ខ្មែរគួរអាន! ផ្នែកមួយនៃរឿងក្រោយឆាក នៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ (លម្អិត)

ដោយសារតែការស្រាវជ្រាវ នៅមានកម្រិត និងមិនទទួលបានព័ត៌មានទូលាយនៅក្នុងប្រទេសកម្ពុជា ក្រុមយើងខ្ញុំសូមលើកយកការបកស្រាយរបស់អ្នកស្រាវជ្រាវម្នាក់ ដែលបានបង្កើត Blog ដើម្បីសរសេររឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន ដែលនាពេលនេះគឺនិយាយអំពី ផ្នែកមួយនៃរឿងក្រោយឆាកនៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានរឿងដូចខាងក្រោម ៖

ស្ទើរគ្រប់ពេលដែលកម្ពុជាមានបញ្ហានយោបាយក្នុងស្រុក គេតែងឮអ្នកនយោបាយទាំងលើឆាក ទាំងក្រៅឆាក និងអ្នកនយោបាយកណ្តុរកន្លាត អ្នកវិភាគឱយបក្សនយោបាយពាក់ផ្លាកឯករាជ្យ លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ ឆ្នាំ១៩៩១មកនិយាយ។ ភាគីខ្លះអះអាងថាអ្នកនេះ ឬអ្នកនោះជាស្ថាបនិកកិច្ចព្រមព្រៀងនេះ ខ្លះទៀតបានបកស្រាយថាវាហួសសម័យ វាស្លាប់បាត់ទៅហើយ រីឯខ្លះទៀតក៏ថាវានៅតែនៅជាធរមានទេ ម្ចាស់ហត្ថលេខីទាំងឡាយនៅតែគិតគូរពីកម្ពុជាដដែលទេ។

ទំព័រខាងមុខរបស់កិច្ចព្រមព្រៀងសន្តិភាព២៣តុលា១៩៩១ ទាញចេញពីគេហទំព័រអង្គការសហប្រជាជាតិ

ដើម្បីស្វែងយល់ពីរឿងនេះ យើងគួរដឹងថារឿងចាប់ផ្តើមពីចំណុចណាទៅ ហើយភាគីណាខ្លះដែលបានពាក់ព័ន្ធក្នុងរឿងនេះ។ សាកល្បងទៅមើលស្រុកខ្មែរពីសិង្ហបុរីមកវិញម្តង។ អត្ថបទនេះជាការដកស្រង់ផ្នែកមួយរបស់រឿងពីក្រោយឆាកដែលលោកលី ក្វាន់យូបានពិពណ៌នាតាំងពីចំនុចចាប់ផ្តើមដែលសិង្ហបុរីបានចូលពាក់ព័ន្ធរហូតបានសំរេចកិច្ចព្រមព្រៀង និងរឿងខ្លះៗក្រោយការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣។

លោកលី ក្វាន់យូផ្តើមសរសេរពីកម្ពុជាថា៖ «ប្រទេសកម្ពុជាប្រៀបបាននឹងចានប៉សឺឡែនមួយដែល គេបោកកំទេចឱយបែកខ្ចាយជាអំបែងច្រើនបំណែក។ ដើម្បីផ្គុំអំបែងប៉សឺឡែនទាំងនោះឡើងវិញ យើងចាំបាច់ត្រូវធ្វើដោយសន្សឹមៗ ហើយវាជាកិច្ចការដែលត្រូវអត់ធ្មត់ និងព្យាយាមខ្លាំង (Laborious tasks)។ ដោយសារវាដូចអំបែងប៉សឺឡែនដែលយកមកផ្គុំឡើងវិញ ការរួបរួមរបស់កម្ពុជាមិនអាចរង ឬទប់ទល់នឹងសំពាធខ្លាំងបានទេ។ ប្រជាជនកម្ពុជាគឺជាអ្នកចាញ់។ ប្រវត្តិសាស្ត្រឃោរឃៅណាស់ចំពោះប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាដែលបានស៊ាំនឹងស្ថានភាពដែលគ្មានច្បាប់ទំលាប់ ឬឥតសណ្តាប់ធ្នាប់(Lawless condition) ជាយូរណាស់មកហើយ ដូច្នេះពួកគេលែងគោរព លែងខ្លាចច្បាប់ហើយ។ ពួកគេខ្លាចតែចុងកាណុងទេ។»

រូបលោកលី ក្វាន់យូ និងសម្តេចសីហនុ ស្រង់ចេញពីសៀវភៅ From the Third World to the First.

ក្នុងអត្ថបទជាភាសាអង់គ្លេស​ លោកលី​ ក្វាន់យូ​ ក៏ដូចជាអ្នកប្រើភាសាអង់គ្លេសនៅសម័យទំនើបដទៃទៀតដែរ​ គេមិននិយមហៅបុគ្គលដោយប្រើងារ​ លោក​ សម្តេច​ ឬឯកឧត្តម នៅពីមុខឈ្មោះទេ​ គឺគេហៅឈ្មោះតែម្តង​ ដោយសារបរទេសមិនសូ​វគិតខ្វល់ពីឋាណៈ​ និងអាយុ​ឬវ័យដូចខ្មែរយើងទេ។ ដើម្បីសំរួលន័យក្នុងភាសាខ្មែរកុំឱយឆ្គង​ ខ្ញុំសូមប្រើងារខ្លះនៅពីមុខឈ្មោះបុគ្គលសំខាន់ៗមួយចំនួន​ ដូចជាសម្តេចសីហនុ​ លោកសឺន​ សាន​ លោកហ៊ុន សែនជាដើម។

ដំណើររឿងគឺចាប់ផ្តើមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលវៀតណាម ចាប់ផ្តើមវាយប្រហារទៅលើកម្ពុជារបស់ពួកខ្មែរក្រហម ដែលជាជំលោះកើតចេញពីជំលោះហឹង្សារ (Clashes) នៅតាមព្រំដែនកម្ពុជាវៀតណាម។ កងទ័ពវៀតណាមបាន វាយដណ្តើមយករាជធានីភ្នំពេញបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចិនបាន ជំលៀសសម្តេចសីហនុមុនវៀតណាមចូលដល់ក្រុងភ្នំពេញបន្តិច។ រដ្ឋមន្ត្រីការបរទេសរបស់ សិង្ហបុរី លោក Rajatnam បានផ្តួចផ្តើមឱយមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់សមាគមន៍ អាស៊ាន ដែលកាលនោះមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ពិសេសមួយនៅក្រុងបាងកក ស្តីពីបញ្ហានៅកម្ពុជា។

រដ្ឋមន្ត្រីការបរទេសរបស់ សិង្ហបុរី លោក Rajatnam (ខាងស្ដាំ)

