លោកប្ដី​សាហាវ​មែន! កាល​រៀបការគ្មាន​លុយ ឥឡូវ​ប្ដឹង​ប្រពន្ធ​ដាក់​គុក ចោទ​ថា​លួច​លុយ​ក្រុម​ហ៊ុន​ទៅ​វិញ

រឿងហេតុដែល បុរស​ជា​ប្ដីដែលពីដើមឡើយពុំមានប្រាក់មួយរៀលសោះ ឥឡូវនេះបានប្ដឹងប្រពន្ធខ្លួនដាក់គុក ពីបទលួចលុយក្រុមហ៊ុន ដោយមានទឹកប្រាក់រាប់លានដុល្លារ ទៅលើការសងជម្ងឺចិត្ត ដែលប្រពន្ធបានលក់ដីដើម្បីយកមកបើកក្រុមហ៊ុន ។ នេះបើតាមសម្ដីជាប្រពន្ធ ដែលបានចុះផ្សាយនៅលើសារព័ត៌មាន SwiftNewsDialy នាពេលថ្មីៗនេះ ដែលមានព័ត៌មានពិស្ដារដូចតទៅ ៖

(ភ្នំពេញ)៖ មហាជន​នៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ ករណី​ថៅកែ​ផ្សារ​អារ៉ូណា ជា​ប្តី​ប្តឹង​ប្រពន្ធ​ខ្លួន​ឯង និង​បុគ្គលិក​ស្រី​ម្នាក់ ដោយ​ចោទ​ថា​បាន​សហការ​គ្នា​លួច​លុយ​ក្រុមហ៊ុន​អស់​រាប់​លាន​ដុល្លារ រហូត​តុលាការ​ចេញ​ដីកា​តាម​ចាប់​ពួកគេ​យក​ទៅ​ដាក់​គុក​។

ដើម​បណ្តឹង​ដែល​ជា​ប្តី​មាន​ឈ្មោះ ​ពេជ្រ ​ច័ន្ទធី ​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ថៅកែ​ផ្សារ​អារ៉ូណា ​ដោយ​បើក​រួម​គ្នា​ជាមួយ​ប្រពន្ធ ទី​លំនៅ​ផ្ទះ​លេខ​៧៧០ ផ្លូវ​១២៨ ភូមិ​១ សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក​។

លោកស្រី ទេស សុវណ្ណារី (រូបភាព ៖ SwiftNewsDialy)

ចំណែក​ជន​ជាប់​ចោទ​មាន​ឈ្មោះ​ ទេស ​សុវណ្ណារី ​ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជា​ប្រពន្ធ​របស់​ដើម​បណ្តឹង ​និង​ឈ្មោះ ភាង សុជាតា ​ភេទ​ស្រី អាយុ​២៣​ឆ្នាំ អតីត​បុគ្គលិក​ផ្សារ​អារ៉ូណា​។

សំណុំ​រឿ​ងប្តីប្តឹង​ប្រពន្ធ និង​បុគ្គលិក​ដោយ​ចោទ​ថា លួច​លុយ​ក្រុមហ៊ុន ត្រូវបាន​តុលាការ​កំពូលលើក​យកមក​ជំនុំ​ជម្រះ​ជា​សាធារណៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​រក​យុត្តិធម៌​ជូន​គូភាគី បន្ទាប់​ពី​ជនជាប់​ចោទ​ឈ្មោះ ទេស សុវណ្ណារី ជា​ប្រពន្ធ​របស់​ដើម​បណ្តឹង បាន​ប្តឹង​សារ​ទុក្ខ​ប្រឆាំង​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍។

នៅ​ក្នុង​សវនា​ការ​លោក​ស្រី ទេស សុវណ្ណារី បាន​និយាយ​ទាំង​តក់ស្លុត​​​ ស្រក់​ទឹក​ភ្នែក រលីង​រលោង ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ចៅក្រម និង​មហាជន​ថា គាត់ និង​ដើម​បណ្តឹង បាន​រៀបការ​ជាមួយ​គ្នា​ស្រប​ច្បាប់ នៅ​អំឡុង​ឆ្នាំ​២០០១។ ក្រោយ​ពី​រៀបការ​រួច​លោកស្រី​បាន​លក់​ដី ២​កន្លែង នៅ​ក្នុង​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ ដើម្បី​យក​ធ្វើ​ដើម​ទុន​រក​ស៊ី គឺ​បើក​ផ្សារ អារ៉ូណា​។

