បើស្លាកលេខរដ្ឋក្លែងក្លាយ ចុះអ្នកណាហ៊ានបង្កើតស្លាកលេខរដ្ឋ ក្លែងក្លាយនេះ?

សារព័ត៌មាន Fresh News Asia បានចុះផ្សាយពាក់ព័ន្ធនឹងចំណងជើងធំៗថា ក្រសួងកសិកម្ម៖ ផ្លាកលេខរដ្ឋ១៧-២-០៨៤៥ ដែលពាក់លើរថយន្ដ Lexus បុកទ្រូងផ្លូវនៅភ្នំពេញ គឺជាផ្លាកលេខក្លែងក្លាយ មិនមែនកម្មសិទ្ធិរបស់រដ្ឋនោះទេ ដែលការចុះបែបនេះមតិមហាជនមួយចំនួនបានលើកឡើង និងបានចោទសំណួរធ្ងន់ៗទៅស្ថាប័នរដ្ឋ ឬក្រសួងពាក់ព័ន្ធថា បើស្លាកលេខរដ្ឋក្លែងក្លាយ ចុះអ្នកណាហ៊ានបង្កើតស្លាកលេខរដ្ឋក្លែងក្លាយនេះ? តើប្រជាពលរដ្ឋនឹងទុកចិត្តរថដែរឬទេចំពោះការដែលធ្វើឲ្យមានស្លាកលេខរដ្ឋបែបនេះ ថាមិនធ្លាក់ចូលមនុស្សក្រៅពីមន្រ្តីរាជការរដ្ឋ?

សារព័ត៌មានមានបានចុះផ្សាយយ៉ាងដូច្នេះថា ៖ Fresh News ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ផ្លាកលេខរដ្ឋ ១៧-២-០៨៤៥ ដែលពាក់នៅលើរថយន្ដ Lexus RX-350 ជួបគ្រោះថ្នាក់ចរាចរណ៍បុកទ្រូងផ្លូវ នៅរាជធានីភ្នំពេញ នាយប់ឈានចូលថ្ងៃទី០៦ ខែមេសានេះ គឺជាផ្លាកលេខក្លែងក្លាយ មិនមែនជាកម្មសិទ្ធិរបស់ក្រសួងនោះទេ។

បើតាមសេចក្ដីប្រកាសព័ត៌មានរថយន្ដរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានផ្លាកលេខរដ្ឋ១៧-២-០៨៤៥ គឺមានម៉ាក Mitsubishi Pajero Sport ពណ៌ស ផលិតឆ្នាំ២០១៥ ហើយរថយន្ដ Lexus ដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ ជារថយន្ដឯកជនក្លែងបន្លំស្លាកលេខរដ្ឋមកបំពាក់លើរថយន្ដផ្ទាល់ខ្លួន។

ក្រសួងកសិកម្ម ក៏បានបញ្ជាក់ទៀតថា នាពេលថ្មីៗនេះ ក្រសួងក៏បានសង្កេតឃើញមានរថយន្តមួយចំនួនទៀត បន្លំបំពាក់ស្លាកលេខរដ្ឋ១៧ ដែលរួមមាន រថយន្តម៉ាក Alphad ពណ៌ខ្មៅ ស្លាកលេខរដ្ឋ១៧-២-០៩១៧ និងរថយន្តម៉ាក Audi ពណ៌ស ស្លាកលេខរដ្ឋ១៧-២-០៩១៩ ផងដែរ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះរថយន្ដដែលបន្លំផ្លាកលេខ ទាំងអស់នេះ។

សូមបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងកសិកម្ម កើតឡើងក្រោយបុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាក Lexus RX-350 ពណ៌ស ពាក់ផ្លាកលេខរដ្ឋ១៧-២-០៨៤៥ បានបើកបុកទ្រូងផ្លូវនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែង ផ្លូវ១៥៥ ជិត វត្តទួលទំពូងនាម៉ោងជាង១២ រំលងអាធ្រាត្រឈានចូកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។

ក្រោយកើតហេតុ អ្នកបើកបរ និងមិត្តភ័ក្រ្តដែលមិនរងរបួសនោះ បានទុករថយន្តចោលនៅកន្លែងកើតហេតុព្យាយាមរត់ លុះរត់ទៅដល់កន្លែងស្ងាត់ ក៏ប្រទះយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូអ្នកដំណើរតាមផ្លូវនោះជិះគេចខ្លួនបាត់៕

ប្រភព ៖ Facebook & Fresh News

បញ្ចេញមតិយោបល់អ្នក