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៧៩ អាស៊ានបានចេញសេចក្តីថ្លែងការរួមមួយដែលទាមទារឱយដកកងទ័ពបរទេសទាំងអស់ចេញពីទឹកដីកម្ពុជា។ លោកលីបានបញ្ជាក់ថា បណ្តារប្រទេសក្នុងសមាគមន៍អាស៊ាន ដែលបានបង្កើតឡើងនៅខែសីហា ឆ្នាំ១៨៦៧នៅក្រុងបាងកក​ នោះមានសត្រូវដូចគ្នាមួយគឺចលនាទ័ពព្រៃកុម្មុយនីស្ត៍ដែលមានវៀតណាមខាងជើង ចិន និងសហភាពសូវៀតនៅពីក្រោយ។ ពេលកងទ័ពវៀតណាមរំកិលមកកាន់តែកៀកព្រំដែនថៃ ស្ថានភាពក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូលស្ថិតក្នុងសភាពគ្រោះថ្នាក់។

លោកតេង​ សាវភីងបានប្រាប់លោកលីថា៖ «ចិនមិនខ្លាចទេការណ៍ដែលវៀតណាមនឹងសុំឱយសូវៀតជួយដើម្បីមកគំរាមចិននោះ។ ចិននឹងផ្តល់មេរៀនដល់វៀតណាមបើវៀតណាមវាយលុកចូលមកកម្ពុជា។ ចិននឹងឱយពួកគេសងថ្លៃទង្វើររបស់ពួកគេក្នុងតំលៃដ៏ធ្ងន់ធ្ងរមួយ ហើយសហភាពសូវៀតនឹងមើលឃើញថាអ្នកជួយគាំទ្រវៀតណាមនឹងត្រូវគេដុតកំឡោចយ៉ាងតំណំដែរ។»
នៅឆ្នាំ ១៩៧៨ លោកលីបានសួរទៀតទាក់ទងនឹងបញ្ហានៅកម្ពុជាថាតើពេលណាបានចិនធ្វើអន្តរាគមន៍ក្នុងរឿងនេះ។

លោកតេង​ សាវភីង (Deng Xiaoping)

លោកតេងបានតបវិញថា៖ «វាអាស្រ័យនឹងថាតើវៀតណាមចូលដល់ចំងាយណា។»
«ចុះចាំដល់ពេលវៀតណាមចូលដល់ត្រឹមណាទើបចិនចូលអន្តរាគមន៍?» លោកលីសួរបញ្ជាក់
«បើវៀតណាមឆ្លងទន្លេមេគង្គដល់ទន្លេសាប ចិននឹងចូលអន្តរាគមន៍ហើយ។»
នៅខែកុម្ភះ ឆ្នាំ១៩៧៩ ចិនបានផ្តល់មេរៀនមួយដល់វៀតណាម​ (លើកទ័ពវាយចូលវៀតណាម)ដែលធ្វើឱយស្ថានការណ៍ក្នុងតំបន់មានស្ថេរភាព។ គោលដៅរបស់អាស៊ានគឺទប់របបហេងសំរិន ដែលលើកបន្តុបដោយកងទ័ពវៀតណាម មិនឱយទទួលអាសនៈនៅអង្គការសហប្រជាជាតិពីពួកខ្មែរក្រហមបាន។ អំពើប្រល័យពូជសាសន៍ឯងរបស់ខ្មែរក្រហមល្បីសុះសាយពេញពិភពលោក តែអាស៊ានគ្មានជំរើសផ្សេងក្រៅពីទប់កុំឱយអន្តរជាតិទទួលស្គាល់របបរណបវៀតណាមនេះ។ (អាស៊ានលូកដៃចូលក្នុងរឿងកម្ពុជាកាលនោះដោយសារវត្តមានកងទ័ពវៀតណាមនៅកម្ពុជាជាការគំរាមកំហែងដល់សន្តិសុខតំបន់ មិនមែនដោយសារគេឈឺឆ្អាលនឹងខ្មែរទេ។)

ក្នុងចំណោមសមាជិកអាស៊ានជំនាន់នោះ ឥណ្ឌូណេស៊ី ដឹកនាំដោយ ស៊ូហារតូ យល់ផ្ទុយពីសមាជិកផ្សេងទៀត ចង់ទុកបណ្តោយឱយមានកងទ័ពវៀតណាមនៅកម្ពុជាដើម្បីទប់ទល់នឹងឥទ្ធិពលចិន ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Rajar បានសរសេរសារណាដែលមានឥទ្ធិពលមួយទៅកាន់ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ​ (Non-Aligned Nations) ស្តីពីអំពើបំពាបំពាន(Bullying)របស់វៀតណាម ដែលគាត់ហៅវៀតណាមថា Prussians of Southeast Asia (Prussian ជារាជាណាចក្រមួយនៅអឺរ៉ុបម្តុំសតវតស្សន៍ទី១៣ដែលចូលឈ្លានពានទឹកដីណាដែលមានជនជាតិខ្លួនទៅរស់នៅ)​ទៅលើកម្ពុជាដែលជាប្រទេសតូចតាចស្លូតត្រង់ទន់ខ្សោយ។

The Prussia of the East: Vietnam’s Complex Role in Asia-Pacific Security

កិច្ចខិតខំប្រឹងប្រែងនេះធ្វើឱយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅអង្គការសហប្រជាជាតិ Tommy Koh អាចបញ្ចុះបញ្ចូលតំណាងប្រទេសដទៃទៀតនៅអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងនឹងវៀតណាម។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងម៉ាឡេស៊ីបានទៅបញ្ជុះបញ្ចូល ឥណ្ឌូណេស៊ីកុំឱយប្រឆាំងនឹងគោលនយោបាយបិទផ្លូវដាក់ឱយវៀតណាមឯកកោ (Isolate) របស់ថៃ ដើម្បីកុំឱយមានការប្រេះឆាគ្នាក្នុងអាស៊ានដែលនាំឱយសំលេងអាស៊ានចុះខ្សោយ។

អគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅអង្គការសហប្រជាជាតិ Tommy Koh (រូបភាព ៖ The Straits Times )

