ពលរដ្ឋខ្មែរជាច្រើនសម្រុកចូលចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ខ្លាចអស់ជីវិត បង្កការរំខានក្នុងវិទ្យាស្ថានប៉ាស្ទ័រ

ប្រជាពលរដ្ឋខ្មែរជាច្រើននាក់​ បានសម្រុក​ចូលទៅ​ចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ដែលខាំដោយសារឆ្មា ឬឆ្កែខាំដោយមូលហេតុទំនងខ្លាចអស់ជីវិតដោយសារជម្ងឺឆ្កែឆ្កួត នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបង្ករការរំខាន និងភាពរញ៉េរញ៉ៃ ដោយសារតែពួកគាត់ ពុំបានស្ដាប់ការណែនាំរបស់ពេទ្យជំនាញ ព្រមទាំងមិនធ្វើការតម្រង់ជួរឲ្យបានត្រឹមត្រូវថែមទៀត ។

វីដេអូមួយបានធ្វើការបង្ហោះឡើងនៅលើបណ្ដាញសង្គម និងធ្វើការចែកចាយតៗគ្នា អំពីសត្វឆ្មា ឬឆ្កែខាំ បានបង្កភាពភ័យខ្លាចដល់អ្នកដែលចិញ្ចឹមសត្វ និងអ្នកដែលស្រឡាញ់សត្វ ក៏ដូចជាប្រវត្តិនៃការខាំរបស់សត្វទាំងនោះជាច្រើន បានធ្វើការសម្រុកចូលមន្ទីរពេទ្យនានា ដែលក្នុងនោះ មន្ទីរពេទ្យប៉ាស្ទ័រផងដែរ ដែលប្រជាពលរដ្ឋសម្រុកចូល ដើម្បីទទួលបានថ្នាំបង្ការការពារជីវិតរបស់ពួកគេ ។

ក្នុងវីដេអូនោះផងដែរ មានការបែកធ្លាយចេញមកពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយបានសរសេរថា ៖ Facebook បានធ្វើខ្មែរផ្អើលមួយនគរមែន សូម្បីតែអ្នកត្រូវឆ្កែរឬឆ្មាខាំតាំងពី 3ឫ 5ឆ្នាំមុន ក៏ផ្អើលមកចាក់ថ្នាំបង្ការដែរ ដល់ថ្នាក់គ្រូពេទ្យនៅប៉ាស្ទ័រស្រែកពន្យល់តាមមេក្រូថា បើសត្វខាំលើសពី1អាទិត្យទៅហើយមិនក្តៅខ្លួនទេ និងសត្វនោះមិនទាន់ស្លាប់ទេ គឺរួចខ្លួនហើយ ទុកឱ្យអ្នកទើបត្រូវសត្វខាំគាត់បានចូលចាក់ផង ។ គ្រូពេទ្យខំពន្យល់តែគ្មានអ្នកស្តាប់ទេ គឺសំរុកចូលឱ្យបានចាក់ ព្រោះខ្លាចបាត់បង់ជីវិត ទោះគាត់ត្រូវសត្វខាំ 3ឆ្នាំមកហើយ។ ចង់និយាយថា បើតម្រង់ជួរតាមលេខរៀងទៅវាថី? បើចេះស្លាប់គឺស្លាប់តាំងពី3ឆ្នាំមុនមកហើយ កុំគ្រាន់តែផ្អើលបានភ័យនោះ ដូចពាក្យចាស់លោកថា គោរបាត់បាននាំគ្នារបងមែន ។