នៅ​ក្នុង​សវនាការ​នេះ លោក​ស្រី ទេស សុវណ្ណារី យំ​បណ្តើរ និយាយ​រំឭក​ប្រវត្តិ​ប្តី​បណ្តើរ ប្រាប់​តុលាការ​ថា «ដោយ​សារ​ចង់​លើក​កិត្តិយស​ប្តី ខ្ញុំ​សុខ​ចិត្ត​យក​ទ្រព្យ​ខ្ញុំ ទៅ​បើក​កន្លែង​រក​ស៊ី ដោយ​ដាក់​ឈ្មោះ​ប្តី​ជា​ម្ចាស់​ភាគ​ហ៊ុន​៥០​ភាគរយ។ តែ​តាម​ពិត​ប្តី​ខ្ញុំ [លោក ពេជ្រ ច័ន្ទធី] មក​ការ​ជាមួយ​ខ្ញុំ គ្មាន​លុយ​មួយ​រៀល​ទេ»។

ប្តីរបស់លោកស្រី ទេស សុវណ្ណារី ឈ្មោះ ​ពេជ្រ ​ច័ន្ទធី

ជន​ជាប់​ចោទ ទេស សុវណ្ណារី បាន​រៀប​រាប់​ទៀត​ថា ខ្លួន​មាន​ឯកសារ​គ្រប់​គ្រាន់​ថា ដើម​ទុន​បង្កើត​ផ្សារ​អារ៉ូណា គឺ​ជា​លុយ​របស់​ខ្លួន​ទាំង​អស់ ចំណែក​ឈ្មោះ ពេជ្រ ច័ន្ទធី ជា​ដើម​បណ្តឹង និង​ជា​ប្តី គឺ​គ្មាន​លុយ​ទេ។

លោក​ស្រី​បាន​អះអាង​ថា «លុយ​បើក​ផ្សារ​អារ៉ូណា ជា​លុយ​ខ្ញុំ​ទាំង​អស់។ គាត់​ [ពេជ្រ ច័ន្ទធី] គ្មាន​លុយ​សូម្បី​តែ​មួយ​រៀល។ ទី​បំផុត​គាត់​មក​ប្តឹង​ខ្ញុំ​ថា ខ្ញុំ​លួច​លុយ​ក្រុមហ៊ុន​របស់​ខ្លួន​ឯង ថែម​ទាំង​ឲ្យ​តុលាការ​ចាប់​ខ្ញុំ​ដាក់​គុក​ទៀត​។ ខ្ញុំ​ត្រូវ​រត់​រក​កន្លែង​ជ្រក​កោន និង​លាក់​ខ្លួន​គ្រប់​ទិសទី​ទាំង​អយុត្តិធម៌»។

លោក​ស្រី​ ទេស សុវណ្ណារី បាន​បញ្ជាក់​ជូន​សវនា​ការ​ថា បើ​ទោះ​បី​ជា​តុលាការ​បាន​សម្រេច​ប្រគល់​ផ្ទះ និង​ទ្រព្យ​មួយ​ចំនួន ព្រម​ទាំង​ប្រាក់​ចំណេញ​របស់​ផ្សារ​អារ៉ូណា ចំនួន​៥០០​ដុល្លារ ឲ្យ​លោកស្រី​ក៏​ដោយ ក៏​ប្តី​លោក​ស្រី មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ដែរ។ សព្វថ្ងៃ​លោក​ស្រី ដើរ​សុំ​ផ្ទះ​បង​ប្អូន​ស្នាក់​អាស្រ័យ លុយ​ក៏​គ្មាន​ចាយ និង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​អំណាច​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​។

ក្នុង​នាម​ជា​តំណាង​របស់​ដើម​បណ្តឹង​ លោក​មេធាវី ឡាំង គឹមសេង បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ជូន​អង្គ​សវនាការ​ថា កូនក្តី​របស់​លោក សូម​ស្នើ​ឲ្យ​តុលាការ​កំពូល​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ ទុកជា​បាន​ការ​ដដែល​។

សូម​បញ្ជាក់​ថា លោក​ សេង លាង ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ បាន​ចេញ​សាល​ក្រម​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​លោកស្រី ​ទេស​ សុវណ្ណារី រយៈពេល​២​ឆ្នាំ និង​កញ្ញា ភាង សុជាតា រយៈពេល​៦​ខែ។