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៧៩ សភាពសូវៀតបានលើកកងទ័ពចូលឈ្លានពាន អាហ្គានីស្តង់ ជាចំនុចរបត់មួយដែលគ្មានអ្នកណានឹកស្មានដល់។ ប្រធានាធិបតី អាមេរិច Jimmy Carter ស្រឡាំងកាំង ហើយរដ្ឋាភិបាលអាមេរិចបង្កើនសកម្មភាពប្រឆាំងនឹងសភាពសូវៀត និងវៀតណាម។ ព្រឹត្តការណ៍នេះបានធ្វើឱយប្រទេសឥស្លាមក្នុងអាស៊ានប្តូរឥរិយាបទផងដែរ។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីកាន់តែសង្ស័យលើសកម្មភាពរបស់សភាពសូវៀត និងវៀតណាមខ្លាំងឡើងៗ។ ឥណ្ឌាត្រូវគេលែងរាប់រក (isolate) និងជាប្រទេសតែមួយគតនៅអាស៊ីដែលទទួលស្គាល់របបលោកហេង សំរិននៅក្រុងភ្នំពេញ។

សម្តេចសីហនុនៅជំរុំគ្រប់គ្រងដោយខ្មែរក្រហម

របាយការណ៍ស៊ើបការសំងាត់របស់សិង្ហបុរី បញ្ជាក់ដោយភាគីថៃ បង្ហាញថា មានកងទ័ពវៀតណាមប្រហែល១៧ម៉ឺននាក់គ្រប់គ្រងទីប្រជុំជន និងភាគច្រើននៃតំបន់ជនបទរបស់កម្ពុជា។ របបហេងសំរិនមានកងទ័ពប្រហែល៣ម៉ឺននាក់ដែលកងទ័ពនេះចុះខ្សោយដោយសារសីលម៌ទាប និងមានទាហានរត់ចោលជួរជាច្រើន។ នេះជាកត្តាមួយជួយឱយការឃោសនាប្រឆាំងនឹងវត្តមានវៀតណាមនៅកម្ពុជាកាន់តែមានប្រជាប្រិយ។ ខ្មែរក្រហមបានដកទ័ពទៅនៅតាមជួរភ្នំបណ្តោយព្រំដែនកម្ពុជាថៃ។

ចលនាប្រឆាំងនឹងកងទ័ពវៀតណាម មិនមែនកុម្មុយនីស្ត៍ច្រើនក្រុមដឹកនាំដោយមេបញ្ជារការស្មោះស្ម័គ្រនឹងលន់ ណុលបានរួបរួមគ្នា។ មន្ត្រីរបស់អាស៊ានបានព្យាយាមដោយលំបាកបំផុតដើម្បីឱយលោកសឺន សាន សម្តេចសីហនុ និងខ្មែរក្រហមដើម្បីបង្កើតជារដ្ឋាភិបាលរួបរួមជាតិមួយ។ ទាំងពីរក្រុម លោកសឺន សាន និងសម្តេចសីហនុស្អប់ខ្មែរក្រហមខ្លាំងណាស់ តែពួកគេក៏ខ្លាចខ្មែរក្រហមណាស់ដែរ។

លោកឧត្តមសេនីយ៍សាក់សិទ្ធ សាខន

ទំនាក់ទំនងរបស់លោកសឺន សាន ជាមួយនឹងសម្តេចព្រះនរោត្តម សីហនុគឺជាទំនាក់ទំនងរវាងរាស្ត្រ និងស្តេច។ នៅក្នុងឆ្នាំ១៩៨១ នៅពេលដែលលោកសឺន សាន និងប្រត្តិភូគាត់កំពុងប្រជុំនៅសិង្ហបុរី មន្ត្រីសិង្ហបុរីបានមកប្រាប់លោកសឺន សានថាសម្តេចសីហនុចង់ជួបជាបន្ទាន់។ ទាំងរូបគាត់ ទាំងប្រត្តិភូស្លន់ស្លោ មិនហ៊ានប្រកែកបើទោះជាសម្តេចសីហនុគ្មានអំណាចអ្វីក៏ដោយកាលនោះ។

កងទ័ពខ្មែរក្រហមឈរនិយាយជាមួយកងទ័ពលោកសឺន សាន

មួយឆ្នាំក្រោយមក (១៩៨២) ទើបមន្ត្រីអាស៊ាន មានការបញ្ចុះបញ្ចូលពីភាគីចិនផង អាចឱយភាគីប្រឆាំងវៀតណាមទាំង៣ចុះកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលរួបរួមជាតិនេះមានឈ្មោះជាផ្លូវការថា Coalition Government of Democratic Kampuchea (CGDK) អាចមានន័យជាភាសាខ្មែរថា រដ្ឋាភិបាលរួបរួមជាតិនៃកម្ពុជាប្រជាធិបតេយ្យដែលមានសម្តេចសីហនុជាប្រធានាធិបតី ខៀវ សំផនជាអនុប្រធានាធិបតី និងសឺន សានជានាយករដ្ឋមន្ត្រី។

រូបភាពសម្ដេច សីហនុ , សឺន សាន, និង ខៀវ សំផន (ខែធ្នូ ឆ្នាំ១៩៨៧)

លោកលី ក្វាន់យូ បានទទូចសុំឱ្យពួកគេចុះហត្ថលេខានៅម៉ាឡេស៊ី ក្នុងដែនដីរបស់អាស៊ាន។ បើពួកគេទៅចុះហត្ថលេខានៅប៉េកាំង ប្រទេសចិន វាបង្ហាញថារដ្ឋាភិបាលនេះនៅក្រោមឥទ្ធិពលរបស់ចិន។ ដូច្នេះ ពួកគេមិនទទួលបានការគាំទ្រនៅអង្គការសហប្រជាជាតិឡើយ។ លើសពីនេះទៅទៀត វាក៏ជារូបភាពមួយបង្ហាញទៅវៀតណាមថាសមាគមន៍អាស៊ានទាំងមូលគាំទ្ររដ្ឋាភិបាលរួបរួមជាតិថ្មីមួយនេះ មិនមែនជាគំនិតរបស់តែថៃ និងសិង្ហបុរីនោះទេ។

លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី

លោកលីបានទៅបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលនោះ លោកវេជ្ជបណ្ឌិតមហាធា មហាម៉េដ ពីទីកន្លែងចុះហត្ថលេខានេះ។ ខាងម៉ាឡេស៊ីយល់ព្រមដែលធ្វើឱ្យឥណ្ឌូណេស៊ីរបស់សូរហារតូរកលេសមិនជួយរដ្ឋាភិបាលថ្មីនេះមិនបាន។ សមាគមន៍អាស៊ានបានជួយឧបត្ថម្ភចលនាមិនមែនកុម្មុយនីស្ត៍។

