មេប៉េអឹមខេត្ត​រតនគិរី គឹម រស្មី អស់បុណ្យ ក្រោយ​បែកធ្លាយ​ចែកលុយកូន ៥០​ម៉ឺន​ដុល្លារ (វីដេអូ)

ភ្នំពេញៈ មតិ​ជា​ច្រើន​បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​ក្ដៅ​លើ​លោក ​គឹម រស្មី មេ​ប៉េអឹម​ខេត្ត​រតនគិរី ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​យោធា ហើយ​អស់​តំណែង​ជា​មេបញ្ជាការ​ប៉េអឹម​ទៀត​។ ចំណាត់​ការ​ក្ដៅៗ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ឡើង​តាម​អភិក្រម​ទី៥ របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឲ្យ​វះ​កាត់​សាច់​ស្អុយ​មួយ​ដុំ​នេះ​ចេញ បន្ទាប់​ពី​មេ​ប៉េអឹម​រូប​នេះ ជះ​លុយ​ម្ដង​កន្លះ​លាន​ដុល្លារ ដើម្បី​ចែក​ដល់​កូន​តូច​កូន​ធំ​ក្នុង​ពិធី​ខួប​កំណើត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

Photo by – Campost

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រលប់​ថ្ងៃទី​០៩ ខែ​កុម្ភៈ​នេះ បាន​ឲ្យ​ដឹង​ថា លោក គឹម រស្មី ដែល​ជា​នាយ​ទាហាន​ ឋានៈ​ឧត្តមសេនីយ៍​ត្រី (ផ្កាយ​១) និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ត្រាស់​បង្គាប់​ឲ្យ​លុប​ចេញ​ពី​ក្រប​ខ័ណ្ឌ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ប៉ុន្តែ​ការ​នេះ សម្ដេច​បញ្ជាក់​ថា គឺ​ជា​ការ​វះ​កាត់​ប្រកប​ដោយ​ការ​ឈឺ​ចាប់​។ នេះ​ជា​អភិ​ក្រម​ទី​៥ គឺ​ការ​វះ​កាត់​។

ជុំ​វិញ​ការ​សម្រេច​បញ្ចប់​មុខ​តំណែង​ និង​ក្រប​ខ័ណ្ឌ​របស់​លោក​ គឹម រស្មី នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​មតិ​សាធារណ​ជន​សាទរ និង​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​មតិ​មួយ​ចំនួន នៅ​មាន​ចម្ងល់​ថា បន្ទាប់​ពី​អស់​តំណែង អស់​ក្រប​ខ័ណ្ឌ តើ​លោក គឹម រស្មី អាច​នឹង​ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​ឬ​យ៉ាង​ណា? ព្រោះ​ថា មន្ត្រី​រាជ​ការ​ប្រាក់​ខែ​តែ​បន្តិច​បន្តួច​ទេ ប៉ុន្តែ​ហេតុអ្វី​មេបញ្ជា​ការ​រូប​នេះ មាន​លុយ​វាល់​លាន​ចែក​កូន​តូច​កូន​ធំ​បែប​នេះ​។

ដូច​គ្នា​នេះ​ដែរ ប្អូន​ស្រី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី គឺ​លោក​ស្រី ហ៊ុន​ ស៊ីណាត បាន​ហៅ​លោក​ គឹម រស្មី ថា​ជា​សាច់​ស្អុយ ហើយ​លោក​ស្រី​រង់​ចាំ​មើល​ថា តើ​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករ​លួយ លោក​ ឱម យ៉ិន​ទៀង ហ៊ាន​ចាត់​ការ​ខ្លា​ស៊ី​គោ​ទាំង​មូល​រូប​នេះ​ដែរ​ឬ​យ៉ាង​ណា​?

លោក​ស្រី ហ៊ុន ស៊ី​ណាត ៖ “ចាំ​មើល​មេ​ប៉េ​អឹម​របស់​ខេត្ត​រតន​គីរី​នេះ លោក​ប្រធាន​ប្រឆាំង​អំពើ​ពុក​រលួយ គាត់​អាច​មើល​ឃើញ​ខ្លា​ស៊ី​គោ​ទាំង​មូល​នេះ​ដែរ​ទេ? ឬ​លោក​ប្រធាន​ប្រឆាំង​អំពើ​ពុក​រលួយ មើល​ឃើញ​តែ​ឆ្មា​ស៊ី​ត្រី​អាំង​ទៅ​ណ​!! សូម​បង​ប្អូន​កូន​ក្មួយ​មិត្ត​រួម Facebook រង់​ចាំ​មើល​ថា បុគ្គល​ម្នាក់​នេះ ធ្វើ​ស្រែ​លើ​ខ្នង​បក្ស​ប្រជាជន តើ​ឯក​ឧត្តម ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គាត់​ហ៊ាន​វ៉ៃ​ខ្លា​ស៊ី​គោ​ទាំង​មូល ដែល​រាស្ត្រ​មើល​ឃើញ​ទាំងអស់​គ្នានេះ​បាន​ដែរ​ទេ?”។

គួរ​ជម្រាប​ថា ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​មិន​ដឹង​ស្មាន​ថា ឋានៈ​ត្រឹម​តែ​ជា​មេ​ប៉េអឹម​ខេត្ត​មួយ​សោះ បែរ​ជា​លោក គឹម រស្មី មាន​លុយ​ចែក​កូន​ៗ​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត​កាល​ពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថ្មីៗ​នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​អះអាង​ជា​សាធារណៈ​ថា លោក​ក៏​បាន​បញ្ជូន​កូន​ទៅ​រៀន​ដល់​ប្រទេស​អ្នកមាន​សឹង្ហបុរី​ផង​ដែរ ។ ការ​នេះ ធ្វើ​ឲ្យ​មហាជន​មាន​ការ​ងឿង​ឆ្ងល់ ចំពោះ​ចំណូល​របស់​លោក​មេ​បញ្ជាការ​ប៉េអឹម​ខេត្ត​ទិស​ឦសាន​ គឹម រស្មី ខណៈ​ប្រាក់​ខែ​រដ្ឋ​ត្រឹម​តែ​ជាង​១​លាន ឬ​២​លាន​រៀល​ប៉ុណ្ណោះ​។

យោង​តាម​វិដេអូ​មួយ ដែល​បង្ហោះ​កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ Gee Yong គេ​ឃើញ​លោក​ គឹម រស្មី បាន​ឡើង​ឈរ​លើ​វេទិកា​ខួប​កំណើត ឈរ​អម​ដោយ​ភរិយា​ និង​កូនៗ ហើយ​លោក​បាន​ប្រកាស​ជា​សាធារណៈ​ចែក​សែក​ដល់​កូនៗ​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក សរុប​ចំនួន​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជា​កាដូ​ដល់​ពួក​គេ។

សូម​ស្ដាប់​សម្ដី​ដ៏​មហិមា​របស់​មេ​ប៉េអឹម​ខេត្ត​រតនគិរី លោក គឹម រស្មី ក្នុង​វិដេអូ​ឃ្លីប​ខាង​ក្រោម​នេះ ៖

ប្រភព ៖ Campost

បញ្ចេញមតិយោបល់អ្នក