ប្រជាពលរដ្ឋខ្មែរជាច្រើនដែលតាមដានព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តព្រះសីហនុ ដែលបានរលំអាគាររហូតចុះផ្សាយពេញពិភពលោក ពួកគេមិនយល់អំពីការដំឡើងឋានន្ដរសក្ដិផ្កាយ ៤ ដល់លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាច្រមុះជាភ្នែកនៃខេត្តនោះ មុនពេលមានអាគាររលំ តែបែរជាដំឡើងសក្ដិទៅវិញ និងស្នើរសុំឲ្យមានការបកស្រាយឲ្យបានច្បាស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ ទាំងព័ត៌មានក្នុងស្រុក និងក្រៅស្រុក ប្រជាពលរដ្ឋខ្មែរបានប្រតិកម្មចំពោះការស្លាប់របស់មនុស្សជាង ២០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងហេតុការណ៍ដួលរលំអាគារនៅខេត្តព្រះសីហនុ ដែលមានកំពស់អាគាររហូតដល់ ៧ ជាន់ ដែលមនុស្សគ្រប់គ្នាបានដឹងថា អាគារនោះពុំមានច្បាប់សាងសង់នោះទេ ។ ទន្ទឹមនឹងការសាងសង់គ្មានច្បាប់ទម្លាប់បែបនេះ លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាទឹកដីខ្លាញ់របស់ជនជាតិចិន បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានចុះហាមឃាត់ ២ ដងហើយ ប៉ុន្តែសំណង់នៅតែមិនព្រមបញ្ឈប់ និងចេះតែបន្ដរហូតបាន ៧ ជាន់ និងមានការដួលរលំបែបនេះទៅ ។ ប៉ុន្តែហេតុផលជុំវិញការសាងសង់ខុសច្បាប់រហូតដល់ ៧ ជាន់នេះ ពុំមាននណាម្នាក់អាចបកស្រាយឲ្យបានច្បាស់លាស់នោះទេ ដែលអ្នកតាមដានព័ត៌មាន និងមតិពិសេសមកពីគណបក្សប្រឆាំង បានលើកឡើងថា ជាការស៊កប៉ាន់ និងយកលុយក្រៅផ្លូវការ ទើបអាគារនោះសាងសង់បាន ៧ ជាន់យ៉ាងដូច្នេះ ពុំមែនគ្មានច្បាប់អនុញ្ញាតិ ចេះតែសាងសង់បាននោះទេ