ក្នុងរដ្ឋាភិបាលរួបរួមជាតិនេះ សម្តេចសីហនុដើរតួជាអ្នកការទូត ជាអ្នកឃោសនាលើឆាកអន្តរជាតិ។ អំណាចបស់រដ្ឋាភិបាលរួបរួមជាតិនេះពិតប្រាកដគឺស្ថិតលើមេដឹកនាំខ្មែរក្រហមឯណោះទេ។ សមាជិកសភាអាមេរិច Chester Atkins ខាងគណៈបក្សប្រជាធិបតេយ្យ មកពីរដ្ឋ Massachusetts បានប្រាប់ទូរទស្សន៍ ABC ថាសម្តេចសីហនុជាអាយ៉ងរបស់ខ្មែរក្រហម។ ក្នុងបទសម្ភាសជាមួយ Peter Jennings របស់ទូរទស្សន៍ ABC ក្នុងឆ្នាំ១៩៩០ សម្តេចសីហនុដែលធ្លាប់ជាសត្រូវ និងជាប់ជាអ្នកទោសខ្មែរក្រហមបានថ្លែងថា ខ្មែរក្រហមគឺជាឧក្រិដ្ឋជនក្នុងអតីតកាល តែឥលូវពួកគេគឺជាអ្នកស្នេហាជាតិ (Patriotic)។

សមាជិកសភាអាមេរិច Chester Atkins ខាងគណៈបក្សប្រជាធិបតេយ្យ មកពីរដ្ឋ Massachusetts

ព្រះអង្គបានប្រាប់ទៅពួកខ្មែរក្រហមថាកុំឱ្យប្រព្រឹត្តបទឧក្រិដ្ឋទៀត។ ព្រះអង្គបន្ថែមទៀតថា ព្រះអង្គមិនស្ថិតក្រោមគំនាបខ្មែរក្រហមទេ។ ក្នុងព្រះរាជតំណាក់ព្រះអង្គមានខ្មែរក្រហមតែម្នាក់ទេ តែព្រះអង្គមិនអនុញ្ញាតឱ្យគេមកចាត់ចែង ឬបង្គាប់បញ្ជាព្រះអង្គឡើយ។ ជំនាន់នោះ មានពាក្យចរចាមអារាមថា ខ្មែរក្រហមបានដាក់សំពាធលើសម្តេចសីហនុ។ ខ្មែរក្រហមបានដាក់មនុស្សតាមសង្កេតមើលព្រះអង្គជាប្រចាំក្នុងតំណាក់ព្រះអង្គមិនឱ្យធ្វើអ្វីដែលពួកគេមិនចង់បាន។

ខ្មែរក្រហមធ្លាប់នៅដាច់តែឯងពីសហគមន៍អន្តរជាតិម្តងហើយ។ ទំនាក់ទំនងជាមួយចលនាសឺន សាន និងចលនារបស់សម្តេចសីហនុកក្នុងក្របខ័ណ្ឌរដ្ឋាភិបាលរួបរួមជាតិនេះ ពួកខ្មែរក្រហមបានពង្រឹងខ្លួនឡើងវិញ។ ខាងចិនបានជួយអាវុធ និងលុយដល់ពួកនេះបានគ្រប់គ្រាន់។ បន្ថែមពីនេះ ពួកខ្មែរក្រហមក៏បានចំណូលពីអាជីកម្មលក់ត្បូង និងកាប់ឈើនៅតំបន់ដែលពួកគេត្រួតត្រានៅតាមព្រំដែនថៃផងដែរ។

ខ្មែរក្រហម (រូបភាព RFA)

ចំពោះភាគីវៀតណាមវិញ ការបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះជាដំណឹងអាក្រក់មួយ។ វៀតណាមបានហៅរដ្ឋាភិបាលនេះថាជាបីសាចដែលចេញពីពួកវាទីនិយមចិន និងចក្រព័ត្តនិយមអាមេរិច។ រដ្ឋមន្ត្រីការបរទេសវៀតណាមជំនាន់នោះបានទន្ទេញដដែលៗថាស្ថានការណ៍នៅកម្ពុជាជាស្ថានការណ៍មិនអាចត្រឡប់ថយក្រោយវិញបាន ហើយក៏មិនអាចចរចារបានដែរ (ប្រហែលរឿងដកកងទ័ព?)។ ចិន និងអាមេរិចបានចេញមកតតាំងនឹងបញ្ហានេះ។ ដូចក្តីសង្ឃឹមរបស់អាស៊ានរំពឹងទុក សហគមន៍អន្តរជាតិបានគាំទ្ររដ្ឋាភិបាលរួបរួមជាតិ។ ក្តីរំពឹងពីការទទួលស្គាល់រដ្ឋាភិបាលដែលលើកបន្តុបដោយកងទ័ពវៀតណាមត្រូវរលាយ។

ក្នុងក្រសែភ្នែករបស់ប្រទេសក្រីក្រ វៀតណាមជាវីរៈបុរសដ៏អស្ចារ្យដែលបានយកឈ្នះលើមហាអំណាចអាមេរិចដណ្តើមបានក្រុងព្រៃនគរ ឬសាយហ្គន ដែលសព្វថ្ងៃគេហៅក្រុងហូជីមិញ។ ប៉ុន្តែអន្តរជាតិមើលទៅវៀតណាមពេលនោះថាជាចោរអន្តរជាតិ (International villain)ដែលរំលោភបំពានលើប្រទេសជិតខាង។

វៀតណាមបានជំរុញឲ្យមានសង្គ្រាមទ័ពព្រៃដូចដែលខ្លួនបានធ្វើក្នុងសង្គ្រាមជាមួយ អាមេរិចដែរ នៅតាមបណ្តារប្រទេសអាស៊ាន តែសង្គ្រាមទាំងនោះមិនអាចឈ្នះទៅបាន។ កងទ័ពវៀតណាមបន្តនៅ លើទឹកដីកម្ពុជា៧ឆ្នាំបន្ទាប់មកទៀតរហូតដល់ខែកញ្ញាឆ្នាំ១៩៨៩ទើបដកចេញ តែពួកគេនៅតែមានពាក់ព័ន្ធផ្នែកនយោបាយរហូតដល់សំរេចបានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស១៩៩១។ ខាងភាគីអាស៊ានបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំដើម្បីសំរុសសំរួលភាគីតំណាងកម្ពុជាទាំង៤ និងស្វែងរកទីតាំង ឬគោលជំហរឲ្យចិន ថៃ និងសិង្ហបុរីដើម្បីឲ្យឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអាមេរិចបដិសេធការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ខ្មែរក្រហម។

លោកលី និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ប្រឹងប្រែងព្យាយាមបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលអាមេរិចរបស់លោក Jimmy Carter និងរបស់លោក Ronald Reagant ឱ្យនៅចាប់អារម្មណ៍បញ្ហាតំបន់នៅអាស៊ីអាគ្នេយ៍ព្រោះអាមេរិចនៅតែមាននាទីសំខាន់ក្នុងតំបន់នេះ។ រដ្ឋាភិបាលអាមេរិចនឿយណាយលែងចង់ពាក់ព័ន្ធនឹងសង្គ្រាមទ័ពព្រៃនៅអាស៊ីអាគ្នេយ៍។ អាមេរិចបានជួយប្រមូលសំលេងបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងនឹងវៀតណាម។ Tommy Koh ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិក៏ដើរតួរយ៉ាងសំខាន់ដែរក្នុងការបញ្ចុះបញ្ចូលការបោះឆ្នោតនេះ។

