថាប័ន​អប់រំ។

ក្នុង​ពេល​បោះ​ឆ្នោត​ម្តងៗ ក្រុម​គ្រូ​បង្រៀន​មួយ​ចំនួន ក៏​តែងតែ​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​​ថា​ បាន​គំរាម​កំហែង​ផង​ និង​ស៊ូក​ប៉ាន់​លុយ​កាក់​ផង​ ដើម្បី​ទិញ​សន្លឹក​ឆ្នោត​ពួក​គាត់​នៅ​តាម​សាលា​​រៀន។ អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ថា ករណី​ទាំង​នេះ គឺ​ជា​អំពើ​បំពាន​ច្បាប់​អប់រំ​ ជា​អំពើ​ពុក​រលួយ​បែប​នយោបាយ​ និង​ថែម​ទាំង​បំពាន​គោល​ការណ៍​បោះ​ឆ្នោត​ធ្ងន់ធ្ងរ​ទៀត​ផង៕

ប្រភព ៖ RFA Khmer

Loading...