សាលក្រម​ដដែល​នេះ បាន​បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​ ទេស សុវណ្ណារី សង​ប្រាក់​ខូចខាត​ចំនួន​១,៧៥០,០០០​ដុល្លារ ទៅ​ដើម​បណ្តឹង និង​បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​ទាំង​២​នាក់ រួម​គ្នា​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៧៥០,០០០​ដុល្លារ​ ទៅ​ឲ្យ​ដើម​បណ្តឹង​ឈ្មោះ ពេជ្រ ច័ន្ទធី ក្រោម​បទ​ចោទ រំលោភ​លើ​ទុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត និង​បទ​លួច ប្រព្រឹត្ត​កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ក្នុង​ផ្សារ​អារ៉ូណា ក្នុង​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។

ផ្សារ អារ៉ូណា, ក្រុងភ្នំពេញ

ក្រោយ​មក​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៨ តុលាការ​សាលាឧទ្ធរណ៍ បាន​សម្រេច​ផ្តន្ទាទោស​លើក​ទី១ ដោយ​កែប្រែ​ទណ្ឌ​កម្ម ដាក់​ពន្ធនាគារ​លោកស្រី ទេស សុវណ្ណារី និង​កញ្ញា ភាង សុជាតា ក្នុង​ម្នាក់​ៗ កំណត់​រយៈពេល​៣​ឆ្នាំ។

សាល​ដីកា​នេះ ក៏​បាន​បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ ទេស សុវណ្ណារី សង​ប្រាក់​ខូច​ខាត​បន្ថែម ចំនួន​២,៤៥៤,១៧២.៧៩​ដុល្លារ ទៅ​ដើម​បណ្តឹង និង​បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​ទាំង​២នាក់​រួមគ្នា​សងប្រាក់​ជំងឺចិត្ត​ចំនួន​៨០០,០០០​ដុល្លារ ទៅ​ឲ្យ​ដើម​បណ្តឹង​ឈ្មោះ​ ពេជ្រ ច័ន្ទធី។ ជា​ពិសេស តុលាការ​សាលា​ឧទ្ធរណ៍ ថែម​ទាំង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ជាប់ចោទ​យក​ទៅ​ដាក់​គុក ពី​បទរំលោភ​លើ​ទុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត និង​បទ​លួច ប្រព្រឹត្ត​កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ក្នុង​ផ្សារ​ អារ៉ូណា​ស្ថិត​នៅក្នុង​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។

បន្ទាប់​ពី​តុលាការ​សាលា​ឧទ្ធរណ៍ សម្រេច​លើក​ទី១ ជន​ជាប់​ចោទ​បាន​នាំ​គ្នា​រត់​ទៅ​រក​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក និង​អ្នក​សារ​ព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ ឲ្យ​មហាជន​បាន​ដឹង ព្រោះ​ពួកគេ​យល់​ឃើញ​ថា សេចក្តី​សម្រេច​នោះ អយុត្តិធម៌​ពេក។ ក្រោយ​មក សំណុំ​រឿង​នេះ​ក៏​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​បើក​សវនា​ការ និង​សម្រេច​សារ​ជាថ្មី​ម្តង​ទៀត​។

នៅ​ក្នុង​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨ តុលាការ​សាលាឧទ្ធរណ៍ ចេញ​សាល​ដីកា​សម្រេច​លើក​ទី២ ដោយ​ព្យួរ​ទោស​ជន​ជាប់​ចោទ ឈ្មោះ ​ភាង សុជាតា និង​បញ្ឈប់​ដីកា​តាម​ចាប់​ខ្លួន​នាង។ សាល​ដីកា​ថ្មី ក៏​បាន​កំណត់​ឲ្យ​ឈ្មោះ ​ភាង​ សុជាតា​ រួចផុត​ពីសំណង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្តឹង។

ដោយ​ឡែក​ចំពោះ​ជន​ជាប់​ចោទ​ឈ្មោះ​ ទេស​ សុវណ្ណារី​ ជា​ប្រពន្ធ​របស់​ដើម​បណ្តឹង​ឈ្មោះ ពេជ្រ ច័ន្ទធី ត្រូវ​តុលាការ​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​សាល​ដីកា​ចុះ​ថ្ងៃ​ទី០១ ខែ​មីនា ឆ្នាំ​២០១៨ ទុក​ជា​បាន​ការ​ដដែល​។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​សាក​សួរ​ដេញ​ដោល​អស់​ជា​ច្រើន​ម៉ោង​រួច​មក ក្រុម​ប្រឹក្សា​ចៅក្រម​ជំនុំ​ជម្រះ​តុលាការកំពូល​ បាន​លើក​ពេល​ទៅ​ប្រកាស​សាល​ដីកា នៃ​សំណុំ​រឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ៕ (SN-ឡុក សំរិត)

ប្រភព ៖ SwiftNewsDialy