ចិត្តល្អហួស! ជិះម៉ូតូជាមួយ​ពួកម៉ាក ដឹកសង្សារយកទៅ​រំលោភបូក បានសម្រេច ឥឡូវជាប់ខ្នោះ

ក្រចេះ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកចិត្របុរី ឃាត់ខ្លួន ក្រោយពួកគេចាប់​រំលោភបូកនារីសង្សារបានសម្រេចម្នាក់ម្ដងៗ។ ករណីរំលោភបូកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរផ្លូវលំ(ផ្លូវ៧៥) ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យ ១.ឈ្មោះម៉ោញ ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ២/.ឈ្មោះ ទូ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ ជាកសិករ រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ចំណែកនារីរងគ្រោះឈ្មោះ យ.ន ធ.តា អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ(ក្នុងបន្ទុក) រស់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ (ជាសង្សារឈ្មោះ ម៉ោញ ណេ)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង៦ថ្ងៃកើតហេតុ ឈ្មោះ ណេ និង ឈ្មោះ រៀម នាំគ្នាជិះម៉ូតូ(ម៉ូតូរបស់ឈ្មោះរៀម) ទៅឌុបជនរងគ្រោះពីផ្ទះមកហូបបង្អែមនៅចំណុចផ្សារកន្ទួត ឃុំកន្ទួត។ មកដល់ម្ដុំផ្សារកន្ទួត អ្នកទាំងពីរ ក៏បានឌុបនាង បង្ហួសទៅចំណុចផ្លូវលំ(ផ្លូវ៧៥)ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយនាំគ្នាចាប់រំលោភ បានសម្រេចម្នាក់១ដងរៀងៗខ្លួន ទើបឌុបនាង យកទុកចោលនៅចំណុចផ្លូវជាតិ(ផ្លូវកោងបត់អណ្ដាស់)ក្នុងដីឃុំកន្ទួតដែរ ។

ពេលនោះជនរងគ្រោះ ក៏​តេទូរស័ព្ទហៅម៉ូតូអ្នកស្គាល់គ្នាជិះទៅផ្ទះវិញ និងបានទៅដាក់ពាក្យប្ដឹង។ ក្រោយពីទទួលពាក្យបណ្ដឹងភ្លាម នៅវេលាម៉ោង៨៖១៥នាទី ក្នុងថ្ងៃទី២២ ខែឆ្នាំដដែល កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដារ និងកម្លាំងជំនាញនៃអធិការដ្ឋាន ចុះទៅនាំខ្លួនជនសង្ស័យខាងលើបានម្នាក់(ម៉ោញ ណេ) ឯឈ្មោះទូ រៀម គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ម៉ោញ ណេ ត្រូវបាន​ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី ៕

ប្រភព ៖ Campost

បញ្ចេញមតិយោបល់អ្នក