យកឡានជិះ ដើរលេងអត់ចូលផ្ទះ ឪពុកប្តឹងប៉ូលិសតាមចាប់ ភ័យពេកបើកធ្លាក់ប្រឡាយ

ស្វាយរៀងៈ យុវជនម្នាក់ រួមនិងមិត្តភក្តិរបស់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលខ្លួនជាកូនបានយករថយន្ត Lexus RX330 មួយគ្រឿង របស់ឪពុកបើកមិនដឹងថាទៅកន្លែងណានោះទេ ។ព្រោះតែឪពុកខ្លាចប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃផងនោះ គាត់ជាឪពុកក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិតឲ្យជួយឃាត់ឡានទុក តែពេលដែលឃើញសមត្ថកិច្ចដេញតាមពីក្រោយដើម្បីឃាត់​ ស្រាប់តែរថយន្ដដែលបើកបរជាកូន បានបន្ថែមល្បឿនលឿនដូចហោះធ្លាក់ប្រឡាយទឹកជាប់សាលារៀន ជាប់នឹងរបងវត្តខ្ជាយទៅមុខលែងរួច កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរបងវត្តខ្ជាយ ស្ថិតក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង នាពេលថ្មីៗនេះ ។

បើតាមពលរដ្ឋបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Lexus RX330 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9931 ធ្វើដំណើរពីទិសខាងត្បូងទៅជើង ដែលមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ ។ ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវនេះរាងកោងផង ក៏រេចង្កូតមកខាងលិចផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹកទាំងម៉ាស៊ីនមិនទាន់រលត់តែម្ដង ។

បើតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុកភ្លាមៗ របស់យុវជនខាងលើ សមត្ថកិច្ចបានចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ នាំគ្នាដេញតាមហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយដែលមានអាសយដ្ឋានខាងលើ យុវជនដែលជាកូន បានបត់ស្តាំសំដៅទៅទិសខាងជើង ។

ប្រភពបានបន្តទៀតថា សមត្ថកិច្ចយើងដេញតាម លុះមកដល់ផ្លូវកោង ដោយរថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តង ក្រោយពីរថយន្តធ្លាក់ប្រឡាយនោះរួចមក យុវជនទាំង២នាក់ បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឪពុកយុវជនខាងលើមានឈ្មោះ ចាន់ ណាវី អាយុ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។ យុវជនបង្កខាងលើ ឈ្មោះ ចាន់ សុខកា អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះមើលកូនមានប្រពន្ធ ប្រកបមុខរបរធ្វើសក់ និងកូនប្រុសមួយ រស់នៅភូមិឃុំកើតហេតុខាងលើ និងអ្នករួមដំណើរជាមួយឈ្មោះ អាតឿ អាយុ២០ឆ្នាំជាង។

ក្រោយពីបង្កហេតុរួចមក សមត្ថកិច្ចធ្វើឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីធ្វើតេស្ដទឹកមាត់ជាលទ្ធផល គឺមានសាធាតុញៀនទាំង២នាក់ ។ ចំណែករថយន្តខូចខាតផ្នែកខាងបន្តិចបន្តួច តែត្រូវសមត្ថកិច្ចប្រគល់ឲ្យម្ចាស់រថយន្តដែលជាឪពុក រីឯយុវជន២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ម្នាក់ឈ្មោះ អាតឿ សមត្ថកិច្ចនាំយកមកស្នងការដ្ឋាន នគរបាលខេត្ត ដោយមានដីការតុលាការ និងយុវជនបើកបររថយន្ត ឃាត់ខ្លួននៅអធិការស្រុកស្វាយទាប រងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