លោកស្រី ហ៊ុន ស៊ីណាត ចេញមុខសុំទោស និងស្នើរឲ្យអាជ្ញាធរសៀមរាបដាក់ស្លាកហាម…

លោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវបានមហាជនថ្កោលទោសចំពោះការព្រលែងសត្វសាហាវ គឺសត្វក្រពើចូលទសិណអង្គរ បានចេញមុខសុំអភ័យទោសដល់សាធារណជនដែលបានធ្វើសកម្មភាពខាងលើនោះ ។ លោកស្រីក៏បានធ្វើការស្នើរសុំទៅកាន់អជ្ញាធរនៅខេត្តសៀមរាបហាមិនឲ្យព្រលែងសត្វសាហាវផងដែរ ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើបែបនេះនៅពេលខាងមុខ ដោយនិយាយថាខ្លួនអ្នកធ្វើបុណ្យមិនប្រមាថជីវិតសត្វជាដើម ។ សារនេះត្រូវបានបង្ហោះកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារដូចតទៅ ៖

នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុសឆ្គងដែលនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!! ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!!

កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាមមិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូលដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ។

ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោកទេ។

នាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ ខ្ញុំសូមថ្លែងអំណរគុណដល់អជ្ញាធរមូលដ្ឋាន និងអជ្ញាធរអប្សរាដែលបានយកចិត្តទុកដាក់ចាប់ក្រពើមកវិញ និងជាពិសេសអរគុណដល់ក្មួយប្រុស ហេង វែង ដែលបានជួយចាប់ក្រពើនេះបានផងដែរ ។

គួរបញ្ជាក់ថាលោកស្រី ហ៊ុន ស៊ីណាតបានធ្វើការលុបផុសភ្លាមៗនៅលើបណ្ដាញសង្គមបន្ទាប់ពីមានការប្រតិកម្មជាខ្លាំងនៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ ។ តែទោះជាយ៉ាងនេះក្ដីមានអ្នកតាមដានបណ្ដាញសង្គមបានធ្វើការថតនូវសកម្មភាពវីដេអូរបស់លោកស្រីដែលព្រលែងកូនក្រពើចូលទសិណអង្គរ និងចែកចាយរាប់ម៉ឺន Share ផងដែរ ។ ដោយឃើញមនុស្សថ្កោលទោសបែបនេះ លោកស្រីហ៊ុន ស៊ីណាតបានធ្វើការនិយាយថាខ្លួនជាមនុស្សចាស់ គិតមិនបានវែងឆ្ងាយជាដើម។ល។ ដើម្បីបញ្ចៀសពីកំហឹងរបស់មហាជននៅលើបណ្ដាញសង្គម ។

Loading...

ស្របជាមួយគ្នានោះផងដែរ អាជ្ញាធរ និងរដ្ឋបាលក្រុងសៀមរាបបានធ្វើការចាត់វិធានការ ទៅពិនិត្យដល់កន្លែងដែលព្រលែង និងឈ្ងោកមើលតាមរកកូនក្រពើនោះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី មានបុរសម្នាក់ដែលអះអាងថាបានចាប់កូនក្របើបាននៅទសិណអង្គរនោះ ដោយខ្លួនកំពុងរត់ហាត់ប្រាណជាដើម ។ ប៉ុន្តែមតិមហាជននៅតែមិនទាន់អស់ចម្ងល់ និងសង្ស័យថាជាការសម្ដែង មិនមែនជាកូនក្រពើពិតប្រាកដ ព្រោះកាលព្រលែងសត្វក្រពើមានរូបរាងស តែចាប់បានមានរូបរាងខ្មៅ ។

ខណៈពេលនេះលោកស្រីពុំមានការចាត់វិធានការផ្លូវច្បាប់នោះទេ ដោយមហាជនយល់ថាដោយសារតែខ្សែល្ហររបស់លោកស្រីធំ នោះជាមូលហេតុដែលពុំមាននណាម្នាក់ចេញមុខមកចាត់វិធានការផ្លូវច្បាប់លើលោកស្រីនោះឡើយ ដោយគ្រាន់តែសុំទោសជាការស្រេច ។ ជាក់ស្ដែងគឺលោកស្រីពិតជាចេញមុខសុំទោស ហើយក៏បានសរសេររៀបរាប់ប្រាប់ និងស្នើរឲ្យអាជ្ញាធរដាក់ស្លាកហាមមិនឲ្យព្រលែងសត្វសាហាវក្នុងទឹកទសិណអង្គរផងដែរ ។ ប៉ុន្តែមនុស្សជាច្រើនយល់ថា ជារឿងដែលគួរឲ្យអស់សំណើចដោយសារតែពុំមាននណាម្នាក់ដែលគិតថានឹងយកសត្វសាហាវ ដូចជាសត្វក្រពើទៅព្រលែងក្នុងទឹកដែលមានមនុស្សម្នាមកកម្សាន្ដជារៀងរាល់ថ្ងៃនោះទេ ៕

Loading...