លោក Ronald Reagant (រូបភាព ៖ Washington Post)

នៅក្នុងសម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ សម្តេចសីហនុបានឡើងថ្លែងសុំឱ្យសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ស្តារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាឡើងវិញ។ ជាការឆ្លើយតប រដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន១០៥បានបោះឆ្នោតគាំទ្រកម្ពុជាប្រជាធិបតេយ្យ។ រៀងរាល់សមាជប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ សំលេងគាំទ្រនេះកាន់តែកើន។

ពួកអាស៊ានធ្វើឱយវៀតណាមមានអារម្មណ៍ថាកាន់តែឯកកោ។ តេង ស៊ាវភីងបានការពារថៃដោយវាយប្រហាលើវៀតណាមកាលពីខែកុម្ភះ ១៩៧៩។ នេះជាតំលៃមួយដែលចិនយកឈាមទៅប្តូរ។ នេះជាសំដីរបស់នាយករដ្ឋមន្ត្រីចិន Zhao Ziyang ប្រាប់លោកលី ក្វាន់យូ នៅឆ្នាំ១៩៨០។ វាជាការបន្ថយឥទ្ធិពលក្នុងស្វ័យការពារ។ ចិនបានបង្ខំឱយវៀតណាមឱយបញ្ជូនកងទ័ពឆ្នើមរបស់ពួកគេ៦០%ទៅឈរជើងនៅតាមព្រំដែនវៀតណាមចិន។

នាយករដ្ឋមន្ត្រីចិន Zhao Ziyang

ប្រសិនបើកងទ័ពឆ្នើមទាំងនោះអាចចូលប្រយុទ្ធដោយសេរីនៅក្នុងទឹកដីកម្ពុជា កិច្ចប្រជុំអន្តរជាតិស្វែងរកសន្តិភាពបន្ទាប់គឺជាកិច្ចប្រជុំស្វែងរកដំណោះស្រាយសន្តិភាពរវាងថៃនិងវៀតណាម មិនមែនស្វែងរកសន្តិភាពឱយកម្ពុជាទេ។ លោកនាយករដ្ឋមន្ត្រីចិនបញ្ជាក់ប្រាប់លោកលី។ ទោះជាយ៉ាណា លោកនាយករដ្ឋមន្ត្រីចិនទទួលស្គាល់ថា ចិនតែឯងមិនអាចដោះស្រាយបញ្ហាកម្ពុជាបានទេ។ កិច្ចការនេះត្រូវការអាមេរិច អាស៊ាន និងសហគមន៍អន្តរជាតិជួយ។

ក្នុងឆ្នាំ១៩៨១ នៅក្រុងវស៊ីងថុន លោកលីបានប្រាប់ទៅប្រធានាធិបតី Reagant ក្នុងកិច្ចប្រជុំមួយទល់នឹងមួយថា៖ “សភាពសូវៀតបានបង្ករបញ្ហាជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកតេងបាននិយាយថាចិនមិនចង់ឱយមានរដ្ឋរណបសូវៀតណានៅជិតខ្លួនឡើយ។ ចិននឹងទទួលយកអ្នកឈ្នះការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា ទោះជាអ្នកណាក៏ដោយ។ ” លោកប្រធានាធិបតីរៃហ្គិន​គាំទ្រគំនិតនេះ។ កាលនោះលោកប្រធានាធិបតីប្រឆាំងនឹងវៀតណាម និងរដ្ឋាភិបាលរណបវៀតណាមដាច់ណាត់។

នៅខែមិថុនា ឆ្នាំ១៩៨១ ក្នុងកិច្ចប្រជុំប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីភិច លោកលីបានប្រាប់ទៅ John Holdridge (John Holdrige ជាមន្ត្រីការបរទេសឯកទេសពីចិន ជាឯកអគ្គរដ្ឋទូតនៅសិង្ហបុរី១៩៧៥ ១៩៧៨ នៅឥណ្ឌូណេស៊ី១៩៨២ដល់១៩៨៦។) ថាសិង្ហបុរីនឹងទទួលស្គាល់អ្នកណាដែលឈ្នះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅកម្ពុជា។ របបហេង សំរិនក៏អាចឈ្នះដែរ។ គាត់ក៏បដិសេធភ្លាមថា ការណ៍នេះមិនអាចទទួលយកបានទេ។

John Holdrige ជាមន្ត្រីការបរទេសឯកទេសពីចិន ជាឯកអគ្គរដ្ឋទូតនៅសិង្ហបុរី១៩៧៥ ១៩៧៨ នៅឥណ្ឌូណេស៊ី១៩៨២ដល់១៩៨៦

របបហេង សំរិនក៏ជារបបកុម្មុយនីស្ត៍រណបសូវៀតដែរ។ នេះបញ្ជាក់ថា អាមេរិចនឹងមិនទទួលស្គាល់ជ័យជំនះរបស់របបហេងសំរិនដូចខាងភាគីចិនទេ។ ឆ្លើយតបនឹងសំនួរដែលថារដ្ឋាភិបាលអាមេរិចនិយាយថារលោកហ៊ុន សែនជានាយករដ្ឋមន្ត្រីរបស់រដ្ឋកម្ពុជាជាអាយ៉ងវៀតណាម ហើយជាថ្នាក់ដឹកនាំដែលអាមេរិចមិនអាចទទួលយកបានទេ។

ឆ្លើយនឹងសំនួររបស់ Peter Jennings លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយថាសំរាប់ខ្លួនគាត់ពិបាកដែរ។ ក្នុងពេលជាមួយគ្នា នៅម្ខាងគេចោទថាគាត់ជាខ្មែរក្រហម និងនៅម្ខាងទៀតគេចោទថាគាត់ជាអាយ៉ងរបស់វៀតណាម។

Peter Jennings

Peter Jennings បានបន្តសួរទៀតថា៖ « លោកនាយករដ្ឋមន្ត្រី! លោកស្គាល់ពួកខ្មែរក្រហមក្នុងទស្សវតន៍ឆ្នាំ១៩៧០។ តើពួកនោះផ្លាស់ប្តូរទេ?» (ទំនងជាគាត់ចង់សួរថាប្តូរពី ឧក្រិដ្ឋជនមកជាអ្នកស្នេហាជាតិវិញមែនដែរឬទេ) លោកនាយករដ្ឋមន្ត្រីតបថា៖ «មកដល់ពេលនេះ ខ្ញុំមើលឃើញថាពួកនេះគ្មានការផ្លាស់ប្តូរអ្វីទេ។ ពួកគេចង់តែប្តូរសំបកក្រៅដើម្បីជានយោបាយការទូតទេ។»

នាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងទស្សវត្សន៍ឆ្នាំ១៩៨០

នៅខែសីហា ឆ្នាំ១៩៨២ មន្ត្រីក្រសួងការបរទេស និងទីភ្នាក់ងារចារកិច្ចរបស់អាមេរិច ប្រាប់មន្ត្រីទូតសិង្ហបុរីថាពួកគេនឹងជួយផ្តល់ជំនួយគិតជាទឹកប្រាក់៤លានដុល្លាអាមេរិចទៅក្រុមប្រឆាំងវៀតណាមដែលមិនមែនកុម្មុយនីស្ត៍ ជាជំនួយមនុស្សធម៌ (Non-lethal aid) ជាជំនួយស្បៀងអាហារ និងថ្នាំពេទ្យ ដើម្បីបន្ថែមលើកិច្ចខំប្រឹងប្រែងរបស់អាស៊ាន។

នេះជាចំនុចរបត់ និងចាប់ផ្តើមមួយរបស់រដ្ឋាភិបាលលោករីហ្គែនយកឈ្នះលើជំងឺ Vietnam withdrawal syndromeរបស់ខ្លួនដើម្បីជួយក្រុមមិនមែនកុម្មុយនីស្ត៍។ ម៉ាឡេស៊ីបានជួយជាឯកសណ្ឋានទ័ព និងការវឹកវឺន សិង្ហបុរីបានជួយជាកាំភ្លើង AK47 គ្រាប់បែកដៃ គ្រាប់ និងវិទ្យុទាក់ទង។

ចក្រភពអង់គ្លេសបានបញ្ជូនអ្នកបច្ចេកទេស និងអ្នកការសែតមកបង្ហាត់បង្រៀនមនុស្ស១៤នាក់មកពីចលនា KPNLF ពីរបៀបផ្សាយវិទ្យុរលកសំលេងខ្លី ផ្សាយពីសិង្ហបុរី (វិទ្យុប៉ុស្ត៍សឺនសាន)។ ពួកគេបានរៀនពីរបៀបផ្សាយវិទ្យុចេញពីស្ថានីយ៍ចល័តដែលមានកំលាំងផ្សាយ២៥kW របស់ជប៉ុន (25kW mobile Japanese transmitters)។

ចលនា KPNLF ( Khmer People’s National Liberation Front )

ថៃ ម៉ាឡេស៊ី និងសិង្ហបុរីបានវឹកវើនកងទ័ពឧទ្ទាម។ នៅចន្លោះឆ្នាំ១៩៨៣-១៩៨៤ ជាលើកទី១ដែលកងទ័ពប្រឆាំងនឹងវៀតណាមទាំងនេះ ដឹកនាំដោយកងទ័ពខ្មែរក្រហមអាចការពារទីតាំងខ្លួនបានល្អ មិនដកថយរត់ចូលដីថៃនៅរដូវប្រាំង។

នៅឆ្នាំ១៩៨៤ លោកលីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិច George Shultz ក្នុងអណត្តិលោករៃហ្គិន នៅសិង្ហបុរី។ លោកលីបានទទូចសុំឱយអាមេរិចផ្តល់ជំនួយបន្ថែមទៀតដល់កងទ័ពប្រឆាំងដែលមិនមែនកុម្មុយនីស្ត៍។ ជំនួយដ៏តិចតួចរបស់អាមេរិចកាលនោះនឹងផ្តល់ប្រយោជន៍នយោបាយជាអតិ្តបរិមាដល់ខ្មែរក្រហម និងចិន។

ជំនួយរបស់ចិនផ្តល់ទៅឱយខ្មែរក្រហមធ្វើឱយកងទ័ពខ្មែរក្រហមនៅតែខ្លាំងជាងកងទ័ពដទៃទៀត។ អាមេរិចគួរជួយកងទ័ពខ្មែរមិនមែនកុម្មុយនីស្ត៍ ជួយបង្កើនសមត្ថភាពពួកគេឱយបានដល់កំរិតអត្តិបរិមាទៅតាមសក្តានុពលដែលពួកគេមានក្រោយពីពួកគេបង្ហាញពាក្យសន្យាក្នុងការប្រយុទ្ធ។ ពួកគេពិតជាត្រូវការជំនួយអាមេរិច។

លោករដ្ឋមន្ត្រីយល់ពីរឿងនេះ តែគាត់បានប្រាប់ទៅលោកលីវិញថាគាត់ពិបាកធានាពីនិរន្តរភាពរជំនួយនេះណាស់។ គេពិបាកនឹងបញ្ចុះបញ្ជូលឱយសភាអាមេរិចបោះឆ្នោតគាំទ្រ ឬអនុម័តថវិកាសំរេចផ្តល់ជំនួយដ៏សំខាន់នេះបានជារៀងរាល់ឆ្នាំណាស់។

តំណាងរបស់សិង្ហបុរីប្រចាំក្រុមការងារសំរបសំរួលបញ្ហាខ្មែរមានថៃ ម៉ាឡេស៊ី សិង្ហបុរី និងអាមេរិចប្រចាំនៅក្រុងបាងកក បានប៉ាន់ប្រមាណថា អាមេរិចបានជួយដល់ចលនាទាំងនោះគិតជាទឹកប្រាក់ប្រហែល១៥០លានដុល្លា សរុបទាំងសំងាត់ និងទាំងចំហ។

សិង្ហបុរីជួយ៥៥លានដុល្លា ម៉ាឡេស៊ី១០លានដុល្លា និងថៃ២ឫ៣លានដុល្លា ជាការវឹកវើន​ គ្រាប់រំសេវ ស្បៀងអាហារ និងមូលនិធិសំរាប់ប្រើក្នុងប្រតិបត្តិការណ៍នានា។ ចិនបានជួយចលនាលោកសឺនសាន និងសម្តេចសីហនុ១០០លានដុល្លា ១០ដងនៃចំនួននេះទៅឱយខ្មែរក្រហម។

សង្រ្គាមនៅអាហ្គានីស្តង់ធ្វើឱយសភាពសូវៀតហូរឈាមខ្លាំង បូករួមជាមួយជំនួយឱយវៀតណាម អេចូពី អង់ហ្គោឡា និងគុយបាថែមទៀត ធ្វើឱយសហភាពសូវៀតត្រដខ្យល់។ ក្នុងទស្សវត្សន៍ឆ្នាំ១៩៨០ ជំនួយរបស់សភាពសូវៀតទៅឱយវៀតណាមត្រូវបានបញ្ឈប់។

