ក្រុមសង្គមងងិត ពាក់អាវស ដើរវាយសំពងបាតុករហុងកុងជាច្រើននាក់អោយរបួសធ្ងន់ (វីដេអូ)

ហុងកុង ៖ បើយោងទៅតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម និង YouTube បានឱ្យដឹងថា ក្រុមសង្គមងងឹត ពាក់អាវយឺតស ពាក់ម៉ាស់បិទមុខ និងដៃរបស់ពួកគេប្រដាប់សុទ្ធតែដំបង បានដើរវាយសំពងបាតុករ និងអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើង Yueng Long ភាគខាងជើងក្រុងហុងកុង ដោយពុំរើសមុខ ដោយគ្មានការអន្ដរាគមន៍ពីប៉ូលីសនៃក្រុងហុងកុងឡើយ ដែលបណ្ដាលឲ្យមានមនុស្សចំនួន ៤៨ នាក់ រងរបួស និងមានស្ដ្រីមានផ្ទៃពោះរលូតកូនផងដែរ ។

ក្រុមអ្នកការពារសិទ្ធិមនុស្សនៅទីក្រុងហុងកុងបានធ្វើការថ្កោលទោសទៅកាន់ប៉ូលីសហុងកុង ដែលមិនបានចេញមុខអន្តរាគមន៍ឲ្យបានទាន់ពេលវេលាទៅលើហេតុការណ៍ដែលបានរៀបរាប់ខាងលើ និងមានចេតនាបិទទ្វារ នៅពេលមានប្រជាពលរដ្ឋនៅទីក្រុងហុងកុងទៅប្ដឹងទៀតផង ។ បើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋហុងកុង ពិសេសហ្វូងបាតុករ គេយល់ថា ប៉ូលីសហុងកុង ក៏ដូចជាក្រុមសង្គមងងិតទាំងនោះ​ គឺសុទ្ធតែជាដៃជើងរបស់ប្រទេសចិនដីគោក ។

គួរបញ្ជាក់ផងដែរថា ហុងកុងកាន់ផ្នែករដ្ឋបាលគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ដែលជាកិច្ចព្រមព្រៀងពិសេសរវាងអង់គ្លេសជាមួយនឹងចិន ហើយហុងកុង នឹងត្រូវប្រគល់ប្រទេសទៅឲ្យចិនដីគោកវិញជាដាច់ខាតនៅក្នុងឆ្នាំ ២០៤៧ កាន់កាប់បន្ដ ។

ដោយសារមូលហេតុ មិនចង់រស់នៅក្រោមរបបកុម្មុយនីសចិន និងសប្បាយរីករាយក្នុងរបបសេរីនិយម ទើបប្រជាពលរដ្ឋហុងកុង រាប់លាននាក់ងើបឡើងប្រឆាំងតវ៉ានឹងការគ្រប់គ្រងរបស់ចិននេះ ។ ពួកគេបាននិយាយផងដែរថា ពួកគេនឹងបន្ដធ្វើវារហូតបានសម្រេច និងមិនបញ្ឈប់ការធ្វើបាតុកម្មនោះទេ ៕

ប្រភព ៖ Aljazeera & CNA

បញ្ចេញមតិយោបល់អ្នក