សំណេរក្មួយបង្កើតរបស់លោក ឈុត វុទ្ធី ដែលត្រូវឃាតករបាញ់ សម្លាប់ក្នុងព្រៃឡង់កាលពី ៧ ឆ្នាំមុន

សំណេរដ៏កំសត់របស់លោក ឆឺយ ប៊ុនធឿន ដែលត្រូវជាក្មួយប្រុសរបស់លោក ឈុត វុទ្ធីត្រូវបានសរសេរបង្ហោះជាសាធារណៈដែលរៀបរាប់ពីអារម្មណ៍ក្ដុកក្ដួលរបស់លោក ដែលបានរៀបរាប់ពីខ្សែសាច់រឿង ពាក់ព័ន្ធនឹងដំណើរដែលលោកត្រូវាបានឃ្លាតឆ្ងាយពីលោក ឈុត វុទ្ធី ដែលត្រូវជាពូរបស់លោក ដែលត្រូវបានគេបាញ់សម្លាប់ក្នុងព្រៃឡង់ ខេត្តកោះកុង 26 មេសា 2012 ដែលត្រូវជា ៧ឆ្នាំមុននៅថ្ងៃដែលលោក ឆឺយ ប៊ុនធឿនបានសរសេរ ដែលមានសំណេរដូចខាងក្រោម ៖

ថ្ងៃនេះ ម៉ោងនេះ 7ឆ្នាំមុន ខ្ញុំបានទទួលទូរសព្ទ័មួយពីសកម្មជនព្រៃឡង់ដែលបានប្រាប់និងសួរខ្ញុំថា “ខ្ញុំឮថា លោកពូ ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ក្នុងព្រៃ?” ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រាប់ទៅគាត់វិញថា ខ្ញុំមិនបានដឹងទេ ចំាមើល៍ខ្ញុំតេទៅគាត់ (ឈុត វុទ្ធី)។ លេខបីបួនខ្សែរបស់គាត់ ក្រៅពីតេមិនចូល គឺគ្មានអ្នកណាលើក។ ខ្ញុំកាន់តែបុកពោះខ្លាំងឡើងៗ ហើយក៏ផ្ញើសាមួយទៅកាន់ពូខ្ញុំ “Dear uncle! Where are you now? Are you ok?” ហើយតាំងពីពេលនោះមក គឺគ្មានការឆ្លើយតបពីគាត់ រហូតមកដល់ម៉ោងនេះនិងតទៅមុខទៀតដែលគ្មានថ្ងៃនឹងបានទទួលសារឆ្លើយតបពីគាត់មកវិញជារៀងរហូត។ 

ខ្ញុំបានតេទៅបងជីដូនមួយខ្ញុំដែលកំពុងធ្វើការនៅខេត្តពោធិ៍សាត់អំពីដំណឹងលោកមា។ បងខ្ញុំ គាត់ប្រាប់ថា “គាត់ទើបតែជួបពូព្រឹកម៉ិញតើ”ដំណឹងនេះធ្វើអោយខ្ញុំសប្បាយចិត្តបន្តិច……

ប្រហែលមួយម៉ោងក្រោយមក បងខ្ញុំបានតេមកប្រាប់ខ្ញុំជាមួយនឹងសំលេងកំប៉ុតថ្មុយថា “ពូស្លាប់បាត់ហើយ……..” ទឹកភ្នែកក៏ចាប់ផ្តើមហូរមកទាំងមិនដឹងខ្លួន……….ពេលនោះម្តាយរបស់ខ្ញុំបានសួរខ្ញុំថា “ពូឯងម៉េចហើយ?”

ខ្ញុំអ៊ួលដើម ក និយាយស្ទើរតែមិនចេញប្រាប់ទៅម្តាយខ្ញុំវិញថា #ពូស្លាប់ហើយ………..ម្តាយខ្ញុំ ស្រែកខ្លាំងៗថា ឱ!ប្អូនអើយប្អូន………..! នៅក្នុងព្រៃតែម្នាក់ឯង…………ចំណែកឪពុករបស់ខ្ញុំ ស្ទើរតែមិនចេញស្តីជាមួយនឹងទឹកមុខស្រងូតស្រងាត់….រួចពួកយើងក៏រៀបចំឥវ៉ាន់ឡើងពីបឹងឈូកមកជួយរៀបចំបុណ្យសពគាត់ទាំងក្តីក្តុកក្តួលរៀងៗខ្លួន……..

ឪពុកខ្ញុំ៖ អញហាមវាហើយហាមទៀត អញឮដំណឹងមកមិនស្រួលតាំងពីយូរហើយ តែវាមិនស្តាប់អញ…………….ព្រឹត្តិការណ៍នេះវាដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំរហូតមកដល់ពេលនេះ…!!! 

អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺការចូលរួម (លុយកាក់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា ហើយបើចាំបាច់ ចូលទាំងជីវិតទៀត) ដើម្បីកសាងអោយបានដាច់ខាត់នូវ #មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ តាមរយៈការដាក់អោយ បាននូវយន្តការ៨ចំនុចរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (http://www.camldp.org) ចូលទៅក្នុងប្រពន្ធ័នៃការដឹកនាំរដ្ឋ។លោកមា! 7ឆ្នាំហើយដែលពួកយើងបែកគ្នា។

សំណេររបស់លោក ឆឺយ ប៊ុនធឿន (FB : Bunthoeurn Chhoeuy)
លោក ឈុត វុទ្ធី កាលមិនទាន់ស្លាប់
បញ្ចេញមតិយោបល់អ្នក