វៀតណាមស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដែលកំរិតអតិផរណាឡើងដល់១ពាន់ភាគរយនៅឆ្នាំ១៩៨៨ ហើយនិងវិបត្តិស្បៀងអាហារថែមលើពីនោះទៀត។ វៀតណាមត្រូវបង្ខំចិត្តចេញពីកម្ពុជា។ នៅខែកក្កដាឆ្នាំ១៩៨៨ វៀតណាមបានប្រកាសជាផ្លូវការដកកងទ័ពរបស់ខ្លួន៥ម៉ឺននាក់ចេញ។

សមាជិកសភាអាមេរិច Stephen Solarz ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ីប៉ាស៊ីភិច ក្នុងគណកម្មការទំនាកទំនងបរទេសរបស់សភា បានជួបលោកលីនៅសិង្ហបុរីពីសំណើរសុំឱ្យមានកងទ័ពរបស់អង្គការសហប្រជាជាតិចូលមករក្សាសន្តិសុខក្នុងពេលបោះឆ្នោតនៅកម្ពុជា។

សមាជិកសភាអាមេរិច Stephen Solarz ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ីប៉ាស៊ីភិច(រូបកាលមិនទាន់ស្លាប់)

លោកលី ក្វាន់យូ គាំទ្រសំណើរនេះ និងជំរុញឱ្យគាត់បន្តកិច្ចការនេះ។ នៅពេលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីទទួលយកសំណើរនេះជាផ្លូវការ បណ្តារប្រទេសអាស៊ានក៏ប្រកាសគាំទ្រតាមក្រោយ។ នៅពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិបានបញ្ជូនកងកំលាំងរក្សាសន្តិភាពមកកម្ពុជាមុន ហើយអជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់អ៊ុនតាក់មកតាមក្រោយ (UN Transitional Authority in Cambodia or UNTAC)។ សម្តេចសីហនុបានយាងត្រឡប់ទៅកម្ពុជាពីក្រុងប៉េកាំងវិញដោយមានអ្នកស្នងដំណែងពីលោកហេង សំរិន នាយករដ្ឋមន្ត្រីហ៊ុន សែនអមដំណើរ។

អគ្គលេខាធិការអ៊ុន តាក់ លោកយ៉ាស៊ូស៊ី អាកាស៊ី

UNTAC ជាបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលចំណាយច្រើនជាងគេបំផុតគិតត្រឹមពេលនោះ ថវិការច្រើនជាង២ពាន់លានដុល្លា មន្ត្រីទាំងស៊ីវិល និងយោធា ២ម៉ឺននាក់។ ការបោះឆ្នោតប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ១៩៩៣ ដោយជោគជ័យដែលលទ្ធផលគណៈបក្សរបស់សម្តេចសីហនុ ដឹកនាំដោយព្រះអង្គម្ចាស់រណរិទ្ធិឈ្នះបាន ៥៨កៅអី ទល់នឹងលោកហ៊ុន សែន៥១កៅអី ។

កងរក្សាសន្តិភាពរបស់អ៊ុនតាក់មកដល់កម្ពុជា

រដ្ឋាភិបាលអាមេរិចបានប្តូរជំហរលើរដ្ឋាភិបាលដែលលើកបន្តុបដោយវៀតណាម។ ប្រហែលពួកអាមេរិចអស់ចិត្ត (Satisfied)ថាលោកហ៊ុន សែនចង់ឯករាជ្យពីវៀតណាម ហើយត្រៀមបណ្តោយឱយគាត់ឡើងកាន់អំណាច។​ អ៊ុនតាក់ចាប់ផ្តើមដកចេញពីកម្ពុជានៅខែវិច្ឆិកា ឆ្នាំ១៩៩៣។ បេសកម្មនៅកម្ពុជាបានបញ្ចប់ទៅដោយមានមន្ត្រីបាត់បង់ជីវិតតិចបំផុត។

មហាអំណាចធំៗបានជួបដោះស្រាយបញ្ហានៅកម្ពុជាដោយផ្ទាល់។ ចិនជាប្រទេសតែមួយគត់ដែលជួយគាំទ្រពួកខ្មែរក្រហម។ នាយករដ្ឋមន្ត្រីលី ប៉េងបាននិយាយប្រាប់លោកលីនៅក្រុងប៉េកាំងនៅតែតុលាឆ្នាំ១៩៩០ថា បើទុកណាជាខ្មែរក្រហមបានប្រព្រឹត្តកំហុសក្នុងអតីតកាលក្តី ក៏ពួកគេបានផ្តល់ ឬរួមចំនែកខ្លះដែរ។ ក្នុងន័យនេះ គាត់ចង់មានន័យថាខ្មែរក្រហមសមនឹងបានកន្លែងខ្លះក្នុងរដ្ឋាភិបាលថ្មី។ ប៉ុន្តែពេលសូវៀត និងអាមេរិចយល់ព្រមនឹងគ្នាបញ្ចប់សង្គ្រាមនៅវៀតណាមដោយឈប់ផ្តល់ជំនួយយោធាដល់ភាគីជំលោះ ពិសេសប្រេង ឥទ្ធិពលរបស់ចិនបានធ្លាក់ចុះភ្លាម។

ក្បួនឃោសនាបោះឆ្នោតនៅឆ្នាំ១៩៩៣

បន្ទាប់ពីនោះមក សិង្ហបុរីនៅត្រឹមជាអ្នកអ្នកសង្កេតមើលល្ខោននយោបាយនៅកម្ពុជាតែប៉ណ្ណោះ។ ក្រោយពេលវៀតណាមដកកងទ័ពចេញពីកម្ពុជាទៅ សាមគ្គីភាពក្នុងអាស៊ានបានចុះខ្សោយ។ ថៃបានឆក់យកឱកាសទៅវិនិយោគ និងធ្វើពានិជ្ជកម្មក្នុងការស្តារប្រទេសវៀតណាម។ ឥណ្ឌូណេស៊ីក៏ប្តូរជំហរ ចង់ទុកវៀតណាម កម្ពុជា និងឡាវជាប្លុកដែលសាកឥទ្ធិពលចិនចុះមកភាគខាងត្បូង។ ខ្មែរក្រហមទទួលបរាជ័យទាំងស្រុង។ អន្តរជាតិថ្កល់ទោសបទឧក្រិដ្ឋប្រល័យពូជសាសន៍របស់ប៉ុលពត។ វៀតណាមបរាជ័យដាក់កម្ពុជាជារដ្ឋរណបខ្លួនជាមួយនឹងធនធាន និងការប្រឹងប្រែងដែលគេចំណាយអស់រយៈពេល១៣ឆ្នាំ។

