ហុយពេញទាំងអស់តាមដងផ្លូវ អាជ្ញាធរគួរមានវិធានការ ស្រោចទឹកផ្លូវជាតិលេខ ៣ កំពត-ភ្នំពេញ!

ឥទ្ធិពលផ្លូវជាតិលេ៣​ កំពត-ភ្នំពេញ ជាពាក្យដែលបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ធ្វើការបង្ហោះព្រមទាំងរូបភាពមួយចំនួន ដែលមានដីក្រហមហុយពេញលើរបស់របរប្រើប្រាស់នានាក្នុងផ្ទះ ដែលទំនងជាប៉ះពាល់សុខភាពជាខ្លាំងដល់អ្នកដែលបានធ្វើដំណើរតាមផ្លូវ ព្រមទាំងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងផងដែរ ។ សំណួរបានសួរថា សម័យនេះហើយនៅមានផ្លូវហ៊ុយៗ ទៀតឬពិសេស ផ្លូវជាតិទៅទៀត ។

រូបភាពដែលបង្ហាញពីដីក្រហមហុយទ្រលម ដែលហុយទៅលើរុក្ខជាតិតាមដងផ្លូវ និងផ្ទះប្រជាពលរដ្ឋជាដើម បានធ្វើឲ្យពលរដ្ឋពិបាកក្នុងការរស់នៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ពីកំពត ទៅភ្នំពេញ ដែលទំនងជាឈូសធ្វើថ្មី តែដោយសារកំដៅ និងរដូវប្រាំងគ្មានភ្លៀងទើបធ្វើឲ្យរបស់របរ និងតាមដងផ្លូវពោរពេញទៅដោយពណ៌ក្រហមឆ្អិនឆ្អៅ ដោយសារគ្របដណ្ដប់ដោយដីក្រហមហុយ ។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរកាត់តាមនោះ តាមរយៈការ Comment នៅលើបណ្ដាញសង្គម ហ្វេសប៊ុកបានបញ្ជាក់ថាខ្លួនមិនសប្បាយចិត្ត និងពេញចិត្តចំពោះផ្លូវនោះបន្ដិចសោះឡើយ ហើយពួកគេថាឥតមានអ្វីត្រូវតវ៉ាអ្វីឡើយ មានតែទ្រាំលំបាកជាមួយនឹងវា ប៉ុណ្ណោះ គឺលក្ខណៈឥតជម្រើស ។

មានអ្នកលេងបណ្ដាញសង្គមមួយបានបញ្ចេញមតិយោបល់ចំពោះរឿងដីហុយនេះថា ៖ ពួកគាត់ដូចជាមិនសូវយកចិត្ដទុកដាក់ ហើយធ្វើការយឺតយ៉ាវ ។ បើមានគម្រោងត្រូវចាំពេលវេលា គួរណាស់មានវិធានការការពារកុំឲ្យវាហុយពេក ដល់ពេលឃើញដីក្នុងរូបឡើងពេញផ្ទះចឹង ឲ្យពួកគាត់ គេង ហូប ពួនមិច? ។ ពួកនេះពេលគេរិះគន់ ថាគេចាំតែរិះគន់ រិះគន់វាត្រូវហើយ បើសុទ្ធតែបងប្អូនប្រជាពលរដ្ធយើងហ្នឹង ឃើញពិបាកអញ្ចឹង អ្នកណាមិនស្រែក ។

តែទោះជាយ៉ាងនេះក្ដីបន្ទាប់ពីមានការចែករំលែកដ៏ច្រើនក្នុងបណ្ដាញសង្គម Facebook រហូតដល់ជាង១ពាន់ Share ឥឡូវនេះគឺមានឡានដឹកទឹកដើម្បីស្រោចតាមផ្លូវ ដោយអ្នកបង្ហោះរូបភាពក៏បានសាទរចំពោះការយកចិត្តទុកដាក់នេះផងដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋនៅតាមដងផ្លូវ និងអ្នកធ្វើដំណើរអំពាវនាវដល់អាជ្ញាធរ និងនាយកដ្ឋានវិស្វកម្មដែលសាងសង់ផ្លូវនោះ ឲ្យធ្វើឲ្យបានឆាប់រហ័ស និងមានវិធានការដោះស្រាយចំពោះដីហុយនេះ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋតាមដងផ្លូវ ចៀសវាងមានជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរពេលខាងមុខ ៕

ប្រភព ៖ FB Puthea Som

បញ្ចេញមតិយោបល់អ្នក