រឿងហេតុបណ្ដាលឲ្យមនុស្សម្នាមានភាពចលាចលបែបនេះ គឺដោយសាររឿងហេតុដូចខាងក្រោមនេះ ៖

(ស្វាយរៀង)៖ ក្មេងស្រីម្នាក់ដែលត្រូវសត្វឆ្មាខាំតាំងពីខែ១២ ឆ្នាំ២០១៨អស់រយះពេលជាច្រើនខែមកនេះ ឥលូវបានស្លាប់បង់ជីវិតហើយ ដោយបន្សល់ទុកសម្លេងទ្រហោយំពីឪពុកម្តាយនិងសាច់ញាតិ សោកស្តាយរូបកាយក្មេងស្រីសាច់ដ៏ត្រលុកត្រលុុន មិនគួរណាឡើយស្លាប់ទាំងវ័យក្មេងបែបនេះសោះ ។ ក្មេងស្រីដែលស្លាប់ដោយសារឆ្មាខាំនេះបានស្លាប់នៅលើឡានពេទ្យ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង៥ៈ៤០នាទីល្ងាច ខណះដែលកំពុងបញ្ជូនមកស្រុកកំណើតវិញ ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះនោះបានប្រាប់អង្គភាពយើងអោយដឹងនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា៖ កូនស្រីរបស់គាត់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអាការៈធ្វើទុកខ្លាំងដូជា៖ ខ្លាចទឹក,ខ្លាចពន្លឺ,ខ្លាចខ្យល់ និងមានអាការៈថប់ៗក៏ក្រុមគ្រួសារបាននាំទៅព្យាបាលជំងឺនៅប្រទេសវៀតណាមខេត្តតៃនិញ ដោយគ្រូពេទ្យបានយកឈាមនាងទៅពិនិត្យ ចាក់ថ្នាំអោយ១ម្ចុល និងដាក់សេរ៉ូម១កំផ្លោក រួចគ្រូពេទ្យខេត្តតៃនិញ ប្រទេសវៀតណាម ក៏បានប្រាប់ក្រុមគ្រួសារក្មេងស្រីនោះថាសូមបញ្ចូនកូនទៅផ្ទះវិញចុះ ព្រោះអាការៈនេះយើងជួយលែងបានហើយ វាធ្ងន់ធ្ងរដំណាក់កាលចុងក្រោយហើយ ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបន្តទៀតថា៖ ដោយមកដល់ផ្ទះវិញពួកគាត់មិនអស់ចិត្តក៏វេលាម៉ោង១២ៈ០០ ថ្ងៃដដែល ពួកគាត់បានបញ្ចូននាងទៅកាន់មន្ទីពេទ្យប៉ាស្ទ័រ នៅរាជធានីភ្នំពេញ លុះទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានឃើញអាការៈក្មេងស្រីបែបនេះក៏ពួកគាត់បានប្រាប់ឲ្យក្រុមគ្រួសារបញ្ជូននាងត្រឡប់មកផ្ទះវិញចុះ ព្រោះមើលទៅអាការៈរបស់ក្មេងស្រីម្នាក់នេះធន់ធ្ងន់ណាស់មិនអាចព្យាបាលបានទេ ព្រោះវាជាដំណាក់កាលចុងក្រោយ ។ ឮដូច្នេះក្រុមគ្រួសារក្មេងស្រីក៏សម្រេចចិត្តបញ្ជូននាងត្រឡប់មកផ្ទះវិញ ដោយសេចក្ដីអស់សង្ឃឹម និងអាណិតអាសូរនាងជាខ្លាំង ដែលគ្មានគ្រូពេទ្យណាអាចជួយសង្គ្រោះជីវិតនាងបាន ។

ក្រុមគ្រួសារក្មេងស្រីនោះបានបន្តទៀតថា៖ ពួកគាត់បានជិះតាក់ស៊ីដើម្បីត្រឡប់មកផ្ទះវិញ នៅពេលកំពុងធ្វើដំណើរតាមផ្លូវកូនរបស់គាត់មានអាការៈធ្វើទុក្ខខ្លាំង ពេក ម្ចាស់រថយន្តឈ្នួលឃើញអាការៈក្មេងស្រីធ្ងន់ធ្ងរគាត់មិនហ៊ានដឹកនាងត្រឡប់មកផ្ទះវិញទេ លុះដល់ជិតអ្នកលឿងក្រុមគ្រួសាររបស់នាងបានសុំឲ្យម្ចាស់រថយន្ដរកមន្ទីពេទ្យណាដែលជិតនោះ ដើម្បីរកឡានមន្ទីពេទ្យដឹកកូនកាត់មកផ្ទះវិញ លុះធ្វើដំណើរលើឡានពេទ្យ បានតែបន្តិចដោយអាការៈកូនគាត់ធ្វើទុក្ខខ្លាំងពេក បណ្ដាលអោយនាងស្លាប់បាត់បង់ជីវិតនៅលើឡានពេទ្យតែម្ដងទៅ វេលាម៉ោង៥ៈ៤០នាទីល្ងាច នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2019 ធ្វើឲ្យក្រុមគ្រួសារមានការសោកស្ដាយជាខ្លាំង និងទ្រហោយំ ដោយការបាត់បង់កូនស្រីគួរឲ្យស្រឡាញ់ម្នាក់នេះ ។

ស្ត្រីជាម្ដាយបានបញ្ចាក់ថា៖ នេះជាមេរៀនមួយសូមអាណាព្យាបាលគ្រប់រូប ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះកូនៗ ដែលត្រូវឆ្មាខាំនិងក្រញៅ ឬឆ្កែខាំ សូមរុសរាន់នាំជនរងគ្រោះមកកាន់មន្ទីរពេទ្យអោយបានឆាប់ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះ និហចាក់ថ្នាំការពារជម្ងឺ ទាន់ពេលវេលាកុំទុករហូតធ្ងន់ធ្ងរ និងបាត់បង់ជីវិតដូចកូនខ្ញុំនេះអី ៕

ប្រភព ៖ Facebook