ប័ណ្ឌបោះឆ្នោតសម័យអ៊ុនតាក់

តើអ្នកណាជាបិតា ឬជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាព២៣តុលា១៩៩១?
ចំលើយគឺគ្មានអ្នកណាជាស្ថាបនិកផ្តាច់មុខទេ។ ទាំងភាគីកម្ពុជាទាំង៤ ទាំងមហាអំណាចធំៗ ទាំងភាគីអាស៊ាន សុទ្ធតែបានប្រឹងប្រែងពីចំណែករបស់ខ្លួនដើម្បីសំរេចកិច្ចព្រមព្រៀងនេះបាន ខ្វះភាគីណា១ក៏មិនបាន។ បារាំងជាអ្នកអញ្ជើញឱយភាគីពាក់ព័ន្ធទាំងឡាយមកចូលតុចរចារ។ រដ្ឋមន្ត្រីការបទេសរបស់បារាំង Roland Dumas និងរដ្ឋមន្ត្រីកាបរទេសឥណ្ឌូណេស៊ី Ali Alatas ជាសហប្រធានក្នុងកិច្ចចរចារ។ អាស៊ាន និងមហាអំណាចជួយឱយមានរដ្ឋាភិបាលរួបរួមជាតិ CGDK (៣ភាគី)​ ចុះកិច្ចព្រមព្រៀងនៅម៉ាឡេស៊ី និងក្រោយមកឱយមានគណៈកម្មការជាតិកំពូល Supreme National Council (SNC មាន១២នាក់ជាសមាជិក) ខ្មែរទាំង៤ភាគីចូលគ្នាដែលមានសម្តេចសីហនុជាប្រធាន​ ចុះកិច្ចព្រមព្រៀងនៅឥណ្ឌូណេស៊ី។

ការតាំងបង្ហាញរបស់អង្គការក្រៅរដ្ឋាភិបាល

ចំណុចសំខាន់ៗរបស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា១៩៩១ មាន៖
– ការដកកងទ័ពបរទេស និងអាវុធយុត្តិភ័ណ្ឌរបស់ពួកគេចេញពីកម្ពុជាឱយអស់ ហើយធានាឱយបានឯករាជ្យភាព អធិប្បតេយ្យភាព​ និងអព្យាក្រឹត្យភាពរបស់កម្ពុជា។
– ការវិលត្រឡប់មកកម្ពុជាវិញរបស់ជនភៀសខ្លួនដែលរត់គេចពីសង្គ្រាម ដោះលែងឈ្លើយសង្គ្រាម និងអ្នកជាប់ឃុំនយោបាយកាលនោះ។
– តួនាទីរបស់អ៊ុនតាក់នៅកម្ពុជាក្នុងអន្តរកាល១៩៩១ដល់១៩៩៣។
– ជួយកសាង និងស្តារកម្ពុជាឡើងវិញ។
– រដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជាត្រូវយកតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស (Liberal Democracy) ។
– ជំរុញឱយម្ចាស់ហត្ថលេខីទាំងអស់សង្កេត និងជំរុញដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ទុកសិទ្ធិឱយប្រជាជនជ្រើសយកជោគវាសនាអនាគតរបស់ពួកគេដោយខ្លួនឯងតាមរយៈការបោះឆ្នោតដោយយុត្តិធម៌។

ការបោះឆ្នោតរៀបចំដោយអ៊ុនតាក់

ក្នុងកិច្ចព្រមព្រៀងមិនបានចែងពីកាលកំណត់នៃប្រសិទ្ធិភាពរបស់វាទេ ហើយក៏ឥតមានចែងពីការតំរូវឱយមានឈ្មោះគណៈបក្សមួយណា ឬក្រុមនយោបាយណាមួយឱយចូលរួមក្នុងឆាកនយោបាយកម្ពុជាដែរ។ លោកលី ក្វាន់យូបានបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍នៅថ្ងៃ៥ និង៦កក្កដា ១៩៩៧ សំណើរកម្ពុជាសុំចូលជាសមាជិកអាស៊ានត្រូវបានផ្អាក តែត្រូវសំរេចឱ្យចូលនៅខែមេសាឆ្នាំ១៩៩៩វិញ ដែលនេះបញ្ជាក់ថាគ្មានប្រទេសណាចង់ចំណាយទឹកប្រាក់ជាង២ពាន់លានដុល្លាឱ្យទៅអង្គការសហប្រជាជាតិដើម្បីរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តធម៌នៅកម្ពុជាទៀតឡើយ។

ការិយាល័យបោះឆ្នោតរៀបចំដោយ UNTAC ឆ្នាំ១៩៩៣ (រូបភាព ៖ BBC)

តើកិច្ចព្រមព្រៀងនេះនៅតែមានជាប្រសិទ្ធិភាព ឬក៏វាហួសសម័យទៅហើយ? បើយោងតាមអ្នកឯកទេសភូមិសាស្ត្រនយោបាយតំបន់ជាច្រើន សង្គ្រាមបង្ហូរឈាមគ្នានៅកម្ពុជាជាផ្នែកមួយនៃសង្គ្រាមមនោគមន៍វិជ្ជា ឬសង្គ្រាមត្រជាក់ដែលមានមហាអំណាចជាច្រើនពាក់ព័ន្ធ។ រកដំណោះស្រាយដើម្បីបិទបញ្ចប់ជំលោះបង្ហូរឈាមនៅកម្ពុជាកាលនោះជាផ្នែកមួយនៃការបិទបញ្ចប់សង្គ្រាមត្រជាក់។

តើបញ្ហានយោបាយនៅកម្ពុជាសព្វថ្ងៃជាផ្នែកមួយនៃសង្គ្រាមត្រជាក់ទៀតទេ? តើរឿងដែលកើតនៅកម្ពុជាជាគំរាមដល់សន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចកាលវៀតណាមលើកកងទ័ពចូលមកកម្ពុជាទៀតទេ? តើរឿងអ្នកនយោបាយខ្មែរឈ្លោះគ្នា និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាជាអទិភាពសំខាន់ជាងកំណើនសេដ្ឋកិច្ចស្រុកគេទាំងនោះទេ?

រូបភាព៖​ From the Killing Field, PeterJennings, ABC, ប្រែសំរួលពីសៀវភៅ From the third World to the First របស់លោកលី ក្វាន់យូ

ប្រភពដើមបកប្រែ និងកែសម្រួល ៖ divakaradot.wordpress.com ភាគ១ និង ភាគ២

បញ្ចេញមតិយោបល់អ្នក